ទីក្រុងវ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីដូណាល់ ត្រាំ (Donald Trump) បាននិយាយថា ប្រទេសចិនបានព្រមព្រៀងថានឹងបន្ទាប និងលុបបំបាតពន្ធក្រោម៤០% ដែលប្រទេសចិនកំពុងតែដាក់លើយានយន្តដែលផលិតនៅសហរដ្ឋអាមេរិក ។
កាលពីថ្ងៃសៅរ៍កន្លងមក លោកប្រធានាធិបតីត្រាំ និងលោកប្រធានាធិបតីស៊ី ជិនពីង (Xi Jinping) បានព្រមព្រៀងគ្នាផ្អាកការដាក់ពន្ធថ្មី ដោយក្នុងនោះ សហរដ្ឋអាមេរិកបានយល់ព្រមថានឹងមិនបង្កើនពន្ធបន្ថែមទេចាប់ពីថ្ងៃទី១ ខែមករា ខាងមុខនេះទៅ ខណៈដែលប្រទេសចិនយល់ព្រមថានឹងទិញកសិផលបន្ថែមពីកសិករអាមេរិក ។
ភាគីទាំងពីរក៏បានព្រមព្រៀងថា នឹងបង្កើនការចរចាលើវិធីដោះស្រាយញ្ហាផ្សេងៗដូចជាសិទ្ធិកម្មសិទ្ធិបញ្ញា ឧបសគ្គពាណិជ្ជកម្មដែលមិនមែនជាពន្ធ និងការលួចលើអុីនធើរណែតជាដើម ។ ទោះជាយ៉ាងនេះក្ដី សេតវិមានWhite Houseបានឲ្យដឹងទៀតថា ពន្ធ១០%លើផលិតផលចិនប្រមាណ២០០ប៊ីលានដុល្លារនេះ នឹងត្រូវបានបង្កើនដល់២៥% ប្រសិនបើភាគីទាំងពីរមិនអាចសម្រេចបានកិច្ចព្រមព្រៀងមួយក្នុងអំឡុងពេល៩០ថ្ងៃ ។
យ៉ាងណាក្តី អ្នកវិភាគមួយចំនួនបានព្រមានថា ការព្រមព្រៀងនេះប្រៀបដូចគ្រាន់តែជាវិធីពន្យារពេលប៉ុណ្ណោះ និងបានបន្តថាសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងបន្តអន់ថយដដែលព្រោះតែការធ្លាក់ចុះនៃតម្រូវការក្នុងស្រុក ។
លោក Paul Kitney ប្រធានផ្នែកយុទ្ធសាស្ត្រនៅ Daiwa Capital Markets នៅហុងកុងបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះគ្រាន់តែជាវិធីកាត់បន្ថយភាពតានតឹងប៉ុណ្ណោះ ។ ពន្ធបច្ចុប្បន្ននៅតែប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសចិនដដែល ៕
ចែករំលែកព័តមាននេះ