ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្សាហកម្ម​កាត់ដេរ គួរ​ប្រើ​បច្ចេកវិទ្យា​ដើម្បី​ប្រកួតប្រជែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​លើក​ឡើង​ថា វិស័យ​កាត់ដេរ​កម្ពុជា ត្រូវ​តែ​ចាប់​យក​បច្ចេកវិទ្យា​មក​បម្រើ​ឲ្យ​សង្វា​ក់​ផលិតកម្ម​របស់​ខ្លួន ប្រសិនបើ​រោងចក្រ​កាត់ដេរ​ណាមួយ​មិន​ប្រើ ប្រាស់​បច្ចេកវិទ្យា​ទំនើប​ទេ គឺ​មិន​អាច​ប្រកួតប្រជែង​នឹង​ផលិតផល ឬ​សេវាកម្ម​ជាមួយ​បណ្តា​រោងចក្រ​ផ្សេង​ទៀត​បាន​នោះ​ទេ ខណៈ​បច្ចុប្បន្ន​នេះ…

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​លើក​ឡើង​ថា វិស័យ​កាត់ដេរ​កម្ពុជា ត្រូវ​តែ​ចាប់​យក​បច្ចេកវិទ្យា​មក​បម្រើ​ឲ្យ​សង្វា​ក់​ផលិតកម្ម​របស់​ខ្លួន ប្រសិនបើ​រោងចក្រ​កាត់ដេរ​ណាមួយ​មិន​ប្រើ ប្រាស់​បច្ចេកវិទ្យា​ទំនើប​ទេ គឺ​មិន​អាច​ប្រកួតប្រជែង​នឹង​ផលិតផល ឬ​សេវាកម្ម​ជាមួយ​បណ្តា​រោងចក្រ​ផ្សេង​ទៀត​បាន​នោះ​ទេ ខណៈ​បច្ចុប្បន្ន​នេះ វិស័យ​ដែល​ជា​ឆ្អឹងខ្នង​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​របស់​កម្ពុ​ជាមួយ​នេះ កំពុង​ប្រឈម​នឹង​ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ជាមួយ​បណ្ដា​ប្រទេស​ជិតខាង ។

បើ​តាម​ប្រធាន​សមាគម​កាត់ដេរ​នៅ​កម្ពុជា​(GMAC) លោក​ឧកញ៉ា វ៉ា​ន់ ស៊ូ​អៀង មាន​ប្រសាសន៍​ថា ៖« ស្ថិត​ក្នុង​សម័យកាល​បច្ចេកវិទ្យា​មានការ​រីក​ចម្រើន នៅ​ក្នុង​សង្វា​ក់​ផលិតកម្ម​កាត់ដេរ​ក៏​ត្រូវ​តែ​មាន​បច្ចេក វិទ្យា​ជំនាន់​ទី​៤​នេះ​ដែរ​។ បើ​រោងចក្រ​កាត់ដេរ​មិន​បំពាក់​បច្ចេកវិទ្យា​ទេ គឺ​ប្រកួតប្រជែង​ជាមួយ​គេ​អត់​ឈ្នះ​ទេ ហើយ​ទន្ទឹម​នឹ​នេះ យើង​ត្រូវ​បង្រៀន​ដល់​កម្មករ​យើង​នូវ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំងនោះ​ផង​ដែរ »​។

លោក​ឧកញ៉ា​បន្ត​ថា ៖« ខ្មែរ​យើង​សម្បូរ​ពលរដ្ឋ​វ័យក្មេង​ច្រើន ហើយ​ពួក​គាត់​រៀន​ឆាប់​យល់ ឬ​ចាប់​យក​បាន​លឿន ទាំង​ការ​ប្រើ​អីុ​ន​ធើ​រ​ណេ​ត និង​ទូរស័ព្ទ ។ អីចឹង​ពលរដ្ឋ​វ័យក្មេង​កម្ពុជា ទទួលយក​បាន​លឿន​នូវ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ៗ »​។

រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​ថា បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ដែល​កំពុង​ជះ​ឥទ្ធិពល​ដល់​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ទៅ​លើ​របៀបរបប​នៃ​ប្រតិបត្តិការ​អាជីវកម្ម និង​ការងារ​គ្រប់​ប្រភេទ ។

លោក អិុ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ថា ទោះបី​បច្ចេកវិទ្យា​ថ្មី​ទាំងនេះ​អាច​ឈាន​ទៅ​បំផ្លាញ​ការងារ​មួយ​ចំនួន​ក្តី ក៏​វា​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​បង្កើត​ការងារ​ថ្មី​កាន់តែ​ល្អ ព្រមទាំង​លើកកម្ពស់​ផលិតភាព និង​ប្រាក់​ឈ្នួល​កាន់តែ​ខ្ពស់​ដែរ ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ស្ថិត​ក្នុង​បរិការណ៍​នេះ ទាមទារ​ឱ្យ​កម្ពុជា​មានការ​បន្ទាន់​ចាំបាច់​ក្នុង​ការ​ចាប់​យក​ម៉ូ​ដែល និង​យុទ្ធសាស្ត្រ​កំណើន​ថ្មី ដើម្បី​បន្ត​ការ​កែប្រែ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ចជាតិ​ឈាន​ទៅ​ដំណាក់កាល​ពឹងផ្អែក​លើ​កំណើន​ដែល​ជំរុញ​ដោយ​ផលិតភាព ដោយ​ចាក​ចេញពី​ដំណាក់កាល​នៃ​កំណើន​ជំរុញ​ដោយ​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម ដែល​បាន​អនុវត្ត​ជោគជ័យ​កន្លង​មក ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖« ដើម្បី​បន្ត​រក្សា​បាន​នូវ​ភាព​ប្រកួតប្រជែង យើង​ត្រូវ​ខិតខំ​អនុវត្ត​ឱ្យ​បាន​ជោគជ័យ​នូវ​គោលនយោបាយ​ជាតិ​ដែល​បាន​ដាក់​ចេញ​កន្លង​មក ជា​ពិសេស​គោលនយោបាយ​ជាតិ ស្តី​ពី​ការ​អភិ​ឌ្ឍ​ឧស្សាហកម្ម គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ និង​ការងារ និង​គោលនយោបាយ​ជាតិ ស្តី​ពី​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ សំដៅ​សម្រេច​ឱ្យ​បាន​នូវ​ក្តី​ប្រាថ្នា​របស់​យើង​ក្នុង​ការ​ប្រែក្លាយ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ »​។

អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា កម្ពុជា លោក បណ្ឌិត គី សេរី​វឌ្ឍន៍ មាន​ប្រសាសន៍​ដែរ​ថា នៅ​ក្នុង​វិស័យ​កាត់ដេរ បើ​រោងចក្រ​ប្រើប្រាស់​បច្ចេកវិទ្យា​កាន់តែ​ទំនើប​នោះ វា​នឹង​ធ្វើ​ឱ្យ​ការ​ផលិត​កាន់តែ​ចំណេញ​ពេលវេលា ផលិតផល​អាច​ប្រកួតប្រជែង​ជាមួយ​របស់​ក្រុមហ៊ុន​ផ្សេង​ទៀត ប៉ុន្ដែ​វា​អាច​ធ្វើ​ឱ្យ​បាត់បង់​នូវ​កម្លាំង​ពលកម្ម​ដែល​បម្រើ​នៅ​ក្នុង​វិស័យ​កាត់ដេរ​នៅ​ពេល​រោងចក្រ​ជ្រើសរើស​បច្ចេកវិទ្យា​កាន់​ច្រើន ។

ទោះ​យ៉ាងនេះ​ក្ដី លោក​បណ្ឌិត​លើក​ឡើង​ថា ៖« ដើម្បី​ទប់ស្កាត់​ការ​បាត់បង់​កម្លាំង​ពលកម្ម​តាម​រយៈ​រោងចក្រ​ជ្រើសរើស​បច្ចេកវិទ្យា​នៅ​ក្នុង​ដំណើរ​សង្វា​ក់​ផលិតកម្ម​របស់​ខ្លួន រាជរដ្ឋាភិបាល​គួរ​មានការ​លើក​ទឹក​ដល់​វិស័យ​ឯកជន​បោះទុន​បង្កើត​ជា​រោងចក្រ ឬ​ក្រុមហ៊ុន​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និក ឬ​បច្ចេកវិទ្យា​ដើម្បី​ផ្តល់​ការងារ​បន្ថែម​មក​វិញ »​។

យោង​តាម​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា មាន​រោងចក្រ​ដែល​សមាជិក​កំពុង​ដំណើរការ​ប្រហែល​៦០០​រោងចក្រ ដែល​ផ្ដល់​ការងារ​ដល់​កូន​ខ្មែរ​ប្រមាណ​៩០​ម៉ឺន​នាក់ ក្នុង​នោះ​ជាង​៨៥%​ជា​ស្ត្រី​មក​ពី​បណ្តា​ខេត្ត​ជនបទ និង​ប្រជាពលរដ្ឋ​២​លាន​នាក់​ដទៃ​ទៀត​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​១៦​លាន​នាក់​ពឹងផ្អែក​លើ វិស័យ​នេះ ។ ជា​រៀង​រាល់​ខែ ប្រាក់ខែ​ជាង​២០០​លាន​ដុល្លារ​អា​មេ​រិ​ក​ត្រូវ​បាន​ចំណាយ​ទៅ​លើ​កម្មករ​ទាំងនេះ ។

សហភាព​អឺរ៉ុប​ជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​មួយ​សម្រាប់​កម្ពុជា ហើយ​ជា​ពិសេស​ចំពោះ​វិស័យ​សម្លៀក​បំពាក់​និង​ស្បែកជើង​។ ជាង​៤៦%​នៃ​ការ​នាំ​ចេញ​សរុប​នៃ​សម្លៀក​បំពាក់​និង​ស្បែកជើង​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា គឺ​ទៅ​សហភាព​អឺរ៉ុប ។

យោង​តាម​សមាគម កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ កម្ពុជា​នាំ​ចេញ​ផលិតផល​ក្នុង​វិស័យ​កាត់ដេរ​មាន​ទឹក​ប្រាក់​ប្រមាណ​៧​ពាន់​លាន​ដុល្លារ ខណៈ​រយៈពេល​៧​ខែ​ដើមឆ្នាំ​នេះ ការ​នាំ​ចេញ​ផលិតផល​ក្នុង​វិស័យ​នេះ​មាន​ទំហំ​ទឹកប្រាក់​ជាង​៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ