សមត្ថកិច្ច​ចាប់ខ្លួន​បាន​ម្នាក់ បក្ខពួក​២​នាក់​ទៀត​កំពុង​រត់គេច​ខ្លួន


ខេត្តរតនគិរី ៖ កម្លាំង​ជំនាញ​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​កូន​មុំ និង​កម្លាំង​អធិការ​ស្រុក​លំ​ផាត់ ដេញ​ស្ទាក់​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៣​នាក់​ដែល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C125 ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគីរី ១E-៤៨២៧ ។ សកម្មភាព​លួច​នោះ​បាន​ប្រព្រឹត្ត​ឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​សេ​ដា ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សៀ ណូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ទំពួន រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ជនសង្ស័យ​ក្រោយ​ធ្វើ​សកម្មភាព​រួច​ជន​បាន​រត់គេច​ខ្លួន​បាត់ ។

សមត្ថកិច្ច​បន្ត​ថា លុះដល់​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​កម្លាំង​ជំនាញ​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​កូន​មុំ និង​កម្លាំង​អធិការ​ស្រុក​លំ​ផាត់​បាន​ដេញ​ស្ទាក់​មុខសញ្ញា​ដល់​នៅ​ចំណុច​ភ្នំ​លលក​ស្ថិត​ភូមិ​៣ ឃុំ​ត្រពាំង​ច្រេះ ស្រុក​កូន​មុំ​ខេត្ត​រត​គិរី ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ក៏​ផ្តួល​ម៉ូតូ​ម៉ាក vave ឆ្លាម ពណ៌​ខ្មៅ អត់​ស្លាក​លេខ (​ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​)​ហើយ​រត់គេច​ខ្លួន​ចូល​ព្រៃ​បាត់ ។

លុះដល់​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល​កម្លាំង​សមត្ថកិច្ច​បាន​ពួនស្ទាក់​ចាប់​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ ស៊ី ច​យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ឡាវ មុខរបរ​មិន​ពិតប្រាកដ ស្រុក​កំណើត​ភូមិ​កន្ទុយគោ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង និង​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់ C125 ពណ៌​ខ្មៅ ស៊េរី​២០១៨ (​ជា​របស់​ជន​រង​គ្រោះ​)​នៅ​ចំណុច​ព្រាប​ស​ផ្លុ​វ​ចូល​ត្រពាំង​ក្រ​ពិស ស្ថិត​ភូមិ​៣ ឃុំ​ត្រពាំង​ច្រេះ ស្រុក​កូន​មុំ ខេត្តរតនគិរី ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​ពិតប្រាកដ​មែន​រួម​ជាមួយ​បក្ខពួក​ខ្លួន​ចំនួន​២​នាក់​ទៀត​(​កំពុង​រត់គេច​ខ្លួន​) ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​ខេត្ត​កំពុង​ស្រាវជ្រាវ​តាម​ចាប់​បក្ខពួក​ដែល​កំពុង​រត់គេច​ខ្លួន​ដើម្បី​យក​មក​អនុវត្ត​តាម​នីតិវិធី ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ