ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​វណ្ណ ម៉ូ​នី​កា ចោទអ្នកដឹកនាំ​រឿង​បបួល​ឡើង​គ្រែ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​កញ្ញា​វណ្ណ ម៉ូ​នី​កា បាន​ទម្លាយ​សារ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​របស់​អ្នកដឹកនាំ​រឿង​លោក​ជា ឈី​ម ដែល​បាន​បបួល​នាង​ឡើង​គ្រែ​ក្នុង​តម្លៃ​៥០​ដុល្លារ ។ មិនដឹង​ថា​រឿង​នេះ​កើតឡើង​ដោយ​ផ្តើម​ពី​បញ្ហា​អ្វី​នោះ​ឡើយ ប៉ុន្តែ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​តារា​សម្តែង​វណ្ណ ម៉ូ​នី​កា…

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​កញ្ញា​វណ្ណ ម៉ូ​នី​កា បាន​ទម្លាយ​សារ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​របស់​អ្នកដឹកនាំ​រឿង​លោក​ជា ឈី​ម ដែល​បាន​បបួល​នាង​ឡើង​គ្រែ​ក្នុង​តម្លៃ​៥០​ដុល្លារ ។

មិនដឹង​ថា​រឿង​នេះ​កើតឡើង​ដោយ​ផ្តើម​ពី​បញ្ហា​អ្វី​នោះ​ឡើយ ប៉ុន្តែ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​តារា​សម្តែង​វណ្ណ ម៉ូ​នី​កា នា​ពេល​ថ្មី​ៗ​នេះ​បាន​ទម្លាយ​សារ​ជា​សាធារណៈ​រវាង​នាង និង​លោក ជា​ឈី​ម ជាមួយនឹង​ការ​បោះ ពាក្យ​សម្តី​ឲ្យ​៥០​ដុល្លារ​ដើម្បី​ទៅ​កន្លែង​ដ៏​ថោកទាប​មួយ ។ តាម​សារ​ដែល​វណ្ណ ម៉ូ​នី​កា បាន​សរសេរ​នោះ​បញ្ជាក់​ថា «​នាង​ខ្ញុំ​ចង់​ប្រាប់​ទៅ​អ្នកដឹកនាំ​សម្តែង​វ័យចាស់​ម្នាក់​ឈ្មោះ​លោក​ជា ឈី​ម ពី​មុន​ខ្ញុំ​សរសើរ​គាត់​ខ្លាំង​ណាស់ គឺ​គាត់​ជា​មនុស្ស​ល្អ តែ​មុន​នេះ​ខ្ញុំ​មិន​នឹក​ស្មានថា គាត់​ហ៊ាន​ធ្វើ​ចរិត​ថោកទាប​ឡើយ ។

គាត់​បាន​បោះពាក្យ​ចង់​ជួប​ខ្ញុំ ហើយ​បបួល​ខ្ញុំ​ទៅ​កន្លែង​ថោកទាប ហើយ​ប្រើ​ពាក្យ​ថា គាត់​ឲ្យ​លុយ​ខ្ញុំ​៥០​ដុល្លារ ព្រោះតែ​គាត់​មាន​តែ​ប៉ុណ្ណឹង ។ ភ្លាម​ៗ​នោះ ខ្ញុំ​ក៏​ផ្ញើ​សារ​ទៅ​វិញ​ថា សូមទោស​ផង​ខ្ញុំ​មិន​ស្រួលខ្លួន ហើយ​បើ​អត់​លុយ​ទុក​លុយ​ហ្នឹង​ចាយ​ខ្លួនឯង​ទៅ ហើយ​ស្រាប់តែ​គាត់​ប្លុក​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ ចោល​តែ​ម្តង»។

វណ្ណ ម៉ូ​នី​កា និយាយ​ទៀត​ថា «​ឬ​អាង​ខ្លួន​លោក​ឯង​ជា​អ្នកដឹកនាំ​សម្តែង​មែន​ទេ ? ចង់​ឲ្យ​តួ​ណា​ថត ឬ​ក៏​មិន​ឲ្យ​ថត​ស្រេច​តែ​ចិត្ត​ខ្លួនឯង ហើយ​បើ​ចង់ស៊ី​តួ​ណា​ក៏​បាន​តាមតែ​ចិត្ត​មែន​ទេ ? ស្រុក​ខ្មែរ​បើ​នៅ​តែ​មាន​អ្នកដឹកនាំ​ស៊េរី​បន្ទាប​តួ​ស្រី​ៗ​បែប​នេះ ឆ្នាំ​ណា​ទើបបាន​រីក​ចម្រើន ដូច​ប្រទេស​គេ​ទៅ ? ខ្ញុំ​មាន​ភស្តុ​តាង​ដែល​អាច​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ទៀត​ផង ទោះបី​លោក​ឯង​ប្លុក​ហ្វេ​ស​ប៊ុ​ក​ខ្ញុំ​ក៏​ដោយ​»​។

វណ្ណ ម៉ូ​នី​កា ក៏​បាន​លើក​ឡើង​ទៀត​ថា «​រឿង​បេះដូង​តែ​មួយ អ្នក​គិត​ថា​ចង់​យក​ខ្ញុំ​ថត​ហើយ​ចង់​ដោះ​ដូរ​មែន​ទេ ? សូមទោស​ទៅ​មិន​រួច​ទេ តួ​ខ្ញុំ​មិនមែន​តួ​ចង់​ល្បី ដោយ​លេង​ផ្លូវ​កាត់​នោះ​ឡើយ​លោក​…​។ ស្រុក​ខ្មែរ​យើង​គួរតែ​លុប​បំបាត់​ចោល​ទៅ​អំពើ​ថោកទាប​អស់នេះ បើ​មិន​អ៊ីចឹង​ទេ​តារា​ស្រុក​ខ្មែរ​យើង វា​មិន​អាច​លូតលាស់​ដូច​ប្រទេស​គេ​ទេ ។

មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​ឡើយ បើ​មិន​ហ៊ាន​និយាយ ទុក​ឱកាស​ឲ្យ​អ្នក ផ្សេង​ៗ​មួយ​ចំនួន​តូច​កាន់តែ​បានដៃ​ហើយ ។ សំបូរ​អ្នក​ដែល​ខូច​ដូច​គាត់​មួយ​ចំនួន​តូច​ផង​ដែរ ដែល​ចូល​ចិត្ត​ធ្វើ​ដូច​គាត់​ណាស់ »​។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ដែរ​អ្នកដឹកនាំ​រឿង​ជើង​ចាស់​លោក​ជា ឈី​ម បាន​ឆ្លើយ​តប ភ្លាម​ៗ ដោយ​លោក​ចាត់​ទុក​ការ​ទម្លាយ​សារ​បែប​នេះ​ពី វណ្ណ ម៉ូ​នី​កា គ្រាន់តែ​ទាមទារ​ការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន​ប៉ុណ្ណោះ។ បើ​តាម​អ្វី​ដែ​លោក​បាន​សរសេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​បញ្ជាក់​ថា​«​ខ្ញុំបាទ​ឈ្មោះ​ជា ឈី​ម​ជា​ផលិតករ និង​ជា​Cameraman​ក្នុង​អាជីព​សិល្បៈ​ជាង​៣០​ឆ្នាំ​មក​ហើយ​បើ​ទោះបីជា​មិន​ល្បីល្បាញ​អី​អស្ចារ្យ ក៏​ប៉ុន្តែ​ខ្ញុំ​មាន​កេរ្តិ៍ឈ្មោះ ខ្លះ​ៗ​ដែរ អ្នក​ទាំងអស់​គ្នា​អាច​សួរ​តារា​មួយ​ណា​ក៏​បាន​ដែរ​ថា​តើ​ដើម្បី​ប្ដូរ​យក​ភាព​ល្បី ល្បាញ​ត្រូវ តែ​ប្ដូរ​ខ្លួន​ជាមួយ​ខ្ញុំ​ជា​ឈី​ម មែន​ទេ ។

លោក​បញ្ជាក់​ថា «​ប្រុស​ណា​ដែល​ថា​មិន​ចេះ​ខូចខិល ប្រសិនបើជា​ខ្ញុំ​ចរចា​ឡើង​គ្រែ​ជាមួយ​ស្ត្រី​ឈ្មោះ​ក ក្នុង​តម្លៃ​២០០​ដុល្លារ តែ​ខ្ញុំ​បែរជា​ឲ្យ​គេ​តែ​៥០​ដុល្លារ គឺ​ខ្ញុំ​ជា​មនុស្ស​ថោកទាប តែ​ក្នុង​ករណី​នេះ​មិន​ទាន់​បាន​ឡើង​លើ​គ្រែ​ជាមួយ​គ្នា​ផង តើ​ថោកទាប​ដែរ ឬទេ ។

បច្ចុប្បន្ន​តារា​មួយ​ចំនួន​តូច​ហេតុតែ​ចង់បាន​ភាព​ល្បីល្បាញ តែងតែ​រក​គ្រប់​វិធី​មិន​ថា​វិធី​ថោកទាប ឬ​ថ្លៃថ្នូរ​ក៏​ដោយ​ឲ្យ​តែ​បានការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ