ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​ត្រូវ​បាន​កម្លាំង​ចម្រុះ​បង្ក្រាប​បាន ខណៈ​កំពុង​ធ្វើ​សកម្មភាព

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​«​នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​៥ និង​១១​នាទី កម្លាំង​ជំនាញ​បរិស្ថាន​សហការ​ជាមួយ​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ដឹកនាំ​ដោយ​លោក ឧត្ដមសេនីយ៍ត្រី ម៉ី…

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​«​នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​៥ និង​១១​នាទី កម្លាំង​ជំនាញ​បរិស្ថាន​សហការ​ជាមួយ​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ដឹកនាំ​ដោយ​លោក ឧត្ដមសេនីយ៍ត្រី ម៉ី អាន ស្នងការ​រង និង​ជា​ប្រធាន​ផែន​ប្រឆាំង​បទល្មើស​បាន​ធ្វើការ​ចាប់​ឃាត់​រថយន្ត​ចំនួន​០១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ (​យី​ឌុ​ប​) ពណ៌​ត្រេ​អ៊ី ក្បាល​ពណ៌​ស ចង្កូត​ឆ្វេង ពាក់​ស្លាក​លេខ ស្វាយ​រៀង ៣A- ៧៧៨៨ នៅ​ចំណុច​ផ្លូវលំ​ជិត​ស្នាក់​ការ​របៀង ស្ថិត​នៅ​ភូមិ​មេ​មុំ ឃុំរ​យ៉ មាន​ផ្ទុក​ឈើមូល​ប្រភេទ​លេខ​១ (​សុ​ក្រំ​) ចំនួន ៣៧​កំណាត់ ក្នុង​នោះ​រួម​មាន​៖ ឈើ​ថ្មី​មាន​ចំនួន​២៣​កំណាត់ ឈើ​ចាស់​មាន​ចំនួន​១៤​កំណាត់​»​។ បច្ចុប្បន្ន​វត្ថុ​តាង​ត្រូវ​បាន​រក្សារ​ទុក​នៅ​កន្លែង ស្នាក់​ការ​បរិស្ថាន​ច្រក​ល្បៀ​ង​របស់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​។

ចំណែក​ម្ចាស់​ឈើ​ត្រូវ​បាន​គេ​ខ្សឹប​ថា ឈ្មោះ ផា​ន់ ណា ដែល​ជា​មនុស្ស​ជំនិត​របស់​ឧកញ៉ា​ល្បី​ខាង​ជួញដូរ​ឈើ​ម្នាក់​ក្នុង​ជួរ​យោធា​។ ប្រភព​ថា ជា​ញឹកញាប់​ឈ្មោះ ផា​ន់ ណា តែង​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញពី​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ហើយ​អះអាង​ថា ជា​ឈើ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ លុះ​ពេល​តាម​ទាន់​ជាក់ស្តែង​បែប​នេះ ទើប​ដឹង​ថា គឺជា​ឈ្មោះ​ដែល​កាប់​ចេញពី​ក្រៅ​ដី​ក្រុមហ៊ុន​(​ដី​ព្រៃ​ការពារ​)​ទៅ​វិញ​។ លោក អ៊ុំ វណ្ណ​សុភៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​ឲ្យ​ដឹង​ថា «​ករណី​នេះ​ជំនាញ​របស់​លោក កំពុង​ចុះ​ត្រួតពិនិត្យ​…​មិន​ទាន់​ដឹង​ថា មានច្បាប់​បែប​ណា​នោះ​ទេ​…​ម្យ៉ាង​ករណី​នេះ​ខាង​បរិស្ថាន និង​នគរបាល​ជា​អ្នក​បង្ក្រាប​…»​។ លោក ហ៊ាន សា​ខន នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​-​លំ​ផាត់ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​នា​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៨​។

ចំណែក​ករណី​ដាច់​ដោយឡែក​មួយទៀត រថយន្ត​កាម​រី​ពីរ​គ្រឿង​លួច​ដឹកឈើ​ខុសច្បាប់ ត្រូវ​បាន​លោក វុ​ធ សា​រុំ នាយក​ដែនជម្រកសត្វព្រៃ​ណា​ម​លៀរ​បាន​បញ្ជា​ផ្ទាល់​ដល់​កម្លាំង​ឧ​ទ្យា​នុ​រក្ស និង​ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ចុះ​ប្រតិបត្តិការ​បង្ក្រាប​រថយន្ត​ដឹកឈើ នៅ​ចំណុច​វ៉ា​រយោង ភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា កាលពី​រសៀល​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៨​។ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា រថយន្ត​ទាំង​ពីរ​គ្រឿង​នេះ បាន​ផ្ទុក​ឈើ​ប្រណីត​ធ្នង់ និង​នាងនួន ចេញពី​ទីប្រជុំជន​ស្រុក ឆ្ពោះទៅ​ព្រំដែន​កម្ពុជា​វៀតណាម តែ​ត្រូវ​ជំនាញ​ប្រទះ​ឃើញ​ដេញ​បង្ក្រាប​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ