ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ទទូច ឱ្យ​វិស័យ​ឯកជន វិនិយោគ​លើ​ផលិត ផល​ទេសចរណ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ទេសចរណ៍​ក្នុង​វិស័យ​ឯកជន បាន​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ចូលរួម​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ ក៏​ដូច​ជា​ជំរុញ​បន្ថែម​ទៅ​លើ​ផលិតផល​ក្នុងស្រុក ដូច​ជា​វត្ថុ​អនុស្សាវរីយ៍​ជាដើម ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​ទស្សនា​កម្ពុជា​ម្តង​ហើយ​ម្តងទៀត ។ លោកស្រី ឆាយ…

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ទេសចរណ៍​ក្នុង​វិស័យ​ឯកជន បាន​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ចូលរួម​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ ក៏​ដូច​ជា​ជំរុញ​បន្ថែម​ទៅ​លើ​ផលិតផល​ក្នុងស្រុក ដូច​ជា​វត្ថុ​អនុស្សាវរីយ៍​ជាដើម ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​ទស្សនា​កម្ពុជា​ម្តង​ហើយ​ម្តងទៀត ។

លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មាន​ប្រសាសន៍​នា​ព្រឹក​ថ្ងៃ​ទី​៤ ខែធ្នូ ម្សិលមិញ​ថា ស្រប​ពេល​ដែល​ភ្ញៀវ​ទេសចរ​បរទេស​កាន់តែ​កើន​ឡើងជា​បន្តបន្ទាប់ និង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ លោកស្រី​សូម​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​នៅ​កម្ពុជា ជួយ​ជំរុញ​បន្ថែម​លើ​ការ​ផលិត​នូវ​វត្ថុ​អនុស្សាវរីយ៍​ក្នុងស្រុក​ឲ្យ​បាន​ច្រើន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ភ្ញៀវ​ទេសចរ ព្រោះ​ថាបើ​ក្រឡេក​មើល​ទីផ្សារ​ភាគច្រើន​ជា​ផលិតផល​ដែល​នាំ​ចូល ។ លោកស្រី​បន្ត​ថា ៖« ក្នុង​ឆ្នាំ​២០១៨​នេះ វិស័យ​ទេសចរណ៍​កម្ពុជា​នៅ​តែ​រក្សា​បាន​ភាព​វិជ្ជមាន​ច្រើន បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ៗ​ទៅ ហើយ​នៅ​ឆ្នាំ​បន្ទាប់​២០១៩ ក៏​នឹង​រក្សា​បាន​ភាពល្អ​ប្រសើរ​ដូច​គ្នា​ផង​ដែរ »​។

យោង​តាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០១៨ ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​ជាង​២,៣​លាន​នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​អង្គរ ពោល​គឺ​កើនឡើង​ជាង​៦% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​ឆ្នាំ​២០១៧​កន្លង​ទៅ និង​ទទួល​បាន​ចំណូល​ប្រមាណ​១០៤​លាន​ដុល្លារ​អា​មេ​រិ​ក ។
រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោ​ង ខុន​បាន​មាន​ប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ការ​ធ្លុះធ្លាយ​សេដ្ឋកិច្ច​ក្នុង​វិស័យ​ទេសចរណ៍ មាន​ប្រមាណ​២០%​ដែល​ចំនួន​នេះ​មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់ បើ​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក លោក ធួន ស៊ី​ណា​ន បាន​មាន​ប្រសាសន៍​ថា ការ​វិនិយោគ​ពី​វិស័យ​ឯកជន មាន​សារសំខាន់​ណាស់ ប៉ុន្តែ​អ្វី​ដែល​ត្រូវធ្វើ គឺ​ទាមទារ​ការ​ចូលរួម​ពី​រាជរដ្ឋាភិបាល តាម​រយៈ​ការ​គាំពារ​ផ្នែក​ច្បាប់ ព្រោះ​ផលប្រយោជន៍​នៅ​ពីក្រោយ​ការ​នាំ​ចូល​ផលិតផល​ទាំងនោះ គឺ​ការ​មិន​អនុវត្ត​ច្បាប់​។ លោក​បន្ដ​ថា ៖« វិស័យ​ឯកជន​ពិតជា​មានការ​គាំទ្រ និង​ចង់​ចូលរួម​វិនិយោគ​លើ​ផ្នែក​នេះ ប៉ុន្តែ​អ្វី​សំខាន់​គឺ​ការ​រឹត​បន្តឹង​ការ​នាំ​ចូល និង​ការ​អនុវត​ច្បាប់​ឲ្យ​បាន​ល្អ​ប្រសើរ នៅ​ពេល​នោះ នឹង​មានការ​ចូលរួម​វិនិយោគ​ពី​វិស័យ​ឯកជន​យ៉ាង​ផុសផុល »​។ លោក​បញ្ជាក់​ថា ៖« ការ​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត​របស់​យើង ធ្វើ​ឲ្យ​យើង​ខាតបង់​សេដ្ឋកិច្ច​ក្នុង​វិស័យ​ទេសចរណ៍​យ៉ាងច្រើន​ក្នុង​មួយ​ឆ្នាំ​ៗ »​។

យោង​តាម​របាយការណ៍​ក្រសួងទេសចរណ៍​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​៤,៣​លាន​នាក់ កើនឡើង​ប្រមាណ​១១,៨% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន មាន​ចំនួន​ជាង​៣,៩​លាន​នាក់ ខណៈ​នៅ​ឆ្នាំ​២០១៨​នេះ កម្ពុជា​រំពឹង​នឹង​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​៦,២​លាន​នាក់ និង​ប្រមាណ​៧​លាន​នាក់​នៅ​ឆ្នាំ​២០២០ និង​នាំ​មក​នូវ​ចំណូល​សរុប​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​បង្កើត​នូវ​ឱកាស​ការងារ​ប្រមាណ​១​លាន​នាក់ ។ ក្នុង​ឆ្នាំ ២០៣០ កម្ពុជា​ក៏​គ្រោង​នឹង​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ឲ្យ​បាន​១៥​លាន​នាក់ ដោយ​រំពឹង​លើ​ចំណូល​ពី​វិស័យ​នេះ ប្រមាណ​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​បង្កើត​ការងារ​ប្រមាណ​២​លាន​នាក់​ជូន​ពលរដ្ឋ​ក្នុងស្រុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ