ខេត្តឧត្តរមានជ័យ ៖ កាលពីព្រឹកថ្ងៃទី២៩ វិច្ឆិកា ២០១៨នេះ មានករណីប្រទះឃើញសាកសពមនុស្សម្នាក់ អណ្តែតក្នុងទឹកអូរព្រៃអូរឫស្សី ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ បន្ទាប់ពីទទួលបានព័ត៌មាននោះ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេស សហការជាមួយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងនគរបាលក្រុងសំរោង បានចុះដល់កន្លែងកើតហេតុ ដែលមានចម្ងាយពីផ្លូវជាតិលេខ៦៨ប្រមាណ ៣០០ម៉ែត្រ ខាងកើតបន្ទាយកងពលតូចលេខ៤២ នៃកងយោធពលខេមរភូមិន្ទ។
សាកសពនោះជាមនុស្សស្រី ដែលដំបូងមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែក្រោមការស្រាវជ្រាវរយៈពេល២ម៉ោងក្រោយមក ទើបរកឃើញអត្តសញ្ញាណនៃជនរងគ្រោះ។ ជនរងគ្រោះ ឈ្មោះ ឡែង គឿន ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ តាមការបំភ្លឺពីឈ្មោះ អៀម អេម ភេទប្រុស អាយុ៤៦ឆ្នាំ ត្រូវជាក្មួយសាកសព ធ្វើទាហានកងពលលេខ២ វរៈ២៣ វិស្វកម្ម ឈរជើងនៅចំណុចអូរក្រវ៉ាន់ បានឲ្យសមត្ថកិច្ចដឹងថា នៅថ្ងៃទី២៦ វិច្ឆកា ២០១៨ ប្តីគាត់(ជនរងគ្រោះ) ឈឺហើយបានដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ កងពលលេខ៤២ ប្រពន្ធគាត់(សាកសព) ក៏បានមកនៅតាមមើលថែរក្សាប្តីរហូតដែរ លុះដល់ថ្ងៃទី២៧ វិច្ឆិកា ស្រាប់តែពេទ្យបានប្រាប់ថា បាត់គាត់ជាប្រពន្ធមិនឃើញនៅមើលប្តីទេ។
ពេលនោះខ្ញុំ(អៀម អេម) មិនបានចាប់អារម្មណ៍ទេ តែនៅថ្ងៃទី២៩ វិច្ឆិកា នេះខ្ញុំបានទទួលព័ត៌មានថា មានមនុស្សស្លាប់ខ្ញុំក៏ដើរទៅមើលទើបស្គាល់សាកសពនោះជាមីងរបស់ខ្ញុំឈោះ្ម ឡែង គឿន ពិតប្រាកដមែន។ សមត្ថកិច្ចបានការសន្និដ្ឋានជំហានដំបូងថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹក ។ សាកសពត្រូវបានក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ