ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ ធី នៅ​ក្មេង​សោះ តែ​​ប្រវត្តិ​ប្រកួត​រហូត​ដល់​ជាង​200​ដង​ឯណោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ សុខ ធី បាន​ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​មានការ ចាប់អារម្មណ៍​យ៉ាង​ខ្លាំង តាម​រយៈ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន​កាលពី​ប៉ុន្មាន​ខែ​មុន ហើយ​បាន​យកឈ្នះ​កីឡាករ ឡុ​ង…

រាជធានី​ភ្នំពេញ ៖ កីឡាករ សុខ ធី បាន​ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​មានការ ចាប់អារម្មណ៍​យ៉ាង​ខ្លាំង តាម​រយៈ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន​កាលពី​ប៉ុន្មាន​ខែ​មុន ហើយ​បាន​យកឈ្នះ​កីឡាករ ឡុ​ង ជិន ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ជា​លើក​ដំបូង ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្ដី ក៏​មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ថា អ្នក​ប្រដាល់​វ័យក្មេង​មក​ពី​ក្លិប​សាន​សៅ​យ៉ា​ន់​នាគា​ខេត្តបន្ទាយ​មាន​ជ័យ​រូប​នេះ មាន​ប្រវត្តិ​ប្រកួត​អស្ចារ្យ​បែប​ណា ។

ទើបតែ​មាន​វ័យ​១៩​ឆ្នាំ​សោះ​កីឡាករ សុខ ធី ហៅ​កា​កា ធ្លាប់​ប្រមូលផ្តុំ​បទ​ពិសោធ​លើ​សង្វៀន​ប្រដាល់សេរី ឈ្នះ​២២១​ដង ចាញ់​៣៦​ដង បើ​ប្រៀប​ជាមួយ​កីឡាករ​ដទៃ អាច​និយាយ​បាន​ថា រូបគេ​ជា​ជើង​ខ្លាំង​មាន​បទ​ពិសោធ​ច្រើន​ម្នាក់ ។ ជួប​អ្នក​សារព័ត៌មាន​កោះសន្តិភាព​កាលពី​ពេល​ថ្មី​ៗ​នេះ​កីឡាករ​សុខ ធី ដែល​ទើប​ទូរទស្សន៍​ស៊ី​អិន​ស៊ីប្រកាស​ដក​បេក្ខភាព​ចេញពីការ​ប្រកួត​ជើងឯក​អន្តរជាតិ​ISK Palm​បន្ទាប់​ពី​មានរឿង​ចម្រូងចម្រាស​ជាមួយ​ចៅក្រម​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​ពិន្ទុ​ឱ្យ​ចាញ់​កីឡាករ​ថៃ​ឱ្យ​ដឹង​ថា លោក​ស្រឡាញ់​វិស័យ​កីឡាប្រដាល់​នេះ​តាំងពី​តូច​មក​ម្ល៉េះ ម្យ៉ាង​ដោយសារ​តែ​គ្រួសារ​ក្រីក្រ​ខ្លាំង​ពេក​នៅ​ពេល​ធំ​ដឹងក្ដី​កាលណា​មិន​បាន​ចូល​សាលារៀន​ដូច​ក្មេង​ដទៃ​ទៀត​ឡើយ ។ កាល​នៅ​ក្មេង​រូបគេ​ត្រូវ​បាន​ក្មេង​ៗ​ដទៃ​ក្នុងភូមិ​សម្លុត​គំរាម​ធ្វើ​ឲ្យ​រូបគេ​មិន​សប្បាយ​ចិត្តនឹង​ខ្លួនឯង​ទេ ។

ឪពុក​របស់​គេ​វិញ​ជា​អ្នក​ស្រឡាញ់​វិស័យ​កីឡា​គុន​ខ្មែរ​ខ្លាំង ដូច្នេះ​គាត់​ក៏​ណែនាំ​ឲ្យ សុខ ធី ដែល​ទើប​មាន​អាយុ​៨​ឆ្នាំ និង​បងប្រុស ហាត់រៀន​ក្បាច់គុន​នៅ​ប្រទេស​ថៃ ដែល​ក្បាច់គុន​នេះ​ហើយ​ដែល​ជួយ​ឲ្យ​សុខ ធី មាន​ទាំង​កម្លាំង និង​ទំនុកចិត្ត​លើ​ខ្លួនឯង ។

កីឡាករ​ដែល​ទើប​មាន​វ័យ​១៩​ឆ្នាំ​រូប​នេះ​បានឱ្យ​ដឹង​ទៀត​ថា លោក​ចូល​ហាត់​ប្រដាល់​ដំបូង​មិនមែន​ហាត់​នៅ​ស្រុក​ខ្មែរ​នោះ​ទេ គឺ​បាន​ទៅ​ហាត់​នៅ​ស្រុក​ថៃ ព្រោះ​អី​ឪពុក​របស់​លោក​ជា​កម្មករ​ចេញចូល​ទៅ​ធ្វើ​សំណង់​​នៅ​ស្រុក​ថៃ ទើប​មានឱកាស​បាន​ចូល​ហាត់​ក្នុង​ក្លិប​មួយ​នៅ​ស្រុក​ថៃ​ចាប់តាំងពី​ពេល​នោះ​មក​។
ដោយសារ​តែ​លោក​មាន​ទេព​កោសល្យ​ពី​ធម្មជាតិ​ស្រាប់ ហាត់​បាន​តែ​ប៉ុន្មាន​ខែ​ក៏​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ឡើង​ប្រកួត​ក្នុង​នាម​ជា​គូ​បើក​ឆាក​។

សម្រាប់​ការ​ឡើង​សង្វៀន​ប៉ុន្មាន​លើក​ដំបូង​ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​តាម​រយៈ ការ​វាយ​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​ជា​បន្តបន្ទាប់​។​ប៉ុន្មាន​ឆ្នាំ​ក្រោយមក លោក​កាន់តែ​មានឈ្មោះ​ល្បី​ខ្លាំង ហើយ​ត្រូវ​បាន​អ្នកគ្រប់គ្រង​ក្លិប​ជំរុញ​ឱ្យ​លោក​ឡើង​ប្រកួត​ជា​ញឹកញាប់​រហូត​ស្ទើរតែ​គ្មាន​ថ្ងៃ​សម្រាក​ក៏​មាន​ដែរ គឺ​ពេញ​មួយ​អាទិត្យ​តែ​ម្ដង ។ ប្រឈម​នឹង​បញ្ហា​នេះ​ធ្វើ​ឱ្យ​ឪពុក​ម្ដាយ​របស់​លោក​មានការ​ព្រួយបារម្ភ​ពី​សុខ​ភាព​លោក​យ៉ាង​ខ្លាំង ។ ម្យ៉ាងវិញទៀត ដោយសារ​តែ​ការ​ប្រកួត​របស់​លោក​ចេះ​តែ​ល្អ​ឡើង​ៗ​លោក​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ប្រកួត​ក្នុង​ឋានៈ​ជា​គូ​ឯក​ក្នុង​ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម​។ ទោះបីជា​យ៉ាងនេះ​ក្ដី​លោក​មិន​ត្រូវ​បាន​គេ​ចាត់​ទុកជា​កីឡាករ​កម្រិត​ខ្ពស់​នោះ​ទេ គឺ​ត្រឹមតែ​កម្រិត​ទី​៣​ឬ​ទី​៤​នៅ​ស្រុក​ថៃ​ប៉ុណ្ណោះ​។

កីឡាករ​ក្មេង​តែ​បទ​ពិសោធ​ពេញ​ខ្លួន​រូប​នេះ​បន្ត​ថា ដោយសារ​តែ​មានការ​នឿយ​ហត់​នឹង​ការ​ប្រកួត​ច្រើន​ពេក នៅ​ឆ្នាំ​២០១៣​លោក​បាន​វិល​ត្រឡប់​មក​ផ្ទះ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​វិញ ហើយ​បាន​ចូល​ហ្វឹកហាត់​នៅ​ក្លិប​សាន សៅ​យ៉ា​ន់​នាគា ដែល​មាន​លោក​សាន សៅ​យ៉ា​ន់ ជា​គ្រូបង្វឹក ស្ថិត​នៅ​ភូមិ​អូរ​ប្រាសាទ ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។ ហ្វឹកហាត់​ទីនោះ​មិន​បាន​ប៉ុន្មាន​ឆ្នាំ លោក​ក៏​មានឱកាស​ឡើង​មក​ប្រកួត​នៅ​សង្វៀន​ទីក្រុង​ភ្នំពេញ​ញឹកញាប់ ។

សុខ ធី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា តាំងពី​ឈាន​ជើង​ឡើង​សង្វៀន​រហូត​មក​ដល់​ពេល​នេះ​លោក​ប្រកួត​បាន​ជាង​២០០​ដង​ហើយដោយ​សារ​កាល​នៅ​ស្រុក​ថៃ​ជិត​១០​ឆ្នាំ​លោក​ឡើង​ប្រកួត​ញឹក​ញាប់​ពេក ។ ប៉ុន្តែ​ពេល​មក​ប្រកួត​នៅ​សង្វៀន​ភ្នំពេញ​លោក​ប្រាប់​គេ​ថា​បាន​ត្រឹមតែ​ជាង​៨០​ដង​ប៉ុណ្ណោះ​។

សុខ ធី មិន​ត្រឹមតែ​ជា​កីឡាករ​ជើងឯក​គុន​ខ្មែរ​ប្រចាំ​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រូបគេ​ជា​កីឡាករ​កម្រិត​ពិភព​លោក ។ រូបគេ​បាន​បង្ហាញ​សមត្ថភាព​ពិត​ៗ នៅ​ពេល​ចូល​ប្រកួត​ទល់​នឹង​ជើង​ខ្លាំង​របស់​ថៃ ។ លើស​ពី​នេះ​ឱកាស​បាន​វ៉ៃ​ជាមួយ ឡឹ​ត​សីលា ជើងឯក​របស់​ថៃ​ក្នុង​កម្មវិធី ONE Super Series នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី កាន់តែ​បង្ហាញ​ថា សមត្ថភាព​របស់ សុខ ធី ពិតជា​ខ្លាំង​មិនធម្មតា​ទេ​។

ដោយសារ​ក្បាច់គុន​របស់​គេ​កាន់តែ​រីក​ចម្រើន​ទៅ​ៗ មាន​មនុស្ស​ជា​ច្រើន​ជឿ​ថា សុខ ធី នឹង​ក្លាយជា​កីឡាករ​ខ្មែរ​ដំបូង​ដែល​អាច​ឡើង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​បាន ប្រ​សិន​បើ​រូបគេ​មានឱកាស​នា​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ