ប្រទេសអីុរ៉ង់ ៖ បណ្ដាសារព័ត៌មានអីុរ៉ង់រាយការណ៍ថា ប៉ូលិសយ៉ាងតិច២នាក់បានត្រូវស្លាប់ក្នុងការវាយប្រហារអត្តឃាត ប្រើរថយន្តផ្ទុកគ្រឿងផ្ទុះដែលក៏បណ្ដាលឲ្យមនុស្ស៤៨នាក់រងរបួសផងដែរ កាលពីថ្ងៃទី៦ធ្នូនៅអីុរ៉ង់គឹក្នុងក្រុងកំពង់ផែCHABAHARជិតព្រំដែនជាមួយប៉ាគីស្ថាន។
មុននេះលោកRAHMDEL BAMERI អភិបាលស្ដីទីក្រុងCHABAHARបញ្ជាក់ថា ប៉ូលិសបានបញ្ឈប់រថយន្តនោះហើយចាប់បាញ់ទៅលើអ្នកបើក ដែលបានធ្វើឲ្យរថយន្តរបស់គេផ្ទុះ នៅជិតទីស្នាក់ការប៉ូលិសក្រុង។
យោងតាមទីភ្នាក់ងារព័ត៌មានអីុរ៉ង់IRNAថា ការវាយប្រហារនេះប្រកាសទទួលខុសត្រូវដោយក្រុមជីហាដស៊ុននីត ANSAR AL FOURKAN។ ក្រុងកំពង់ផែCHABAHARស្ថិតក្នុងខេត្តស៊ីស្តានបាលូតជិស្ថានដែលមានពួកស៊ុននីតភាគច្រើន ចាប់តាំងពីយូរមកហើយតែងមានចលាចល ទាក់ទិននឹងការរត់ពន្ធគ្រឿងញៀននិងភាពតានតឹងបំបែកខ្លួននិយម។
កាលពីឆ្នាំ២០១០ការវាយប្រហារអត្តឃាត២ប្រឆាំងព្រះវិហារស៊ីអីុតមួយ ក្នុងតំបន់នោះបណ្ដាលឲ្យមនុស្សស្លាប់២៨នាក់។ ការវាយប្រហារនោះប្រកាសទទួលខុសត្រូវ ដោយក្រុមបំបែកខ្លួននិយមស៊ុននីត JUNDULLAH។
អីុរ៉ង់បានពង្រឹងសន្តិសុខនៅក្នុងបណ្ដាតំបន់ព្រំដែន ចាប់តាំងពីការបាញ់ប្រហារ បណ្ដាលឲ្យមនុស្សស្លាប់២៥នាក់ នាឱកាសនៃក្បួនព្យុហយាត្រាយោធាមួយនៅទីក្រុងAHVAZ នាភាគនិរតីប្រទេសកាលពីខែកញ្ញាកន្លងទៅ។ កាលពីឆ្នាំទៅមិញមនុស្ស១៨នាក់ស្លាប់ ដោយសារការវាយប្រហារមួយរបស់ក្រុមរដ្ឋអីុស្លាម ប្រឆាំងសភានិងវិមានតម្កល់សពលោកអាយ៉ាតុលឡាហ៍ខូមីនី៕
ចែករំលែកព័តមាននេះ