ខេត្តកំពត ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបុកគ្នាក្នុងទិសដៅបញ្ជ្រាសគ្នា ដោយរថយន្តបើកបរពីក្រោមឡើងទៅលើភ្នំបូកគោ ចំណែកម៉ូតូបើកបរចុះពីលើភ្នំមកក្រោម លុះដល់ចំណុចផ្លូវកោងក៏បានបុកគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូបោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ ហើយម៉ូតូបានរងការខូចខាតធ្ងន់ ចំណែករថយន្តខូចខាតស្រាល។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៨ នៅចំណុចគីឡូម៉ែត្រលេខ៩ (ចំណុចផ្លូវកោងភ្នំបូកគោ) ស្ថិតក្នុងភូមិបឹងទូក ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
សមត្ថកិច្ចចរាចរខេត្តបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះស៊ុន ពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ រស់
នៅភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ជាអ្នកបើកបរម៉ូតូម៉ាកឌ្រីមសង់ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត ១K-០០៨០។
ចំណែករថយន្តម៉ាកម៉ាស្តា ពាក់ផ្លាកលេខ ភ្នំពេញ ២AW-៥០៩៩ បើកបរដោយឈ្មោះស៊ានប៉ិន តូរ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពដដែលឲ្យដឹងថាៈក្នុងហេតុការណ៍ខាងលើ អ្នកបើកបរម៉ូតូដែលស្លាប់នៅកន្លែងកើតហេតុ ត្រូវបានរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនសុខាអូតែលជួយដឹកមកកាន់ស្រុកកំណើតដើម្បីប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
ចំណែករថយន្តនិងម៉ូតូ ព្រមទាំងអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចបាននាំយកមកការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរ និងដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ