ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជញ្ជីង​យុត្តិធម៌​ផ្អៀង​ហើយ​លោក​ម្ចាស់​!…ធ្ងន់​ម្ខាង​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​មួយ​ខ្យែ ក្នុងភូមិ​ត្រពាំង​ចិ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ផ្ទុះ​ការ​តវ៉ា ខណៈ​ដែល អាជ្ញាធរ​សង្កាត់​បាន​ចាប់ផ្តើម​កសាង​ផ្លូវ​ថ្មី នៅ​ចំណុច​ខាងលិច​រោងចក្រ…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​មួយ​ខ្យែ ក្នុងភូមិ​ត្រពាំង​ចិ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ផ្ទុះ​ការ​តវ៉ា ខណៈ​ដែល អាជ្ញាធរ​សង្កាត់​បាន​ចាប់ផ្តើម​កសាង​ផ្លូវ​ថ្មី នៅ​ចំណុច​ខាងលិច​រោងចក្រ M.V មិន​ធ្វើ​ចំកណ្តាល​អោយ​ស្មើ​ទាំង​សងខាង បែរជា​ទុក​មួយ​ចំហៀង ធ្វើ​តែ​មួយ​ចំហៀង​ទៅ​វិញ ដោយ​សង្ស័យ​ថា អាជ្ញា​ធរមាន​គោលបំណង​យក​ចំណី​ផ្លូវ​ដែល​នៅ​សេសសល់ លក់​ទៅ​អោយ​បុគ្គល​ណា​ម្នាក់ ។ ហេតុការណ៍​នេះ​បាន​ផ្ទុះ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែធ្នូ ខណៈ​ដែល​ក្រុមហ៊ុន​កំពុង​ចាក់​ដីក្រហម​ធ្វើ​ផ្លូវ​ថ្មី ។

ប្រជាពលរដ្ឋ​អ្នក​តវ៉ា​បាន​លើក​ឡើង​ថា ផ្លូវ​ដែល​អាជ្ញាធរ​សង្កាត់​កំពង់ឆ្នាំង កំពុង​តែ​កសាង​ឡើង​វិញ​នៅ​ខាងលិច​រោងចក្រ​អឹ​ម​វ៉េ គឺជា​ផ្លូវ​ចាស់​មិនសូវ​មាន​អ្នក​ធ្វើ​ដំណើរ​នោះ​ទេ ដុះ​ព្រៃ​ស៊ុបទ្រុប ។  ផ្លូវ​នេះ​មាន​ប្រវែង​១៩៦​ម៉ែត្រ មាន​ទទឹង​១៥​ម៉ែត្រ ។ នៅ​ពេល​ដែល​អាជ្ញាធរ​ចាប់ផ្តើម​ឈូស​ឆាយ​ធ្វើ​ផ្លូវ​ថ្មី គឺ​ធ្វើ​ទទឹង​៥​ម៉ែត្រ ប៉ុន្តែ​មិន​ធ្វើ​ចំ​កណ្តាលផ្លូវ​ទេ គឺ​ធ្វើ​តែ​ម្ខាង​ប៉ែក​ខាងលិច ស្ទើរ​ជាប់​របង​ផ្ទះ និង​ឃ្លាំង​ស្តុក​ទំនិញ​របស់​ប្រជាពលរដ្ឋ​នៅ​តែ​ប្រមាណ​១​ម៉ែត្រ​ប៉ុណ្ណោះ​។ ចំណែក​ប៉ែក​ខាងកើត​ផ្លូវ គឺ​ទុក​ចាប់ពី​ជាង​៧​ម៉ែត្រ​ឡើង ។

ពួក​គាត់​សួរ​ថា ហេតុ​ម្តេច​មិន​ធ្វើ​អោយ​ចំ​កណ្តាល​ស្មើគ្នា​ទាំង​សងខាង តើ​ទុក​ដី​ចំណី​ផ្លូវ​អោយ​ធំ​ម្ខាង ទុក​ធ្វើ​អី ឬ​ទុក​សម្រាប់​លក់ដូរ ដូច​ពាក្យ​គេ​និយាយ​មែន?

ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឃ្លាំង​ស្តុក​ទំនិញ​ម្នាក់ បាន​លើក​ឡើង​ថា កាល​ផ្លូវ​នៅ​ទទឹង​ជាង​១៥​ម៉ែត្រ ពេល​រថយន្ត​ដឹក​ទំនិញ​គាត់​ចូល​បត់​មិន​រួច​ផង ប៉ះ​របង​គេ​-​គេ​អោយ​សង ចុះ​ទម្រាំ​ផ្លូវ​មក​សល់​ទទឹង​ត្រឹម​៥​ម៉ែត្រ តើ​គាត់​នឹង​ត្រូវធ្វើ​បែប​ណា ? ប្រជាពលរដ្ឋ ទាំងនោះ​សំណូមពរ​ដល់​អាជ្ញាធរ​សង្កាត់​សូម​មេត្តា​ធ្វើ​ផ្លូវ​អោយ​ចំពាក់​កណ្តាល​ស្មើគ្នា​ទាំង​សងខាង មិន​ត្រូវ​ទុក​ម្ខាង​ ធ្វើ​ម្ខា​ង​ទេ​ នេះ​បញ្ជាក់​ថា ជញ្ជីង​យុត្តិធម៌​ផ្អៀង​ហើយ​…​ធ្ងន់​ម្ខាង ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ