ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចាំបាច់​ត្រូវ​មានប្រព័ន្ធ​ដឹក​ជញ្ជូន​ប្រសើរជាង​មុន​ដើម្បី​ធ្វើ​ពិពិធ​កម្មសេដ្ឋកិច្ច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា កម្ពុជា​ចាំបាច់​ត្រូវ​មាន​ប្រព័ន្ធ​ដឹក​ជញ្ជូន​មួយ​ដែល​ប្រសើរ​ជាង​មុន មាន​តម្លៃ​ថោក​ជាង​មុន និង​មាន​ប្រសិទ្ធភាព​ជាង​មុន ទាំង​តាម​បណ្តាញ​ដឹក​ជញ្ជូន​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា កម្ពុជា​ចាំបាច់​ត្រូវ​មាន​ប្រព័ន្ធ​ដឹក​ជញ្ជូន​មួយ​ដែល​ប្រសើរ​ជាង​មុន មាន​តម្លៃ​ថោក​ជាង​មុន និង​មាន​ប្រសិទ្ធភាព​ជាង​មុន ទាំង​តាម​បណ្តាញ​ដឹក​ជញ្ជូន​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និង​ផ្លូវដែក ដើម្បី​បង្កើន​សមត្ថភាព​នាំ​ចេញ ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ការ​ទាក់ទាញ​វិនិយោគ នៅ​គ្រប់​សកម្មភាព​ធុរកិច្ច​គ្រប់​ប្រភេទ ។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វ​ង្សី វិស្សុត បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​រៀបចំ​ផែនការមេ ស្ដី​ពី ប្រព័ន្ធ​ដឹក​ជញ្ជូន​នៅ​កម្ពុជា នៅ​ទីស្តីការក្រសួង កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា កន្លង​មក​ថា ការ​រៀបចំ​ផែនការមេ​ស្តី​ពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​នេះ គឺជា​ការ​គិតគូរ​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ពិសេស​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ប្រព័ន្ធ​ដឹក​ជញ្ជូន​មួយ ដែល​មាន​ភាព​ប្រទាក់ក្រឡា និង​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់ ធៀប​ជាមួយ​ប្រទេស​ជិតខាង ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រយៈពេល​វែង កា​រត​ភ្ជាប់​ប៉ូ​ល​សេដ្ឋកិច្ច​សំខាន់​ៗ​នៅ​ក្នុង​ប្រទេស និង​ការ​បង្កើន​ល្បឿន​សមាហរណកម្ម​សេដ្ឋកិច្ច ទៅ​ក្នុង​តំបន់ និង​ពិភពលោក ។

លោក​បន្ត​ថា ៖« សម្រាប់​ទស្សនវិស័យ​ទៅ​ថ្ងៃ​មុខ កម្ពុជា​ត្រូវ​ភ្ជាប់​ខ្លួន​ទៅ​នឹង​បណ្តាញ​ផលិតកម្ម​អន្តរជាតិ តាម​រយៈ​ការ​ប្រើប្រាស់​ជា​របៀង​ដឹក​ជញ្ជូន​ផ្នែក​ខាងកើត​ប្រទេស ភ្ជាប់​ពី​ភ្នំពេញ​ទៅ​វៀតណាម និង​ច្រករបៀង​ដឹក​ជញ្ជូន​ខាងលិច​ភ្ជាប់​ពី​ភ្នំពេញ ទៅ​ប្រទេស​ថៃ ដោយសារ​ប្រទេស​ទាំង​ពីរ​នេះ នឹង​ក្លាយទៅជា​មូលដ្ឋាន​ផលិតកម្ម​ដ៏​ធំ​នៅ​ក្នុង​តំបន់ »​។

លោក​រដ្ឋលេខាធិការ​បន្ថែម​ថា ទន្ទឹម​នេះ​កម្ពុជា​ក៏​ត្រូវ​ប្រើប្រាស់​ច្រក​កំពង់​ផែ​ទឹក​ជ្រៅ​ព្រះ​សីហ​នុ ដើម្បី​នាំ​ចេញ​ផលិតផល​សម្រេច​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ផង​ដែរ ដូច្នេះ​កម្ពុជា​ចាំបាច់​ត្រូវ​មាន​ប្រព័ន្ធ​ដឹក​ជញ្ជូន​មួយ​ដែល​ប្រសើរ មាន​ថ្លៃ​ថោក​ជាង​មុន និង​មាន​ប្រសិទ្ធភាព​ជាង​មុន ។

លោក​សង្កត់ធ្ងន់​ថា ៖« ដើម្បី​ជំរុញ​ឲ្យ​មាន​ប្រសិទ្ធភាព ការ​សិក្សា​នេះ​គួរតែ​ពិនិត្យ​មើល​លើ​គ្រប់​ផ្នែក ដោយ​កា​រត​ភ្ជាប់​មិន​ត្រឹមតែ​ការ​ភ្ជាប់​ផ្នែក​រឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្នែក​ទន់ ដែល​រួម​មាន​ផ្នែក​ស្ថាប័ន ការ​គ្រប់គ្រង ក៏​ដូច​ជា​ហិរញ្ញប្បទាន​វិនិយោគ​ជាដើម ដែល​អាច​រកបាន​តាម​រយៈ​ថវិកាជាតិ ការ​ខ្ចី ការ​វិនិយោគ​ពី​វិស័យ​ឯកជន ក៏​ដូច​ជា​ការ​វិនិយោគ​រួម​គ្នា រវាង​វិស័យ​សាធារណៈ និង​ឯកជន (PPP) »​។

កន្លង​មក ភាគី​កម្ពុជា និង​ភាគី​ចិន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​រៀបចំ​គម្រោង​ផែនការមេ លើ​ប្រព័ន្ធ​ដឹក​ជញ្ជូន​នៅ​កម្ពុជា ចាប់តាំងពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ក្នុង​នោះ​គណៈប្រតិភូ​ចិន ដែល​រួម​មាន​អ្នក​ជំនាញការ​ចំនួន​៦៣​រូប ដែល​បែងចែក​ជា​៦​ក្រុម ដើម្បី​សិក្សា​និង​ជំរុញ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស ។

លោក​បណ្ឌិត ម៉ី កល្យាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​វិទ្យាស្ថាន​សិក្សាការ​អភិវឌ្ឍ​បាន​ថ្លែង​ថា ហេដ្ឋារចនាសម្ព័ន្ធ​ជា​បញ្ហា​ប្រឈម ក្នុង​វិស័យសេដ្ឋកិច្ច​កម្ពុជា​ជា​យូរ​មក​ហើយ ដែល​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​របស់​កម្ពុជា​មាន​តម្លៃ​ខ្ពស់​បំផុត បើ​ធៀប​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ប៉ុន្តែ​ឆ្លើយ​តប​បញ្ហា​នេះ រាជរដ្ឋាភិបាល​បាន​និង​កំពុង​គិតគូរ និង​វិនិយោគ​លើ​វិស័យ​នេះ ប៉ុន្តែ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គឺ​ត្រូវការ​ពេលវេលា ។ ហេតុនេះ​ការ​ព​ន្លឿ​ន​ការ​វិនិយោគ​លើ​វិស័យ​នេះ​គឺជា​រឿង​ចាំបាច់ ។

លោក​បន្ត​ថា ៖« ដើម្បី​ព​ន្លឿ​ន និង​ជំរុញ​កំណើនសេដ្ឋកិច្ច កម្ពុជា​ត្រូវការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ព្រោះ​បើ​មិន​វិនិយោគ​លើ​វិស័យ​នេះ​ទេ សេដ្ឋកិច្ច​របស់​យើង​នឹង​នៅ​តែ​ប៉ុណ្ណឹង »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ