ទស្សនវិស័យ​ខុន​ដូ​នៅ​បាងកក​មិន​ស្រស់ស្រាយ​ឡើយ


ទីក្រុង​បាងកក ៖ យោង​តាម​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អចលនទ្រព្យ​អន្តរជាតិ CBRE បាន​ឲ្យ​ដឹង​ថា ទីផ្សារ​ផ្ទះ​ក្នុង​ទីក្រុង​បាងកក​កាន់តែ​មាន​ភាព​មិន​ប្រាកដប្រជា​ឡើង​ហើយ បើ​ទោះជា​ក្រុមហ៊ុន​អចលនទ្រព្យ​បាន​បង្កើន​ការ​ចេញ​លក់​ខុន​ដូ​ថ្មី​ៗ​ពិតមែន ប៉ុន្ដែ​ចំនួន​លក់​ឲ្យ​អតិថិជន​ថៃ​បាន​ធ្លាក់​ចុះ​ក្នុង​តំបន់​មួយ​ចំនួន ហើយ​អាច​នឹង​ធ្លាក់​ចុះ​បន្ថែម​ទៀត​បន្ទាប់​ពី​ការ​បង្កើន​អត្រា​ការ​ប្រាក់​កម្ចី ។

CBRE បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ចំនួន​កំពុង​តែ​ព្យាយាម​ស្វែងរក​ទីតាំង​ដែល​មាន​តម្រូវការ​ពិតប្រាកដ​ពី​អតិថិជន​ថៃ និង​អភិវឌ្ឍន៍​គម្រោង​ដែល​អតិថិជន​អាច​មាន​សមត្ថភាព​ទិញ​បាន ។ ក្រុមហ៊ុន​ដទៃ​ទៀត​បាន​បង្កើន​ការ​ពឹងផ្អែក​លើ​ការ​លក់​ឲ្យ​ជនបរទេស បើ​ទោះជា​នៅ​មិន​ទាន់​ប្រាកដប្រជា​ពី​អ្នក​រស់នៅ​ពិតប្រាកដ​ពិតមែន​ក្តី ។

ទីផ្សារ​ជួល​ផ្ទះ​ឲ្យ​ជនបរទេស​ដែល​ធ្វើការ​ក្នុង​ប្រទេស​ថៃ​នៅ​កណ្តាល​ទីក្រុង​បន្ត​មាន​ភាពរឹងមាំ ប៉ុន្តែ CBRE គិត​ថា ទីផ្សារ​ជួល​ក្នុងស្រុក​នៅ​តំបន់​ដទៃ​ទៀត​នៅ​ទន់ខ្សោយ​នៅឡើយ ដូច្នេះ​អតិថិជន​ដែល​ចង់​ទិញ​ដើម្បី​ដាក់​ផ្ទះ​ជួល​ប្រហែលជា​មិន​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ដូចដែល​ពួក​គេ​គិត​ទុក​ឡើយ ។
ក្នុង​ពេល​ថ្មី​ៗ​នេះ ធនាគារជាតិ​ថៃ​បាន​ចេញ​វិធានការ​រឹត​បន្តឹង​ការ​ផ្តល់​ប្រាក់​កម្ចី​ដើម្បី​កាត់​បន្ថយ​ការ​បញ្ចាំ​អចលនទ្រព្យ និង​ហានិភ័យ​ក្នុង​ទីផ្សារ​អចលនទ្រព្យ ព្រមទាំង​បង្កើន​គុណភាព​ការ​ផ្តល់​កម្ចី​ទិញ​ផ្ទះ​ផង​ដែរ។

វិធានការ​ថ្មី​ៗ​នេះ​នឹង​ចាប់​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ទី​១ ខែមេសា​ឆ្នាំ​ក្រោយ ហើយនឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អតិថិជន​ដែល​ទិញ​ផ្ទះ​ដំបូង ខណៈ​ដែល​វិនិយោគិន​ដែល​ទិញ​ផ្ទះ​ដើម្បី​ជួល​បន្ត​អាច​នឹង​ទទួល​រង​ការ​ប៉ះពាល់ ។

ច្បាប់​ថ្មី​នេះ​នឹង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ទាមទារ​ប្រាក់​កក់​ច្រើន​ជាង​មុន​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ប្រាក់​កម្ចី​ផង​ដែរ​។ វា​នឹង​កាត់​បន្ថយ​តម្រូវការ​ពី​អតិថិជន​ដែល​ទិញ​ផ្ទះ​ដើម្បី​លក់​បន្ត​ព្រោះ​ពួក​គេ​នឹង​ត្រូវ​បង់​ដល់​ទៅ​២០​ទៅ​៣០% សម្រាប់​ជា​ប្រាក់​កក់ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ