ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះជា​មោទនភាព​ជាតិ​ដ៏​ធំធេង​ថ្មី​មួយ ដែល​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិ​បាល​​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ បាន​ចេញ​សេចក្តី​ប្រកាស​ភ្លាម​ៗ​ក្រោយ​ប៉ុន្មាន​ម៉ោង​ដែល​​ល្ខោនខោល​របស់​បុព្វបុរស​ខ្មែរ​ ត្រូវ​បាន​ចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ។ នេះ​ជា​ព័ត៌មាន​គួរ​ឲ្យ​រំភើប…

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ បាន​ចេញ​សេចក្តី​ប្រកាស​ភ្លាម​ៗ​ក្រោយ​ប៉ុន្មាន​ម៉ោង​ដែល​​ល្ខោនខោល​របស់​បុព្វបុរស​ខ្មែរ​ ត្រូវ​បាន​ចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ។ នេះ​ជា​ព័ត៌មាន​គួរ​ឲ្យ​រំភើប និង​អបអរសាទរ​សម្រាប់​កូនចៅ​ប្រជាជាតិ​ខ្មែរ​ទូ​ទាំង​ប្រទេស ដែល​មាន​មោទនភាព​បំផុត ខណៈ​ពេល​មុន​នេះ ​ជម្លោះ​ឆ្លង​ដែន​មួយ​បាន​ពុះកញ្ជ្រោល​ខណៈ​ដែល​ប្រទេស​ថៃ ក៏​មាន​បំណង​យក​ល្ខោនខោល​ខ្មែរ​នេះ​ទៅ​ចុះបញ្ជី​ថា​ ជា​របស់​ខ្លួន​ដែរ ។

តាម​ការ​ប្រកាស​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​សរសេរ​ថា ក្នុង​នាម​រាជរដ្ឋាភិបាល​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន និង​ប្រជាជន​កម្ពុជា​ទាំងអស់​មេត្តា​ជ្រាប​ថា នា​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​១៣ នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេ​ស្កូ​នៅ​ទីក្រុង​ព័រ​ល្វី សាធារណរដ្ឋ​ម៉ូ​រី​ស បាន​អនុម័ត​យល់ព្រម​ចុះ​ល្ខោនខោល ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​តាម​សេចក្តីសម្រេច Decision១៣.COM.១០.a.៣ ។

ការ​សម្រេច​របស់​គណៈកម្មការ​អន្តររដ្ឋាភិបាល​នៃ​អង្គការ​យូ​ណេ​ស្កូ​នា​ពេល​នេះ គឺជា​មោទនភាព​ជាតិ​
ដ៏​ធំធេង​ថ្មី​មួយទៀត ដែល​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ដែល​ជា​និច្ចកាល​តែង​ផ្តល់​អាទិភាព​ខ្ពស់​ចំពោះ​បេតិកភណ្ឌ​វប្បធម៌​ជាតិ ។

ក្រោម​ការ​យក​ចិត្តទុក​ដាក់​របស់​រាជរដ្ឋាភិបាល និង​ការ​ខិតខំ​ពុះពារ​ចូលរួម​យ៉ាង​សកម្ម​ពី​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដោយ​មាន​កិច្ចសហការ​គាំទ្រ​យ៉ាង​ផុសផុល​ពី​សិល្បករ អង្គការ​សមាគម សង្គម​ស៊ី​វិល ក្នុង​វិស័យ​សិល្បៈ​វប្បធម៌ និង​ការ​ជួយ​គាំទ្រ​លើកទឹកចិត្ត​ពី​មហាជន ប្រជា
ជន និង​ស្រទាប់​យុវជន​កម្ពុជា​ទាំង​មូល ទើប​យើង​ទទួល​បាន​នូវ​លទ្ធផល​ជោគជ័យ​នៃ​ការ​ដាក់​បញ្ចូល​ល្ខោន​ខោល​​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ដ៏​ត្រ​ចេះ​ត្រចង់​នា​ពេល​នេះ ។

បេតិកភណ្ឌ​វប្បធម៌​រូបី និង​អរូបី​របស់​ជាតិ​យើង បាន​រួមចំណែក​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ល្បី​រន្ទឺ​នៅ​លើ​ឆាក​អន្តរជាតិ ព្រមទាំង​ជា​តួអង្គ​មួយ​ដ៏​លេចធ្លោ​នៅ​លើ​វេទិកា​បេតិកភណ្ឌ​ពិភពលោក​ថែម​ទៀត​ផង ។

ល្ខោនខោល​«​វត្ត​ស្វាយ​អណ្ដែត​»​ត្រូវ​បាន​អង្គការ UNESCO ដាក់​ក្នុង​បញ្ជី​បេតិកភណ្ឌ​ដែល​ត្រូវការ​សង្គ្រោះ​បន្ទាន់​នា​អំឡុង​នៃ​សម័យប្រជុំ​លើក​ទី​១៣ នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការ​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​មជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេស​ម៉ូ​រី​ស នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​នេះ ។

គួរ​រម្លឹក​ផង​ដែរ​ថា ​ប្រទេស​កម្ពុជាបាន​ស្នើ​សុំ​ចុះបញ្ជី​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត កាលពី​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៧ ។ ប្រតិភូ​កម្ពុជា​ ដែល​បាន​ចូលរួម​ក្នុង​សម័យប្រជុំ​លើក​ទី​១៣ នៃ​គណៈកម្មាធិការ​អន្តរ​រដ្ឋា​ភិ​បាល​​​សម្រាប់​ការ​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​មាន​លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោក កេ​ត សា​ផា​ន់អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោកស្រី Helen Jarvis និង​លោក Teruo Jinnai ដែល​ជាទី​ប្រឹក្សា​រដ្ឋាភិបាល មន្ត្រី​ជំនាញ​និង​តំណាង​កម្ពុជា​ប្រចាំ​យូ​ណេ​ស្កូ​៥​រូប​ទៀត ។

ល្ខោនខោល​ជា​ប្រភេទ​ល្ខោន​យ៉ាង​ចំណាស់​មួយ​ក្នុង​ចំណោម​ទម្រង់​សិល្បៈ​ទស្សនីយភាព​នៅ​កម្ពុជា ដែល​មាននៅ​ដើម​សម័យ​អង្គរ ។ គេ​ជឿ​ថា ល្ខោន​ដែល​ពាក់​មុខ​ខ្មុក​សំដែង​នេះ កើតឡើង​នា​អំឡុង​សតវត្ស​ទី​៩ ដោយ​សំអាង​លើ​ចម្លាក់​នៅ​ជញ្ជាំង​ប្រាសាទអង្គរវត្ត ។ ល្ខោនខោល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​បុរស​ទាំងស្រុង​ក្នុង​ការ​រាំ ប្រចាំ​នៅ​ព្រះរាជវាំង​បុរាណ​ខ្មែរ ។

ហេតុផល​ដែល​ពិតប្រាកដ​នៅ​តែ​មិន​ទាន់​ដឹង​ច្បាស់ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ដោយសារ​ការ​ដុះដាល​នៃ​សាសនា​ធ្វើ​ឲ្យ​សាសនាព្រាហ្មណ៍​មាន​ជម្លោះ​ជាមួយ​សាសនាព្រះពុទ្ធ​ក្នុង​រាជ​កាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ (១២៤៣-១២៩៥) ។ ក្នុង​នោះ​មាន​នារី​របាំ​ជា​ច្រើន​ត្រូវ​បាន​សម្លាប់​និង​ធ្វើ​ជា​ស្រី​កំណាន់ ដូច្នេះ​ទើប​មានការ​ហ្វឹកហាត់​អ្នករបាំ​បុរស​ដើម្បី​បង្កើត​របាំ​នេះ ផ្អែក​ទៅ​លើ​ល​ទ្ឋិ​អ្នក​កាន់សាសនា​ព្រះពុទ្ធ ។

រឿង​មួយទៀត​ដែល​ជាក់លាក់​អំពី​ការ​សម្ដែង​ដោយ​ល្ខោនខោល​គឺ​រឿង​រាមកេរ្តិ៍​ដែល​ជា​រឿងព្រេង​របស់​ខ្មែរ​សម័យ​រាមាយណៈ ។ ការ​សម្ដែង​រួម​បញ្ចូល​នូវ​ការ​ប្រាប់​អំពី​អ្នក​និទានរឿង ដែល​ដើរតួ​សំខាន់​ក្នុង​ការ​សម្ដែង​និង​វង់ភ្លេង​បុរាណ​គឺ​វង់ភ្លេង​ពិណពាទ្យ ។ បន្ទាប់​ត្រូវ​បែកខ្ញែក​ដោយសារ​សង្គ្រាម​នៅ​សល់​តែ​មួយ​ក្រុម​គឺ​នៅ​វត្ត​ស្វាយ​អណ្ដែត​ចំងាយ​១៥​គីឡូ​ម៉ែ​ត​ពី​ទីក្រុង​ភ្នំពេញ ។ ក្រុម​ថ្មី​ពីរ​ទៀត​បាន​ចាប់ផ្តើម​ក្នុង​សង្គ្រាម​រួម​មាន​ក្រុម​កំពង់ធំ និង​ក្រុម​ល្ខោន​ជាតិ ដែល​មក​ពី​មន្ទីរ​វិចិត្រសិល្បៈ និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ។ បច្ចុប្បន្ន​នេះ ​ល្ខោនខោល​ក៏​ជា​ផ្នែក​មួយ​នៅ​ក្នុង​តារាង​កាលវិភាគ​សិក្សា​នៅ​សកល​វិទ្យាល័យ​វិចិត្រសិល្បៈ​ផង​ដែរ ។

គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ សម្បត្តិ​វប្បធម៌​រូបី​និង​អរូបី​របស់​កម្ពុជា​ចំនួន​៨ បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ហើយ ។ក្នុង​នោះ​ល្ខោនខោល​របស់​កម្ពុជា ទើបតែ​សម្រេច​បញ្ចូល​ក្នុង​បញ្ជី​របស់​អង្គការ​យូ​ណេ​ស្កូ​នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ។ ខាងក្រោម​នេះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា បាន​កត់ត្រា​ចូល​ក្នុង​បញ្ជី​របស់​អង្គការ​យូ​ណេ​ស្កូ ៖

១-​តំបន់​អង្គរវត្ត (​សម្បត្តិ​វប្បធម៌​រូបី​) ៖ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២ ។
២-​របាំ​ព្រះរាជ​ទ្រព្យ (​អរូបី​) ៖ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០០៣ ។
៣-​ល្ខោន​ស្រមោល​ស្បែក ឬ​ល្ខោនស្បែក​ធំ (​អរូបី​) ៖ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៥ ។
៤-​ប្រាសាទព្រះវិហារ (​រូបី​) ៖ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ។
៥-​ល្បែង​ទាញព្រ័ត្រ (​អរូបី​) ៖ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ ២០១៥ តែ​កម្ពុជា ជា​សមាជិក​មួយ​ក្នុង​ចំណោម​៤​ប្រទេស ដែល​មាន​ល្បែង​ស្រ​ដៀង​គ្នា​នេះ រួម​មាន កូរ៉េ​ខាងត្បូង វៀតណាម​និង​ហ្វី​លី​ពី​ន​ផង​ដែរ ។
៦-​ចាប៉ី​ដង​វែង (​អរូបី​) ៖ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។ ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​១​នេះ​ស្ថិត​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី ដែល​ត្រូវការ​សង្គ្រោះ​បន្ទាន់ ។
៧-​ប្រាសាទសំបូរព្រៃគុក (​រូបី​) ៖ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៧ ។ ការ​សម្រេច​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​៤១ នៅ​ទីក្រុង Krakow ប្រទេស​ប៉ូ​ឡូញ ។
៨-​ល្ខោនខោល (​អរូបី​) ៖ ល្ខោនខោល​បាន​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ​នៅ​ទីក្រុង​ព័រ​ល្វី សាធារណរដ្ឋ​ម៉ូ​រី​នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ៕

អត្ថបទសរសេរ ដោយ