ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ូ​មើ​ត ធ្វើ​ឱ្យ​កក្រើក​ពិភពលោក​ទៀត​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ​ប្រណាំង​ម៉ូតូ​ទឹក សាលី អ៊ូ​មើ​ត បាន​បង្កើត​ការ​ភ្ញាក់ផ្អើល​សា​ជា​ថ្មី​ម្ដងទៀត​ហើយ បន្ទាប់​ពី​ដណ្ដើម​បាន​ជើងឯក​ពានរង្វាន់​អន្តរជាតិ​King Cup-Jet Ski World…

រាជធានី​ភ្នំពេញ ៖ កីឡាករ​ប្រណាំង​ម៉ូតូ​ទឹក សាលី អ៊ូ​មើ​ត បាន​បង្កើត​ការ​ភ្ញាក់ផ្អើល​សា​ជា​ថ្មី​ម្ដងទៀត​ហើយ បន្ទាប់​ពី​ដណ្ដើម​បាន​ជើងឯក​ពានរង្វាន់​អន្តរជាតិ​King Cup-Jet Ski World Cup2018 នៅ​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​៩ ធ្នូ​ដែល​មាន​កីឡាករ​មក​ពី​ជុំវិញ​ពិភពលោក​ជាង​៥០​ប្រទេស​ចូលរួម​។

តាម​ការ​ឱ្យ​ដឹង​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា បាន​បញ្ជាក់​ថា​ជ័យជម្នះ​របស់​កីឡាករ​ជើង​ខ្លាំង សាលី អ៊ូ​មើ​ត កើត​មាន​ឡើង​នៅ​ពេល​គេ​ធ្វើ​បាន​សម្រេច​លើ​វិញ្ញាសា Ski Modifier ជា​វិញ្ញាសា​​ដែល​រូបគេ​ទើបតែ​ដណ្ដើម​បាន​មេដាយមាស​កីឡា Asian Games លើក​ទី​១៨ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី និង​ការ​ដណ្ដើម​បាន​ជើងឯក​រង​ក្នុង​ការ​ប្រកួត​កម្រិត​ពិភពលោក នៅ​សហរដ្ឋអាមេរិក​កាលពី​ពេល​ថ្មី​ៗ​មកនេះ​។

ហើយ​អ្វី​ដែល​ជា​មោទនភាព​ខ្លាំង​ចំពោះ​ការ​ដណ្ដើម​ជើងឯក​ក្នុង​ពេល​នេះ គឺ​សាលី អ៊ូ​មើ​ត បាន​បញ្ចប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ចំនួន​៤​ជុំ ជាមួយនឹង​ចំណាត់ថ្នាក់​លេខ​១ គ្រប់​ជុំ​ទាំងអស់​។ ជាង​នេះ​ទៅ​ទៀត​នៅ​មាន​កីឡាករ​កម្ពុជា​ម្នាក់​ទៀត គឺ ម៉ី​ន មូស​ស្តា​ន ក៏​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​៣ លើ​វិញ្ញាសា Ski Modifier នេះ​ផង​ដែរ ហើយ​មុន​ពេល​ដែល​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​៧ ធ្នូ កន្លង​ទៅ​នេះ កីឡាករ មូស​ស្តា​ន ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​៣ លើ​វិញ្ញាសា Amateur Ski limited រួច​មក​ហើយ​។

គួ​រំលឹក​ផង​ដែរ​ថា កីឡាករ​ម៉ូតូ​ទឹក​កម្ពុជា​ទាំង​២​រូប​នេះ សព្វថ្ងៃ​កំពុង​តែ​ធ្វើ​ឱ្យ​ពិភពលោក​មានការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង តាម​រយៈ​ការ​ប្រកួតប្រជែង​ដណ្ដើម​បាន​ជ័យជម្នះ​ជា​បន្តបន្ទាប់​នៅ​លើ​ឆាក​អន្តរជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ