ខេត្តសៀមរាប ៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា បានថ្លែងនៅក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានកម្ពុជា តាមបណ្ដាក្រុមហ៊ុនដែលជាការវិនិយោគរបស់អឺរ៉ុបក្នុងខេត្តសៀមរាបថា លោកពិតជារីករាយ ដែលបានឃើញក្រុមហ៊ុនរបស់សហភាពអឺរ៉ុប នាំមុខគេក្នុងការវិនិយោគថាមពលបៃតងនៅកម្ពុជា និងបានគិតគូរយ៉ាងខ្លាំងពីបរិស្ថាននៅក្នុងប្រទេសកម្ពុជា ។
លោក George Edgar បានបន្តថា ក្រុមហ៊ុនរបស់សហភាពអឺរ៉ុប ដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ត្រូវតែមានទំនួលខុសត្រូវទៅលើសង្គម ទាំងមនុស្ស និងបរិស្ថាន ។ លោកថ្លែងថា ៖« ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់ កាំបូដ (Total Cambodge ) ដំបូងឡើងគ្រាន់តែលក់ប្រេងឥន្ធនៈសម្រាប់បំពេញតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងកម្ពុជាប៉ុណ្ណោះ ក៏ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនក៏បានបន្ថែមការវិនិយោគរបស់ខ្លួនលើប្រព័ន្ធថាមពលប្រើពន្លឺព្រះអាទិត្យថែមទៀតផង ដែលអាចកាត់បន្ថយនូវការបំភាយឧស្ម័នអាក្រក់ៗ និងអាចទាញយកពន្លឺព្រះអាទិត្យមកប្រើជាថាមពល ដែលជាថាមពលកកើតឡើងវិញ យ៉ាងមានប្រសិទ្ធភាពផងដែរ »។ លោកឯកអគ្គរដ្ឋទូតបន្ថែមថា ៖« ការបន្ថែមវិនិយោគលើប្រព័ន្ធសូឡារបស់តូតាល់នៅក្នុងប្រទេសកម្ពុជា គឺជាការយកចិត្តទុកដាក់ និងធ្វើឲ្យប្រសើរឡើងនូវបរិស្ថាន ខណៈសាកលលោកទាំងមូលក៏កំពុងមានការព្រួយបារម្ភពីបរិស្ថាននេះដែរ » ។ លោកទូតបន្ថែមថា លោកនឹងជំរុញឲ្យវិនិយោគិនសហភាពអឺរ៉ុប ដែលវិនិយោគនៅក្នុងប្រទេសកម្ពុជា ត្រូវតែបន្តទទួលខុសត្រូវនូវការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសនេះ ដើម្បីធានាឲ្យបាននូវសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ។
នាយករងប្រតិបត្តិក្រុមហ៊ុនតូតាល់ កាំបូដ លោក ម៉ម សំអាត បានឲ្យដឹងដែរថា ការបន្ថែមវិនិយោគរបស់តូតាល់លើប្រព័ន្ធសូឡា នៅក្នុងប្រទេសកម្ពុជា ដោយសារតែបានមើលឃើញថា នៅលើពិភពលោកនេះកំពុងមានការព្រួយបារម្ភពីការបម្រែបម្រួលអាកាសធាតុ ហើយតូតាល់ក៏បានកំណត់ចក្ខុវិស័យរបស់ខ្លួន ជាក្រុមហ៊ុននាំមុខខាងថាមពលបៃតង (Green Energy ) ទើបក្រុមហ៊ុនបានមើលឃើញពីឱកាស និងការចូលរួមឲ្យសហគ្រាសធំៗងាកមកប្រើថាមពលបៃតងជំនួសវិញ ។ លោកបន្តថា តូតាល់សូឡា គឺជាគម្រោងធំរបស់តូតាល់ កាំបូដ ហើយជំហានដំបូងក្រុមហ៊ុននឹងធ្វើការតែជាមួយបណ្ដាក្រុមហ៊ុនសហគ្រាសធំៗនៅក្នុងប្រទេសកម្ពុជា ដើម្បីកែប្រែឲ្យពួកងាកមកប្រើថាមពលបៃតងជំនួសវិញ ។ លោកថា ៖« បច្ចុប្បន្ននេះ យើងបាននិងកំពុងទាក់ទងទៅដៃគូរបស់យើង និងកំពុងរៀបចំបែបបទ និងសិក្សាពីការដំឡើងថាមពលសូឡាជូនពួកគាត់ប្រើប្រាស់ ហើយក៏មានក្រុមហ៊ុនសហគ្រាសជាច្រើនបានចាប់អារម្មណ៍ជាមួយយើងក្នុងការដំឡើងប្រពន្ធ័ថាមពលពន្លឺព្រះអាទិត្យដែរ » ។ លោកបន្ថែមថា ការប្រើប្រាស់ថាមពលពន្លឺអាទិត្យសូឡា នេះបានជួយច្រើនដល់អ្នកប្រើប្រាស់ ហើយវាអាចសន្សំសំចៃថាមពលរហូតដល់ជាង២៥%ឯណោះ ជាពិសេសនោះវាមិនបំភាយឧស្ម័ននិងកំដៅដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថានឡើយ ។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យវិនិយោគិនវិនិយោគលើថាមពលកកើតឡើងវិញបន្ថែម ដើម្បីរក្សាបរិស្ថានល្អ ក្នុងនោះ មានក្រុមហ៊ុនក្រៅស្រុកមួយចំនួនបានមកសិក្សា ពីលទ្ធភាព នៃការវិនិយោគថាមពលកកើតឡើងវិញនេះ ជាពិសេសថាមពលពន្លឺព្រះអាទិត្យ ក៏ប៉ុន្ដែរហូតមកដល់ពេលនេះ មានក្រុមហ៊ុនតិចតួចប៉ុណ្ណោះ ដែលបានចាប់ផ្ដើមអនុវត្តនូវគម្រោងថាមពលបៃតងនេះ ៕
ចែករំលែកព័តមាននេះ