ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រូវ​ប្រយ័ត្ន​ខ្ពស់​ពី​ការ​ធ្លាក់​ចុះ​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំ​២០០៨​មក វិស័យ​សំណង់ និង​អចលនទ្រព្យ​កម្ពុជា បាន​បន្ត​ងើបឡើង​រហូត ដែល​គិត​មក​ដល់​ពេល​នេះ វា​បន្ដ​មាន​កំណើន​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ ដែល​ធ្វើ​ឲ្យ​សេដ្ឋវិទូ​អន្តរជាតិ មើលឃើញ​ថា…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំ​២០០៨​មក វិស័យ​សំណង់ និង​អចលនទ្រព្យ​កម្ពុជា បាន​បន្ត​ងើបឡើង​រហូត ដែល​គិត​មក​ដល់​ពេល​នេះ វា​បន្ដ​មាន​កំណើន​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ ដែល​ធ្វើ​ឲ្យ​សេដ្ឋវិទូ​អន្តរជាតិ មើលឃើញ​ថា ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​វដ្ដ​នៃ​វិស័យ​នេះ ដែល​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​វិញ ។

លោក លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ ធនាគារពិភពលោក​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​លើ​ពិភពលោក​នេះ គ្មាន​ប្រទេស​ណាមួយ​ដែល​វិស័យ​សំណង់ និង​អចលនទ្រព្យ​កើនឡើង​រហូត អត់​ធ្លាក់​ចុះ​វិញ​នោះ​ទេ ។ វា​តែងតែមាន​វដ្ដ​របស់​វា ប៉ុន្តែ​ក្នុង​រយៈពេល​ណាមួយ​នោះ មិន​អាច​កំណត់​បាន​ឡើយ ដូច្នេះ​មាន​តែ​ការ​ប្រុង​ប្រយ័ត្ន កុំ​ឲ្យ​វា​ធ្លាក់​ចុះ​ខ្លាំង​ប៉ុណ្ណោះ​ទេ ដែល​អាច​រក្សា​កំណើន​សេដ្ឋកិច្ចជាតិ​ទាំងមូល​បាន ។
សេដ្ឋវិទូ​រូប​នេះ​ថ្លែង​ថា ៖« ពេល​នេះ វា​គម្រប់​ជាង​១០​ឆ្នាំ​ហើយ ដែល​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​ងើបឡើង​វិញ បន្ទាប់​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​មក ដូចនេះ វា​ដល់​ដំណាក់​កាលដែល​ត្រូវ​ប្រយ័ត្ន កុំ​ឲ្យ​វា​ធ្លាក់​ចុះ​គំហុក​ខ្លាំង​ពេក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ទាំងមូល »​។

លោក​បន្ត សេដ្ឋកិច្ច​កម្ពុជា នា​ពេល​បច្ចុប្បន្ន អាច​រក្សា​កំណើន​បាន​ល្អ ក៏​ដោយសារ​តែ​មួយ​ភាគ​ធំ​បាន​មក​ពី​វិស័យ​សំណង់​និង​អចលនទ្រព្យ ដូច្នេះ បើសិនជា​មាន​បញ្ហា​ណាមួយ ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ដែរ បើ​ទោះបីជា​វិស័យ​ផ្សេង​នៅ​រក្សា​កំណើន​បាន​ល្អ​ក៏​ដោយ ។  ទោះជា​យ៉ាងនេះ​ក្ដី អ្នក​វិនិយោគ​លើក​គម្រោង​សំណង់​ធំ​ៗ​នៅ​កម្ពុជា អ្នកឧកញ៉ា ពុង ឃាវ​សែ និង​ជា​ប្រធាន​សមាគម​អ្នក​សាងសង់​កម្ពុជា នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​វិស័យ​សំណង់​នៅ​កម្ពុជា ដោយ​លោក​មើលឃើញ​ថា វា​នៅ​តែ​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​ទាក់ទាញ​វិនិយោគិន​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា ជា​ពិសេស​សក្ដានុពល​វិនិយោគ​នៅ​រាជធានី​ភ្នំពេញ​។

ដោយ​យោង​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អ្នកឧកញ៉ា ពុង ឃាវ​សែ ថ្លែង​ថា ៖« បើ​ពិនិត្យ​មើល​ទុន​វិនិយោគ​វិស័យ​នេះ​ក្នុង​រយៈពេល​១០​ខែ​ដែល​មាន​ជិត​៥​ពាន់​លាន​ដុល្លារ ឃើញ​ថា មាន​កំណើន​ធ្លាក់​ចុះ​បន្តិច តែ​មិន​ធ្លាក់​ចុះ​ខ្លាំង​នោះ​ទេ អីចឹង​វា​មិន​មាន​អ្វី​ដែល​ត្រូវ​ព្រួយបារម្ភ​នោះ​ឡើយ »​។ អ្នកឧកញ៉ា​បញ្ជាក់​ថា ៖« ជា​ធម្មតា ប្រេកង់​នៃ​កំណើន វា​មិន​អាច​ថេរ​រហូត​នោះ​ទេ វា​មាន​ឡើង​មាន​ចុះ ក៏​ប៉ុន្តែ​គម្លាត​នៃ​ប្រេកង់​នោះ មិន​មាន​ភាព​ខុស​គ្នា​ឆ្ងាយ​ណាស់ណា​ដែរ គឺ​មាន​គម្លាត​តិចតួច​ប៉ុណ្ណោះ អីចឹង​វា​នៅ​តែ​អាច​ទាក់ទាញ បរទេស​ឲ្យ​មក​បន្ថែម​ទៀត ព្រោះ​ដូច​ឃើញ​ស្រាប់​ហើយ​សំណង់​អគារ​ខ្ពស់​ៗ​កំពុង​តែ​រីក​នៅ​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​ទៀត​ផង​ដែរ »​។

វិស័យ​សំណង់​បាន​រួមចំណែក​សំខាន់​មួយ​ក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ បន្ទាប់​ពី​វិស័យ​ឧស្សាហកម្ម កសិកម្ម និង​ទេសចរណ៍ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​ទាំងមូល​រក្សា​បាន​ប្រមាណ​៧%​ក្នុង​១​ឆ្នាំ ។
មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ឡៅ​ទិព្វ សីហា រដ្ឋលេខាធិការ បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ គេ​ឃើញ​ថា មាន​ប៉ូ​លបី​សំខាន់​ក្នុង​ការ​វិនិយោគ​វិស័យ​សំណង់ ក្នុង​នោះ​រួម​មាន​ខេត្ត​ព្រះ​សីហ​នុ ភ្នំពេញ និង​ខេត្តសៀមរាប ហើយ​ក្នុង​ចំណោម​ប៉ូ​ល​ទាំង​បី ឃើញ​ថា ភ្នំពេញ នៅ​តែ​មាន​សក្ដានុពល​ទូលំទូលាយ​ជាង​ប៉ូ​ល​ទាំង​ពីរទៀត ។

លោក​បន្ថែម​ថា ការ​អភិវឌ្ឍ​វិស័យ​សំណង់ ក្នុង​ប្រទេស​កម្ពុជា បាន​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នោះ​បាន​លើកមុខ​មាត់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ទាំងមូល ហើយ​ឧស្សាហកម្ម​សំណង់​នេះ​ដែរ បាន​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន ។ ជាក់ស្ដែង​វិស័យ​សំណង់​បាន​ស្រូប​ទាញ​កម្លាំង​ពលកម្ម​ប្រមាណពី​២០​ម៉ឺន ទៅ​២២​ម៉ឺន​នាក់​ក្នុង​១​ថ្ងៃ ដើម្បី​រក​ប្រាក់​ចំណូល​សម្រាប់​ចិញ្ចឹម​គ្រួសារ ។
យោង​តាម​របាយការណ៍​ក្រសួង​ដែនដី ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​២០១៨​នេះ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​៤.៩៩០​លាន​ដុល្លារ​អា​មេ​រិ​ក ធ្លាក់​ចុះ​ជាង​២០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ​មាន​ចំនួន ៦.២៧៦​លាន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ