ទីក្រុងប៊ុយណូស៊ែរ ៖ ប្រធានាធិបតីចិន លោក ស៊ីជិន ពីង (Xi Jinping) និងមេដឹកនាំប្រទេសកំពុងអភិវឌ្ឍន៍សំខាន់ៗដទៃទៀតបានរិះគន់គោលនយោបាយការពានិយមនៅកិច្ចប្រជុំG20 ក្នុងប្រទេសអាហ្សង់ទីន កាលពីថ្ងៃសុក្រកន្លងមកនេះ ។
កិច្ចប្រជុំនៅឆ្នាំនេះ គឺជាការសាកល្បងដ៏សំខាន់មួយសម្រាប់ប្រទេសឧស្សាហកម្មរបស់ G20 ដែលបានជួបដំបូងនៅឆ្នាំ២០០៨ ដើម្បីសង្គ្រោះសេដ្ឋកិច្ចពិភពលោកពីវិបត្តិហិរញ្ញវត្ថុ ។ ព្រោះតែកំណើនគំនិតជាតិនិយមក្នុងប្រទេសជាច្រើន G20ជួបប្រទះនឹងសំណួរជាច្រើនទាក់ទិននឹងសមត្ថភាពក្នុងការដោះស្រាយភាពតានតឹងពាណិជ្ជកម្មដែលបានប៉ះពាល់ដល់ទីផ្សារពិភពលោក។
បញ្ហាដែលគ្របដណ្តប់កិច្ចប្រជុំនៅអាហ្សង់ទីន គឺជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនដែលបានដាក់ពន្ធលើគ្នាទៅវិញទៅមកអស់រាប់សិបប៊ីលានដុល្លារ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ចេញវិធានការដើម្បីប្រឆាំងនឹងសកម្មភាពពាណិជ្ជកម្មរបស់ចិន ។
លោកប្រធានាធិបតី ស៊ី និងមេដឹនាំដទៃក្នុង BRICS ដែលរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិននិងអាហ្វ្រិកខាងត្បូង បានចេញសេចក្តីថ្លែងការណ៍ស្នើឲ្យមានការធ្វើពាណិជ្ជកម្មអន្តរជាតិដែលបើកទូលាយ និងពង្រឹងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាដើម ។
មេដឹកនាំទាំងនោះបាននិយាយថា ៖« ស្មារតី និងវិធានរបស់WTOប្រឆាំងនឹងគោលនយោបាយឯកតោភាគីនិយមនិងការពារនិយម។ ពួកយើងស្នើដល់សមាជិកទាំងអស់ឲ្យប្រឆាំងនឹងគោលនយោបាយដែលមិនស្របនឹង WTO និងបន្តប្តេជ្ញាគោរពតាម WTO »។
ប្រទេសចិនចង់បញ្ចុះបញ្ចូលលោកប្រធានាធិបតីត្រាំឲ្យបោះបង់គម្រោងការរបស់លោកក្នុងការបង្កើនពន្ធលើផលិតផលចិនប្រមាណ ២០០ប៊ីលានដុល្លារពី១០%នាបច្ចុប្បន្នដល់ ២៥%នៅខែមករាខាងមុខនេះ៕
ចែករំលែកព័តមាននេះ