ខេត្តព្រះសីហនុ ៖ ប្រធានសាខាពន្ធដារ ខេត្តព្រះសីហនុបានឲ្យដឹងថា លទ្ធផលនៃការប្រមូលពន្ធលើមធ្យោបាយយានយន្តគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៨ ដែលបានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី១ ខែមិថុនា និងបិទបញ្ចប់នៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ។
លោក សន សុផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា ចំនួនរថយន្តដែលប្រជាពលរដ្ឋ និងមន្ត្រីរាជការនាំយកមកបង់ពន្ធប្រចាំឆ្នាំ២០១៨ ទាំងនៅសាខាពន្ធដារខេត្ត និងនៅតាមប្រព័ន្ធធនាគារដែលបានចុះអនុស្សរណ:យោគយល់គ្នា (MOU)ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅខេត្តព្រះសីហនុ ឃើញថា ការបង់ពន្ធលើមធ្យោបាយយានយន្តដឹកជញ្ជូនគ្រប់ប្រភេទមានចំនួន១៣.១៣៧គ្រឿង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ កើនឡើងជាង១.០០០គ្រឿង ឬស្មើនឹងកំណើន១១,៨៨% ។
លោកប្រធានសាខាពន្ធដារខេត្ត បានបន្តថា ៖« ការកើនឡើងនេះ ដោយសារចំនួនយានយន្តនៅក្នុងខេត្តព្រះសីហនុ បច្ចុប្បន្នមានការកើនឡើងច្រើន ខណៈដែលប្រជាពលរដ្ឋ និងមន្ត្រីរាជការមានជីវភាពកាន់តែល្អរប្រសើរឡើង និងមានការភ្ញាក់រលឹកខ្ពស់ពីកាតព្វកិច្ចរបស់ខ្លួន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិយើង »។
លោកបញ្ជាក់ថា ៖« ថវិកាដែលប្រមូលបានពីការបង់ពន្ធតាមពេលវេលាខាងលើនេះ មានចំនួនរហូតដល់ទៅជាង៦ពាន់លានរៀល ហើយនឹងបន្តកើនឡើងបន្ថែមទៀត នៅពេលបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះ » ។
ក្នុងនាមប្រធានសាខាពន្ធដារខេត្តព្រះសីហនុ លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋនិងមន្ត្រីរាជការនៅក្នុងខេត្ត ក៏ដូចជានៅទូទាំព្រះរាជាណាចក្រកម្ពុជា សូមប្រញាប់រួសរាន់មកបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ និងបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនរបស់ខ្លួនឲ្យបានទាន់ពេលវេលាដែលបានកំណត់បិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ ដើម្បីជៀសវាងត្រូវប្រឈមនឹងការផាកពិន័យទ្វេដង ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០១៩តទៅ អគ្គនាយកដ្ឋានពន្ធដារ នឹងធ្វើការត្រួតពិនិត្យ និងផាកពិន័យចំពោះមធ្យោបាយយានយន្ដដឹកជញ្ជូនទាំងឡាយណាដែលមិនទាន់ធ្វើការប្រកាសបង់ពន្ធត្រឹមត្រូវ ដោយសហការជាមួយប៉ូលិសចរាចរណ៍ និងស្ថាប័នមានសមត្ថកិច្ចផ្សេងទៀត ៕
ចែករំលែកព័តមាននេះ