ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំឡូង​មី​រក្សា​បាន​តម្លៃ​ខ្ពស់ និង​ទីផ្សារ​ល្អ​រយៈពេល​ពេញ​1​ឆ្នាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​ចុងឆ្នាំ​២០១៧ រហូត​ដល់​ចុងឆ្នាំ​២០១៨​នេះ ដំឡូង​មី​នៅ​តែ​រក្សា​បាន​តម្លៃ​ថេរ និង​មាន​ទីផ្សារ​ល្អ ធ្វើ​ឱ្យ​អ្នក​ផលិត​សប្បាយ​រីករាយ​គ្រប់​ៗ​គ្នា ។ បើ​តាម​ពលរដ្ឋ​ជា​ច្រើន​ដែល​ប្រកប​របរ​ដាំដំឡូង​មី នៅ​ក្រុងប៉ៃលិន…

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​ចុងឆ្នាំ​២០១៧ រហូត​ដល់​ចុងឆ្នាំ​២០១៨​នេះ ដំឡូង​មី​នៅ​តែ​រក្សា​បាន​តម្លៃ​ថេរ និង​មាន​ទីផ្សារ​ល្អ ធ្វើ​ឱ្យ​អ្នក​ផលិត​សប្បាយ​រីករាយ​គ្រប់​ៗ​គ្នា ។

បើ​តាម​ពលរដ្ឋ​ជា​ច្រើន​ដែល​ប្រកប​របរ​ដាំដំឡូង​មី នៅ​ក្រុងប៉ៃលិន បាន​អះអាង​ថា តម្លៃ​ដំឡូង​មី​ឡើង​ខ្ពស់​ចាប់តាំងពី​ចុងឆ្នាំ​២០១៧ ហើយ​បន្ត​រហូត​មក​ដល់​ចុងឆ្នាំ​២០១៨​នេះ ក៏​នៅ​តែ​ថេរ​ដដែល ព្រមទាំង​មាន​ទីផ្សារ​ល្អ​ទៀត​ផង ពោល​គឺ​មិន​ហើមស្រក​ៗ​ដូច​រៀង​រាល់​ឆ្នាំ​នោះ​ទេ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ។

លោក អយ គឹ​ម​ហូ​យ កសិករ​ដាំដំឡូង​មី​លើ​ផ្ទៃដី​ទំហំ​៤​ហិ​កតា នៅ​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​ឲ្យ​ដឹង​ថា លោក​ដាំដំឡូង​មី​រាប់​ឆ្នាំ​មក​ហើយ មិន​ដែល​ឃើញ​តម្លៃ​នៅ​ថេរ​ដូច​ឆ្នាំ​នេះ​ទេ គឺ​តែងតែ​ឡើង​ចុះ​ៗ ហើយ​ការ​ប្រមូល​ទិញ​ក៏​ដូច​គ្នា ។ លោក​ថា ៖« នៅ​ពេល​ដល់​រដូវ​ប្រមូល​ផល​ពេញលេញ ឈ្មួញ​តែងតែ​និយាយ​ពី​ហេតុផល​នេះ​ហេតុផល​នោះ​ជាដើម តែ​ឆ្នាំ​នេះ សូ​ម្បី​តែ​ដំឡូង​មិន​ទាន់​ដាក់​ម្សៅ​ល្អ ក៏​ប្រមូល​ទិញ​ទាំងអស់​ដែរ »​។ លោក​បន្ដ​ថា ដោយសារ​ឆ្នាំ​នេះ​ដំឡូង​មី​មាន​ទីផ្សារ ហើយ​តម្លៃ​ក៏​ខ្ពស់​ផង​នោះ ធ្វើ​ឲ្យ​អ្នក​ដាំ​សប្បាយចិត្ត​យ៉ាង​ខ្លាំង ។ លោក​ថា ៖« ឥឡូវនេះ ខ្ញុំ​មិន​ត្រឹមតែ​លក់​មើម​ទេ សូ​ម្បី​តែ​ដើម​ក៏​មាន​បងប្អូន​មក​ទិញ​យក​ទៅ​ដាំ​បន្ដ​ដែរ »​។ លោក អយ គឹ​ម​ហូ​យ បញ្ជាក់​ថា ៖« តម្លៃ​ដំឡូង​មី​ស្រស់​បច្ចុប្បន្ន ក្នុង​១​គីឡូក្រាម ឈ្មួញ​ទិញ​២,២​ទៅ​២,៣​បាត ស្មើនឹង​ប្រមាណ​ជាង​២០០​រៀល ដែល​ជា​តម្លៃ​មួយ​អាច​ទទួលយក​បាន បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ តម្លៃ​ត្រឹមតែ​០,៩ ទៅ​១​បាត​ប៉ុណ្ណោះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ស្ទើរតែ​ពេញ​ខេត្ត​ប៉ៃលិន​ជំពាក់​បំណុល​គេ រហូត​ដល់​អ្នកខ្លះ​ប្រកាស​លក់​ដីចម្ការ និង​ដី​ផ្ទះសម្បែង ថែម​ទៀត​ផង ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ដោយសារ​តម្លៃ​ដំឡូង​មី​ស្ទុះ​ឡើង​វិញ ទើប​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​សងបំណុល​គេ​ជិត​រួចរាល់​អស់ ហើយ​ដែរ ហើយ​អ្នកខ្លះ​ក៏​ដោះ​ស្លាក​ប្រកាស​លក់​ដី​របស់​ខ្លួន​ចេញ​វិញ​ដែរ »​។ លោក​បន្ថែម​ថា ៖« ប្រសិនបើ​ដំឡូង​មី​បន្ដ​រក្សា​បាន​ទីផ្សារ​ល្អ និង​តម្លៃ​ខ្ពស់​ច្រើន​ឆ្នាំ​បន្ដ​ទៀត នឹង​ធ្វើ​ឲ្យ​ជីវភាព​កសិករ​ល្អ​ប្រសើរ​ឡើង​វិញ ពិសេស​បន្ទាប់​ពី​សងបំណុល​គេ​អស់ »​។

ស្រ​ដៀង​គ្នា​នេះ​ដែរ លោក ឡុ​ង ស្រី នៅ​ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បានឱ្យ​ដឹង​ដែរ​ថា តម្លៃ​ដំឡូង​មីនា​ពេល​នេះ​ពិតជា​ថ្លៃ​ខ្ពស់​រហូត​ដល់​១​គីឡូក្រាម តម្លៃ​២,៥​បាត​ឯណោះ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កំពុង​តែ​សប្បាយចិត្ត ពេល​ឃើញ​តម្លៃ​ទីផ្សារ​ដំឡូង​ឡើងថ្លៃ ដោយ​ម្នាក់​ៗ​ត្រៀមខ្លួន​ជា​ស្រេច​នឹង​ហៅ​កម្មករ​ចុះ​ទៅ​ប្រមូល​ផល​ទាំង​ចាស់​ទាំង​ខ្ចី ព្រោះ​ឈ្មួញ​ប្រមូល​ទិញ​ទាំងអស់ ខុស​ពី​ឆ្នាំ​មុន​ៗ »​។

ដំឡូង​មី​ជា​ដំណាំ​ក​សិ​-​ឧស្សាហកម្ម អាទិភាព​មួយ​របស់​កម្ពុជា បន្ទាប់​ពី​ដំណាំ​ស្រូវ ។ កាលពី​ឆ្នាំ​២០១៧ កម្ពុជា​បាន​ក្លាយជា​ប្រទេស​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​៨ ក្នុង​ចំណោម​ប្រទេស​ផលិត​ដំឡូង​មី​ធំ​ៗ​ទាំង​១០ នៅ​លើ​ពិភពលោក និង​បាន​នាំ​ចេញ​ចំណិត​ដំឡូង​មី​ស្ងួត​ទៅ​កាន់​ទីផ្សារ​បរទេស​ប្រមាណ​ជាង​២,៣​លាន​តោន ខណៈ​ដែល​ការ​នាំ​ចេញ​ដំឡូង​មី​ស្រស់ មាន​ចំនួន​ជាង​៧៥​ម៉ឺន​តោន ក្នុង​នោះ​ប្រទេស​ថៃ និង​វៀតណាម ត្រូវ​បាន​ចាត់​ទុក​ថា ជាទី​ផ្សារ​ធំ​បំផុត​ក្នុង​ការ​នាំ​ចេញ ខណៈ​ទីផ្សារ​នាំ​ចេញ​ទៅ​ប្រទេស​ចិន ហាក់​មាន​តិចតួច​នៅឡើយ ។ ទោះជា​យ៉ាងនេះ​ក្ដី កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា កន្លង​មក ក្រុមហ៊ុន ស៊ី​ង​សុង អុ​ី​ន​ដាស​ស្ទ្រៀ​ល ខេ​ម​បូ​ឌា ដែល​កំពុង​វិនិយោគ​លើ​ការ​កែ​ច្នៃ​ម្សៅដំឡូង​មី​នៅ​កម្ពុជា បាន​នាំ​ចេញ​ផលិតផល​ម្សៅដំឡូង​មី​ចំនួន​៣៨០​តោន​ពី​ខេត្តក្រចេះ​ជា​លើក​ដំបូង​ទៅ​កាន់​ក្រុមហ៊ុន​China Group (SINOMA) តាម​រយៈ​កំពង់​ផែ​ហូ​ជី​មិ​ញ របស់​ប្រទេស​វៀតណាម ។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​ថា និន្នាការ​និង​ការ​រំពឹង​ទុក​បាន​បង្ហាញ​ថា តម្រូវការ​ដំឡូង​មី​សម្រាប់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក នឹង​មាន​កំណើន​កាន់តែ​ខ្ពស់ ដែល​នេះ​គឺជា​កាលានុវត្តភាព​ថ្មី​សម្រាប់​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​សង្វា​ក់​តម្លៃ​ដំឡូង​មី តាម​រយៈ​ការ​ពង្រឹង និង​ពង្រីក​ផលិតកម្ម ការ​កែ​ច្នៃ​ចំណិត​ដំឡូង​មី និង​សមត្ថភាព​នាំ​ចេញ សំដៅ​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​នា​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ