ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ដាក់​ចេញ​យុទ្ធសាស្ត្រ​សំខាន់​ៗ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ថា កម្ពុជា​មាន​យុទ្ធសាស្ត្រ​សម្រាប់​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​សំខាន់​ៗ​ដូច​ជា ការ​ប្រែក្លាយ​ឧស្សាហកម្ម​ដែល​ពឹងផ្អែក​កម្លាំង​ពលកម្ម ទៅ​ជា​ឧស្សាហកម្ម​ដែល​ពឹងផ្អែក​លើ​ជំនាញ​, កា​រត​ភ្ជាប់​វិស័យ​វិស័យ​SME ទៅ​ទីផ្សារ​អន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ថា កម្ពុជា​មាន​យុទ្ធសាស្ត្រ​សម្រាប់​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​សំខាន់​ៗ​ដូច​ជា ការ​ប្រែក្លាយ​ឧស្សាហកម្ម​ដែល​ពឹងផ្អែក​កម្លាំង​ពលកម្ម ទៅ​ជា​ឧស្សាហកម្ម​ដែល​ពឹងផ្អែក​លើ​ជំនាញ​, កា​រត​ភ្ជាប់​វិស័យ​វិស័យ​SME ទៅ​ទីផ្សារ​អន្តរជាតិ និង​ការ​ធ្វើ​ទីផ្សារ​ខ្លួនឯង ព្រមទាំង​រៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ពង្រឹងគុណភាព​វិស័យ​អប់រំ​ជាដើម ។

លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ក្នុង​បាឋកថា ស្តី​ពី​កា​នុ​វត្ត​ភាព​នានា និង​ការ​ប្រឈម​ក្នុង​ការ​កសាង​ជាតិ​ដែល​រៀបចំ​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល កាលពី​ថ្ងៃ​ទី​៤ ខែធ្នូ ម្សិលមិញ​ថា ក្រោយ​ការ​អនុវត្ត​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​នៅ​ពេល​ដែល​កម្ពុជា​មាន​សន្ដិភាព​ជាង​២០​ឆ្នាំ​មកនេះ បញ្ហា​សេដ្ឋកិច្ច​កម្ពុជា​មានការ​ប្រែប្រួល​យ៉ាង​ខ្លាំង ពោល​គឺ​ធ្វើ​ឲ្យ​កម្ពុជា​មានការ​ប្រកួតប្រជែង ដើម្បី​បង្កើន​កំណើន​សេដ្ឋកិច្ចជាតិ និង​មានការ​រៀបចំ​កែទម្រង់​ជា​ច្រើន ដើម្បី​ជំរុញ​ឲ្យ​មាន​ប្រសិទ្ធភាព និង​មានគុណ​ភាព ដើម្បី​អភិវឌ្ឍន៍​ឈាន​ទៅ​រក​ការ​ប្រកួតប្រជែង​ប្រកបដោយ​ជោគជ័យ ។

លោក​រដ្ឋលេខាធិការ​បន្ត​ថា ៖« រាជរដ្ឋាភិបាល​មាន​ទិស​ដៅ និង​គោលនយោបាយ​សំខាន់​ៗ ដើម្បី​ចាប់​យក​កាលានុវត្តភាព និង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​សម្រាប់​សេដ្ឋកិច្ច តាម​រយៈ​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​ជា​ច្រើន រួម​មាន​ដូច​ជា គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ឆ្នាំ​២០១៥-២០២៥ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​ចក្ខុវិស័យ​ឆ្ពោះទៅ​ឆ្នាំ​២០៥០​ជាដើម »​។

យោង​តាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា សូចនាករ​សំខាន់​ៗ​ដែល​កម្ពុជា​នឹង​សម្រេច​បាន​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ រួម​មាន​ផលិតផល​សរុប​ក្នុងស្រុក (​ផ​.​ស​.​ស​) មាន​ចំនួន​៩២.២៤៥​ប៊ី​លាន​រៀល ឬ​ស្មើនឹង​ប្រមាណ​២៤​ពាន់​៤៨៧​លាន​ដុល្លារ​អា​មេ​រិ​ក ។ ជាមួយ​គ្នា​នេះ វិស័យ​កសិកម្ម នឹង​សម្រេច​បាន​កំណើន​២២%, វិស័យ​ឧស្សាហកម្ម ៣២% និង​វិស័យ​សេវាកម្ម នឹង​សម្រេច​បាន​កំណើន​៤០%​។ ចំណែក​ចំណូល​សម្រាប់​មនុស្ស​ម្នាក់ ក្នុង​មួយ​ឆ្នាំ នៅ​ឆ្នាំ​២០១៨​នេះ នឹង​កើនឡើង​ដល់​១.៥៥៥​ដុល្លារ​អា​មេ​រិ​ក ហើយ​សេដ្ឋកិច្ច​កម្ពុជា​រំពឹង​នឹង​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​រង្វង់​អត្រា​៧,១​ភាគរយ​ផង​ដែរ ។
នៅ​ក្នុង​របាយការណ៍​ចុង​ក្រោយ​ស្ដី​ពី​បច្ចុប្បន្នភាព​នៃ​សេដ្ឋកិច្ច​កម្ពុជា របស់​ធនាគារពិភពលោក ក៏​បាន​ផ្ដល់​ទស្សនទាន​សំខាន់​ៗ​ផង​ដែរ ក្នុង​នោះ​កម្ពុជា​ចាំបាច់​ត្រូវ​អភិវឌ្ឍន៍​លើ​ធនធាន​រូប​វ័​ន្ត និង​ធនធានមនុស្ស​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​ទទួល​បាន​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ជាង​មុន​ក្នុង​រយៈពេល​វែង ។បន្ថែម​លើ​នេះ កម្ពុជា​ចាំបាច់​ត្រូវធ្វើ​កំណែទម្រង់​នានា​ដែល​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​លើ​គ្រប់​វិស័យ និង​ប្រកបដោយ​ចីរភាព និង​កៀរគរ​ប្រាក់​សន្សំ​ក្នុងស្រុក​ឲ្យ​បាន​ច្រើន​ដើម្បី​យក​ទៅ​បង្កើន​ការ​វិនិយោគ គឺជា​កត្តា​សំខាន់​ក្នុង​ការ​ឈាន​ទៅ​ដល់​គោលដៅ​មួយ​ដូច​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​ល្អ​ជាងគេ​នៅ​អាស៊ី​សម្រេចបាន ។

របាយការណ៍​នេះ ក៏​បាន​ស្នើ​សុំ​ឲ្យ​ត​ភ្ជាប់​ភាព​ខ្វះខាត​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ស្រូប​យក​វិនិយោគទុន​ផ្ទាល់​ពី​បរទេស​លើ​ផ្នែក​ផលិតកម្ម​និង​ការ​កែ​ច្នៃ​កសិកម្ម​ដែល​កំពុង​តែ​កើនឡើង ព្រមទាំង​ការ​កែ​លម្អ​ជា​បន្តបន្ទាប់​លើ​បរិយាកាស​អាជីវកម្ម​ផង​ដែរ ខណៈ​ហានិភ័យ​នានា​ដែល​កម្ពុជា​អាច​ប្រឈម​ដូច​ជា ហានិភ័យ​នៃ​វិស័យ​ហិរញ្ញវត្ថុ​បន្ត​កើនឡើង ដែល​វា​នឹង​ពាក់ព័ន្ធ​ច្រើន​ទៅ​លើ​វិស័យ​សំណង់​និង​អចលនទ្រព្យ​។ ហានិភ័យ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ រួម​មាន​សក្តានុពល​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​នាំ​ចេញ​សម្រាប់​កម្ពុជា និង​ផល​ប៉ះពាល់​ដែល​មិន​អាច​ព្យាករណ៍​ទុក​បាន​ដែល​កើត​ចេញពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ