រាជធានីភ្នំពេញ ៖ ធនាគារពិភពលោកបានឲ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួនថា ហានិភ័យនានានៅក្នុងវិស័យហិរញ្ញវត្ថុ នឹងបន្តកើនឡើងដែលពាក់ព័ន្ធច្រើនទៅលើវិស័យសំណង់ និងអចលនទ្រព្យ ខណៈហានិភ័យពីមជ្ឈដ្ឋានខាងក្រៅរួមមាន សក្តានុពលនៃការដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញនាំចេញសម្រាប់កម្ពុជា និងផលប៉ះពាល់ដែលមិនអាចព្យាករណ៍ទុកបានដែលកើតចេញពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ។
អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា លោក លី សុដេត ត្រូវបានស្រង់សម្ដីនៅក្នុងរបាយការណ៍នេះ ដោយលោកមានប្រសាសន៍ថា ការការពារវិស័យហិរញ្ញវត្ថុឲ្យបានល្អ គឺជាចំណុចអាទិភាពមួយសម្រាប់កម្ពុជា ខណៈដែលប្រទេសនេះកំពុងតែកសាងធនធានបម្រុង ពង្រឹងភាពប្រកួតប្រជែង និងទប់ស្កាត់កំណើននៃអត្រាប្តូរប្រាក់ពិត ដែលបណ្តាលមកពីកំណើនដ៏ឆាប់រហ័សនៃការនាំចូលទំនិញនាពេលថ្មីៗ ។
ទាក់ទងនឹងងការលើកឡើងរបស់ធនាគារពិភពលោក បើតាមលោក ង៉ែត ជូ ទីប្រឹក្សាសេដ្ឋកិច្ចនិងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Markets Consulting (EMC) យល់ស្របនឹងការលើកឡើងក្នុងរបាយការណ៍នេះ ដោយសារបច្ចុប្បន្ន ទឹកប្រាក់ជាច្រើនបានចាក់បញ្ចូលទៅក្នុងវិស័យសំណង់ និងអចលនទ្រព្យនេះ ពិសេសការត្រួតពិនិត្យមិនគ្រប់ជ្រុងជ្រោយពាក់ព័ន្ធនឹងការទិញអចលនទ្រព្យបង់រំលស់នៅក្នុងវិស័យឯកជន ។
លោកមានប្រសាសន៍យ៉ាងដូច្នេះថា ៖« ខ្ញុំអត់មានអ្វីជំទាស់ទេចំពោះការលើកឡើងនេះ ព្រោះលុយបានចាក់ចូលទៅក្នុងវិស័យសំណង់ និងអចលនទ្រព្យមានទំហំធំ ហើយមួយចំនួនទៀតមិនបានធ្វើការវាស់វែង តាមរយៈក្រុមអ្នកអភិវឌ្ឍន៍ឡើយដូចជា បុរីគេមានផ្តល់ការបង់រំលស់ខ្លួនឯងជាដើម ។ អីចឹងក៏ជាផ្នែកមួយបង្កហានិភ័យ ដោយសារអត់បានត្រួតពិនិត្យគ្រប់ជ្រុងជ្រោយ ។ ម្យ៉ាងទៀត ការកសាងលំនៅឋាន ឬលំនៅឋានដែលមានតម្លៃមធ្យមនិងខ្ពស់ វាហាក់ដូចចូលរួមខ្លាំង អីចឹងវាអាចមានវិបត្តិដែរ ព្រោះមានពលរដ្ឋខ្លះទិញផ្ទះពីរបីសម្រាប់ដាក់ជួល តែអត់មានអ្នកជួលជាដើម »។
ទោះជាយ៉ាងនេះក្ដី លោកបន្ដថា ៖« វិស័យហិរញ្ញវត្ថុកម្ពុជាមិនទាន់ដល់កម្រិតធ្ងន់ធ្ងរពេកនោះទេ ។ តាមពិតគ្រាន់តែវាមិនអាចបង្កធ្វើឱ្យល្បឿននៃការរីកលូតលាស់លឿនដូចពេលបច្ចុប្បន្ន និងពេលកន្លងមកប៉ុណ្ណោះ »។ លោកថា ៖« ល្បឿនវាអាចថយ ឬឈប់មានកំណើន តែឱ្យមានវិបត្តិធំតែម្តង យើងអត់ទាន់ស្មានដឹងនោះទេ គឺអាស្រ័យទៅលើចំណាត់ការខាងក្រៅ ដែលទាក់ទងនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA »។
បើតាមនាយកប្រតិបត្តិក្រុមហ៊ុន Century 21 Fortuna Investment យល់ឃើញថា ជាធម្មតា ហានិភ័យជៀសមិនផុតនោះទេ ទោះបីនៅក្នុងការលៈទេសៈណាក៏ដោយ គ្រាន់តែមានតិច ឬច្រើន ។
លោក វ៉ា វីរៈ អ្នកជំនាញអចលនទ្រព្យកម្ពុជាដែលទទួលស្គាល់ពីអន្តរជាតិ បានមាន ប្រសាសន៍ថា ៖« តាមការយល់ឃើញរបស់ខ្ញុំទាក់ទងនឹងរឿងEBAនេះ រាជរដ្ឋាភិបាលលោកអាចមានវិធានការឬវិធីខ្លះៗក្នុងការដោះស្រាយរឿង តែវិធានការយ៉ាងណានោះ យើងនៅមិនដឹងនៅឡើយ ដោយរង់ចាំមើលស្ថានភាពជាក់ស្តែង »។ លោកយល់ថា ៖« លទ្ធភាពនៃការមិនដកប្រព័ន្ធអនុគ្រោះពន្ធចេញពីកម្ពុជា គឺមានច្រើន គេអាចចរចាដើម្បីផលប្រយោជន៍រួមទាំងសហគមន៍អឺរ៉ុបនិងកម្ពុជា ។ ដូច្នេះខ្ញុំគិតថាអ្នកទាំងអស់គ្នាអាចមានវិធានការដោះស្រាយ »។
លោកបន្តថា ចំពោះបញ្ហាហានិភ័យសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដែលមិនអាចមើលឃើញនេះ យើងក៏មិនអាចទាយទុកថានឹងមានអ្វីកើតឡើងដែរ។ អីចឹង បើសិនកើតមានបញ្ហានេះមែន វាអាចធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុនចិនដែលមកវិនិយោគនៅខាងក្រៅ ដូចជាកម្ពុជាយើងជាដើម »។ យ៉ាងណាក្ដី លោកវ៉ា វីរៈ យល់ថា ៖« ទាំងសហរដ្ឋអាមេរិក និងចិន ពួកគេសុទ្ធតែជាអ្នកឆ្លាត ដើម្បីឈ្នះ=ឈ្នះទាំងអស់គ្នា ។ ដូចនេះករណីទាំងពីរខាងលើ ខ្ញុំនៅតែមើលឃើញក្នុងលក្ខណៈជាវិជ្ជមានថា នឹងមានដំណោះស្រាយ ទាំងរឿង EBAក៏ដូចជាសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក »។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានឲ្យដឹងដែរថា ប្រសិនជាសហគមន៍អឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធចេញពីកម្ពុជា អាចនឹងមានការកាត់បន្ថយបុគ្គលិកមួយចំនួន ហើយប្រសិនបើពួកគេទាំងនោះជាប់ពាក់ព័ន្ធជាមួយបំណុលនៅគ្រឹះស្ថានហិរញ្ញវត្ថុ នឹងធ្វើឲ្យវិស័យហិរញ្ញវត្ថុរង់ផលប៉ះពាល់ ឬមានហានិភ័យ ។
លោកបណ្ឌិតថ្លែងថា ៖« ដោយសារពួកគេមានការងារធ្វើ គេបានខ្ចីលុយមកសង់ផ្ទះ, ទិញផ្ទះបង់រំលស់ ឬទិញមធ្យោបាយយានយន្ដធ្វើដំណើរជាដើម ហើយនៅពេលបាត់បង់ការងារ ពួកគេត្រូវប្រឈមនឹងហានិភ័យនៃការសងត្រឡប់ទៅគ្រឹះស្ថានហិរញ្ញវត្ថុវិញ »។ លោកបណ្ឌិតថា ៖« ខ្ញុំធ្លាប់សម្ភាសន៍ជាមួយពលរដ្ឋមួយចំនួនដែលជួបនឹងវិបត្តិនេះ ដោយសារតែផលិតភាពការងារពួកគាត់ចុះខ្សោយ នៅពេលមានវ័យចំណាស់ បូករួមនឹងដើមហេតុនៃការកើនឡើងនៃប្រាក់ឈ្នួលពលកម្ម ពួកគេត្រូវបានបញ្ឈប់ការងារ ។ ដូច្នេះវិស័យនេះ អាចមានហានិភ័យកើតចេញពីការដកប្រព័ន្ធអនុគ្រោះពន្ធនេះដែរ ប្រសិនជាត្រូវបានសហគមន៍អឺរ៉ុបដកមែន »។
យោងតាមរបាយការណ៍របស់ធានគារជាតិនៃកម្ពុជាប្រចាំឆមាសទី១ឆ្នាំ២០១៨បានបង្ហាញទស្សនវិស័យសម្រាប់ឆ្នាំ២០១៨ទាំងមូល ថា សេដ្ឋកិច្ចកម្ពុជារំពឹងនឹងបន្តបោះជំហានទៅមុខយ៉ាងស្វាហាប់ ដោយរក្សាបានល្បឿនកំណើនខ្ពស់រឹងមាំប្រមាណ៧% ទោះបីប្រឈមនឹងហានិភ័យក៏ដោយ ។ របាយការណ៍បញ្ជាក់ថា ៖« ចំពោះវិស័យធនាគារកំណើនឥណទានសម្រាប់វិស័យឯកជននឹងបន្តស្ថិតក្នុងសមស្របប្រមណ១៨% ដែលនឹងបែងចែកទៅកាន់គ្រប់វិស័យចម្បងៗនៃសេដ្ឋកិច្ច។ ចំណែកការអភិវឌ្ឍន៍វិស័យមីក្រូហិរញ្ញវត្ថុនិងបច្ចេកវិទ្យាហិរញ្ញវត្ថុ នឹងបន្តជាកម្លាំងចលករជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ដែលរំពឹងថា នឹងអាចកើនដល់៥៨% ស្របពេលដែលចំណេះដឹងផ្នែកហិរញ្ញវត្ថុត្រូវបានលើកកម្ពស់ជាលំដាប់ » ៕
ចែករំលែកព័តមាននេះ