ខេត្តពោធិ៍សាត់៖ មុខសញ្ញាជក់និងចែកចាយថ្នាំញៀនជាខ្មែរអ៊ិស្លាមម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់បន្ទាយដី សហការជាមួយនគរបាលជំនាញអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់តាមប្រមាញ់ រហូតឃាត់ខ្លួនបានកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិអ៊ិស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើឈ្មោះ កើ អុីមរ៉ន ភេទប្រុស អាយុ២៣ឆ្នាំ ជាខ្មែរអ៊ិស្លាម រស់នៅភូមិអិស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចឆែកក្នុងរថយន្ដរកឃើញម្ស៉ៅក្រាមសថ្លាដែលសង្ស័យថាជាសារធាតុញៀនចំនួន៦កញ្ចប់ធំ ដាវចំនួន២ និងឧបករណ៍សម្រាប់ជក់មួយកំប្លេ។
ដោយមានជំនាញច្បាស់លាស់ សមត្ថកិច្ចបានរកឃើញក្នុងបន្តោងសោររថយន្ដចំនួន១កញ្ចប់ធំនិង២កញ្ចប់តូចទៀត សរុប៧កញ្ចប់ធំ និង២កញ្ចប់តូច។ ជាមួយគ្នានេះសមត្ថកិច្ចបានដកហូតរថយន្ដម៉ាកកូរ៉ូឡាមួយគ្រឿង ពណ៌ខ្មៅ គ្មានស្លាកលេខផងដែរ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាប្រើប្រាស់និងចែកចាយថ្នាំញៀនដែលស្ថិតក្នុងការតាមដានរបស់សមត្ថកិច្ចជាយូមកហើយ ប៉ុន្តែកន្លងមករកភស្ដុតាងដើម្បីដាក់បន្ទុកមិនទាន់បាន ទើបតែពេលនេះមានភស្ដុតាងគ្រប់គ្រាន់អាចដាក់បន្ទុកបាន។ ជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕
ចែករំលែកព័តមាននេះ