ខេត្តកំពត ៖ លោកអភិបាលខេត្តកំពតចែកស្រូវពូជជូនពលរដ្ឋនៅជាប់ព្រំដែន ប្រជាពលរដ្ឋចំនួន១ពាន់គ្រួសារមកពីភូមិចំនួន៥ ក្នុងឃុំព្រៃទន្លេ ស្រុកបន្ទាយមាស បានទទួលស្រូវពូជពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពត ។
ការចែកស្រូវពូជជូនដល់ប្រជាពលរដ្ឋចំនួនមួយពាន់គ្រួសារនេះ កាលពីព្រឹកថ្ងៃទី១ ខែធ្នូនេះដោយមានលោក ជាវ តាយ អភិបាលខេត្តកំពត និងអមដំណើរលោកអភិបាលរងខេត្ត និងមន្ត្រីសាលាស្រុកបន្ទាយមាសជាច្រើននាក់ទៀត ។
លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍នៅក្នុងពិធីចែកស្រូវពូជនៅវត្តព្រៃទន្លេថា ស្រុកបន្ទាយមាស មានឃុំចំនួន៥ មានផ្ទៃដីខូចខាតស្រូវ គឺឃុំត្នោត ចុងស្រង់ ឃុំស្ដេចគង់ ខាងត្បូង ឃុំស្ដេចគង់ខាងជើង ឃុំស្ដេចគង់ខាងលិច និងឃុំព្រៃទន្លេ ។ លោកចាន់ រិទ្ធ មានប្រសាសន៍ថា ឃុំព្រៃទន្លេជាឃុំជាប់ភូមិសាសន៍ជាមួយប្រទេសវៀតណាម ។ លោកចាន់ រិទ្ធ ប្រាប់ឲ្យដឹងថា ស្រូវពូជដែលចែកជូនដល់ប្រជាពលរដ្ឋទាំង៥ភូមិនៅក្នុងឃុំព្រៃទន្លេថ្ងៃនេះសុទ្ធតែទទួលរង ដោយគ្រោះជំនន់ទឹកភ្លៀងក្នុងមួយគ្រួសារទទួលបាន១រយគីឡូ ។ លោកចាន់ រិទ្ធ បានប្រាប់ថា ស្រូវពូជដែលចែកជូនថ្ងៃនេះក្រសួងមិនយកសំណងពីពលរដ្ឋវិញឡើយ ។
លោកជាវ តាយ បានមានប្រសាសន៍ទៅកាន់ពលរដ្ឋថា រដ្ឋបាលខេត្តកំពតពិតជាមានការយឺតយ៉ាវបន្តិចក្នុងការចែកស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋនៅឃុំព្រៃទន្លេ ។ លោកជាវ តាយ បានលើកសរសើរដល់ពលរដ្ឋនៅជាប់ព្រំដែនថា នៅតាមវាលស្រែមាន ពណ៌ខៀវខ្ចីពិតជាពលរដ្ឋនៅឃុំព្រៃទន្លេមានការមមាញឹកណាស់ ក្នុងការបង្កបង្កើនផលស្រូវទាំងរដូវវស្សា និងរដូវប្រាំង ។ លោកជាវ តាយ បានជម្រាបទៅពលរដ្ឋថា បើមានដីស្រែជួនទៅអោយជនជាតិវៀតណាម ត្រូវតែបញ្ឈប់ជាបន្ទាន់។ ទោះជាបែបណាមិនមានរបាយការជាផ្លូវការទេ តែបើតាមប្រភពព័ត៌មានមួយបានប្រាប់អោយដឹងថា សព្វថ្ងៃមានប្រជាពលរដ្ឋ៨គ្រួសារបានជួលដីស្រែអោយពលរដ្ឋវៀតណាមធ្វើស្រែចំនួន៥០ហិកតា នៅឃុំព្រៃទន្លេ និងឃុំត្នោតចុងស្រង់ ។
មូលហេតុជួលដីស្រែទៅអោយវៀត ណាម នោះមកពីម្ចាស់ស្រែមិនមានលទ្ធភាពធ្វើដោយសារជីថ្លៃ ស្រូវថោក ។ បន្ទាប់ពីចែកស្រូវពូជជូនដល់ពលរដ្ឋ ហើយលោកជាវ តាយ អភិបាលខេត្តរួមដំណើរមន្ត្រីអ្នកមុខអ្នកការសាលាខេត្ត និងស្រុកចុះទៅពិនិត្យមើលត្រង់ចំណុចព្រែកអន្សាចំណុចចុះស្រូវឆ្លងទៅវៀតណាម បើតាមដឹងក្នុងរយៈពេលរដូវខែប្រមូលផលស្រូវការឆ្លងកាត់ព្រែកនេះមានចំនួន១១ម៉ឺនតោន ។ តែចំណុចស្រូវឆ្លងកាត់នេះក៏កំពុងសំណើរសុំទៅក្រសួងមហាផ្ទៃបើកច្រកទ្វារទ្វេភាគីផងដែរ ៕
ចែករំលែកព័តមាននេះ