ខេត្តប៉ៃលិន ៖ បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឱ្យក្មេងតូច ម្នាក់រងរបួសមុខ និងក្បាលត្រូវបានឪពុកម្តាយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាអូរតាពុក ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។ រហូតមកដល់ពេលនេះឪពុកម្តាយរបស់កុមារារងគ្រោះមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពកូនរបស់ខ្លួន ខណៈពួកគាត់ទុកចិត្តលោកគ្រូ អ្នកគ្រូ ដោយសារជាប់រវល់ធ្វើការងារនៅផ្ទះ ។
ប្រភពព័ត៌មានបានឱ្យដឹងថា កុមារារងគ្រោះមានឈ្មោះ នាក់ ខែមរ៉េត អាយុ៦ឆ្នាំ រៀនថ្នាក់ទី១ «ក» នៃសាលាបឋមសិក្សាអូរតាពុកក្រោម រងរបួសមុខ និងក្បាលផ្នែកចំហៀងខាងស្តាំ មានឪពុកឈ្មោះ នាក់ ង៉យ អាយុ៤៥ឆ្នាំ ជាពេទ្យសត្វ ម្តាយឈ្មោះ ទុយ ស៊ីនឿន អាយុ៤០ឆ្នាំ រស់នៅក្បែរបរិ វេណសាលារៀន ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។ ចំណែកអ្នកបើកបរម៉ូតូបង្កហេតុ ដែលបុកក្មេងខាងលើ មិនស្គាល់អត្តសញ្ញាណ ដោយបន្ទាប់ពីបង្កហេតុរួច សន្យានឹងដោះស្រាយសងថ្លៃការព្យាបាល ។
ប្រភពព័ត៌មានពីលោក នាក់ ង៉យ ជាឪពុកកុមារារងគ្រោះ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ គាត់ មានការរវល់ការងារច្រើននៅផ្ទះ ដោយយកកូនៗ របស់ខ្លួនទៅផ្ញើទុកនឹងលោកគ្រូអ្នកគ្រូឱ្យមើល លុះដល់ផុតម៉ោងការសិក្សា ទើបពួកគេនាំបងប្អូនដើរត្រឡប់មកផ្ទះវិញ ព្រោះនៅទល់មុខសាលារៀន ។
លោកបន្តទៀតថា ប៉ុន្តែនៅព្រឹកថ្ងៃកើតហេតុ ខណ:ដល់ម៉ោងចេញទៅផ្ទះហើយ ពេលកូនគាត់ដើរចេញមិនទាន់ផុតសាលារៀនផង ស្រាប់តែមានអ្នកជិះម៉ូតូចូលទៅក្នុងបរិវេណសាលា ដើម្បីឌុបប្អូនរបស់គេបើកបរយ៉ាងលឿន ខណៈកូនគាត់ដើរសុខៗ ក៏បុកពីក្រោយដួលអូសតាមម៉ូតូរងរបួសតែម្តង ។
លោកបញ្ជាក់ថា ក្រោយមកក៏ប្រញាប់យកទៅថតស្កេនមើលផ្នែកក្បាលនៅឯមន្ទីរពេទ្យខេត្តបាត់ដំបង ព្រោះប៉ះពាល់ក្បាលផ្នែកខាងឆ្វេង តែគ្រូពេទ្យប្រាប់ថា ឱ្យរង់ចាំតាមដានមើល២ទៅ៣ថ្ងៃសិន ទើបក្រោយមកលោកដឹកយកមកសម្រាកនៅក្នុងផ្ទះសិន មិនទាន់ឱ្យហ៊ានចូលរៀននោះទេ ព្រោះតាមដានអាការ: ។
លោកពិតជាមានការអាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំង ហើយក៏មានការព្រួយបារម្ភពីសុវត្ថិភាពកូនៗ របស់ខ្លួនផងដែរ បើសិនជាលោកគ្រូ អ្នកគ្រូ និងនាយកសាលាមិនធ្វើការហាមប្រាម អ្នកបើកបរម៉ូតូចូលទៅក្នុងបរិវេណសាលានេះទេ នៅថ្ងៃណាមួយអាចនឹងបង្កគ្រោះថ្នាក់ដល់ក្មេងៗ ដែលរត់លេងនៅក្នុងនោះជាក់ជាមិនខាន ។
បើតាមលោក រ៉ូ ប៊ុនណា នាយករងសាលាបឋមសិក្សាអូរតាពុក្រោម បានឱ្យដឹងថា ខាងលោកអត់បានទទួលដំណឹងថាក្មេងតូចខាងលើមានគ្រោះថ្នាក់ម៉ូតូបុកទេ តែបន្ទាប់ពីទទួលបានដំណឹងនេះ លោកនឹងទៅមើលដល់ផ្ទះ ហើយលោកក៏នឹងហាមប្រាមមិនឱ្យម៉ូតូបើកបរចេញចូលទៅមកក្នុងបរិវេណសាលាទៀតដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តប៉ៃលិន បានឱ្យដឹ ងថា ខាងលោកអត់បានទទួលព័ត៌មានណាមួយ ទាក់ទិននឹងក្មេងប្រុសខាងលើត្រូវម៉ូតូបុកនោះឡើយ តែទោះបីជាយ៉ាងណា លោកនឹងទាក់ទងទៅនាយកសាលា ដើម្បីសួរនាំ ហើយនឹងអប់រំមិនឱ្យយុវជន ឬអាណាព្យាបានបើកបរម៉ូតូចេញចូលក្នុងបរិវេណសាលាបន្តទៀត ។
លោកបន្តទៀតថា មិនត្រឹមតែសាលាខាងលើ ទោះបីជាសាលារៀនបឋមសិក្សា ឬអនុវិទ្យាល័យ ក៏ត្រូវតែឈប់ចតនៅខាងមុខ រួចឱ្យដើរចូលទៅក្នុងថ្នាក់រៀន ដោយមិនត្រូវជិះម៉ូតូចូលទៅដល់ថ្នាក់ឡើយ ព្រោះអាចបង្កបញ្ហាគ្រោះថ្នាក់ដល់ សិស្សសាលាដទៃទៀត ដែលកំពុងលេងនៅក្នុងនោះ ៕
ចែករំលែកព័តមាននេះ