ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ៣៣គ្រួសារនៅភូមិសេរី និងភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៌ បានចោទប្រកាន់អាជ្ញាធរឃុំនិងស្រុកថា បានរំលោភបំពានយកដីស្រែប្រាំងរបស់ពួកគាត់ ទៅឲ្យអ្នកបំលាស់ទីផ្ទះបណ្ដែតទឹក ។ ប៉ុន្តែអាជ្ញាធរបានធ្វើការបដិសេធការចោទប្រកាន់នេះនិងអះអាងថា ដីស្រែប្រាំងរបស់ពួកគាត់គឺជាដីតំបន់៣ ដែលអាជ្ញាធរធ្លាប់ហាមឃាត់មិនឲ្យរុករានព្រៃកន្លងមក ដូច្នេះការតវ៉ានេះមិនមានប្រសិទ្ធភាពទេ ។
កាលពីថ្ងៃទី២៦ ខែវិច្ឆិកាកន្លងទៅ ភាគីខាងប្រជាពលរដ្ឋបានមកជួបជុំគ្នា ដើម្បីរកដំណោះស្រាយជាមួយនឹងអាជ្ញាធរស្រុក ។ ប៉ុន្តែការជួបដោះស្រាយគ្នាអស់រយៈពេលពេញមួយព្រឹកគឺមិនទទួលបានលទ្ធផលឡើយ ដោយសារភាគីខាងប្រជាពលរដ្ឋនៅតែប្រកាន់ជំហរមិនប្រគល់ដីរបស់ពួកគាត់ទៅឲ្យអ្នកបំលាស់ទីផ្ទះបណ្ដែតទឹកនោះឡើយ ។ ចំណែកអាជ្ញាធរវិញ ក៏នៅតែប្រកាន់ថាជាដីតំបន់៣ដែលរដ្ឋបានហាមឃាត់ហើយរដ្ឋមានប្រសិទ្ធភាពក្នុងការដកហូតយកមកវិញ ។
ក្នុងការដោះស្រាយរវាងពលរដ្ឋនិងអាជ្ញាធរស្រុកនេះ ក៏បានហាមមិនឱ្យអ្នកសារព័ត៌មានចូលស្តាប់និងថតយករូបភាពដែរ ហើយពេលចេញមកវិញត្រូវបានពលរដ្ឋអ្នកជំទាស់និយាយថា ពួកគាត់ពិតជាមានដីស្រែប្រាំងនៅទីនោះ និងបានកាប់រានព្រៃលិចទឹកជាប់ក្បាលស្រែជាដីរបស់រដ្ឋពិតមែន ប៉ុន្តែពួកគាត់បានបង្កបង្កើនផលជាច្រើនឆ្នាំ់មកហើយ ដែលខ្លះ៣ទៅ៤ និងរហូតដល់៥ឆ្នាំ ។
ក្រុមពលរដ្ឋអ្នកតវ៉ានិយាយថា បើសិនជាអាជ្ញាធរដកយកដីគាត់ទៅធ្វើផ្លូវឬក៏ត្រូវការអភិវឌ្ឍន៍អ្វីផ្សេងទៀត គាត់មិនជំទាស់ទេ គឺពួកគាត់ព្រមប្រគល់ឱ្យ ក៏ប៉ុន្តែការដកយកដីរបស់គាត់ទុកឲ្យអ្នកបំលាស់ទីផ្ទះបណ្ដែតទឹក គឺដូចមានន័យថា ដកដីពីគាត់ជាពលរដ្ឋទៅឲ្យពលរដ្ឋវិញដដែល ។ ហេតុនេះហើយ គាត់មិនព្រមប្រគល់ដីនោះទៅឲ្យអាជ្ញាធរឡើយ ពួកគាត់នឹងតវ៉ាទៅថ្នាក់លើជាបន្តបន្ទាប់ទៀត ។
សូមបញ្ជាក់ថា ដីរបស់់ប្រជាពលរដ្ឋទាំង៣៣គ្រួសារនេះ មានទំហំ១៦ហិកតា១៧អាដែលរងប៉ះពាល់ពីការដកហូតនេះ ។ ពាក់ព័ន្ធបញ្ហានេះ លោក ឃួន សៅរុំ អភិបាលស្រុកបរិបូណ៌បានឲ្យដឹងថា ដីនោះគឺជាដីតំបន់៣ដែលរដ្ឋហាមឃាត់មិនឲ្យមានការឈូសឆាយលើដីព្រៃលិចទឹកនោះទេ ។ ប៉ុន្តែប្រជាពលរដ្ឋទាំងនោះ កន្លងទៅបានឈូសឆាយរំលោភយកដីជាប់ក្បាលស្រែពីមួយឆ្នាំទៅមួយឆ្នាំ ពេលខ្លះឈូសយកដីព្រៃសុទ្ធតែម្ដង ហើយកាលណោះទូរទស្សន៍និងកាសែតក៏បានចុះផ្សាយពីការបំពានដីតំបន់៣របស់ប្រជាពលរដ្ឋទាំងនោះដែរ ។
កាលណោះ អាជ្ញាធរបានចុះទៅព្រមាននិងហាមឃាត់ ព្រមទាំងអ្នកខ្លះទៀតបានធ្វើកិច្ចសន្យាបញ្ឈប់ការរុករានដីព្រៃតំបន់៣នោះដែរ ប៉ុន្តែក្រោយមកក៏លួចធ្វើដដែល ម្តងហើយម្តងទៀត រហូតទីនោះស្ទើរតែអស់ព្រៃទៅហើយ ។ លោកអភិបាលស្រុក បានបញ្ជាក់ពីជំហររបស់អាជ្ញាធរថា ដីរដ្ឋគឺរដ្ឋជាអ្នកចាត់ចែង ។
សូមរំឭកថា កន្លងទៅដីតំបន់៣ជាដីព្រៃលិចទឹកនៅក្នុងឃុំខុនរ៉ង មិនខុសពីការអះអាងរបស់លោកអភិបាលស្រុកទេ ដែលកន្លងទៅសារព័ត៌មានធ្លាប់បានចុះផ្សាយពីសកម្មភាពកាប់និងដុតព្រៃ បន្ទាប់មកគឺឈូសឆាយយកតែម្តង ។ មកដល់ពេលនេះក៏ជួបបញ្ហាមែន គឺរដ្ឋមិនអាចដកដីនោះពីពលរដ្ឋវិញបានស្រួលៗនោះទេ ខណៈមានការជំទាស់តវ៉ាបែបនេះ ។ ប្រជាពលរដ្ឋទាំងនោះបានលើកឡើងថា ពួកគាត់បានប្រកបរបរធ្វើស្រែប្រាំងនៅទីនេះយូរឆ្នាំណាស់មកហើយ ខ្លះ៣ទៅ៤ឆ្នាំ និងខ្លះទៀត ៥ទៅ៦ឆ្នាំ ។ ចំណែកអ្នកខ្លះទៀតនិយាយថា គាត់មានទាំងលិខិតពាក្យស្នើសុំកាន់កាប់ដីធ្លីទៀតផង គឺតាំងពីសម័យរដ្ឋកម្ពុជាឆ្នាំ១៩៨៩មកម្ល៉េះ ។
ដីពួកគាត់ទាំង៣៣គ្រួសារ មានចំនួនជាង១៦ហិកតា ស្រាប់តែពេលនេះអាជ្ញាធរ ឃុំខុនរ៉ង និងស្រុកបរិបូរណ៌ សម្រេចដកហូតយកទៅឱ្យអ្ន្នករស់នៅភូមិកំពង់អូរ ដែលធ្វើបំលាស់ទីពីក្នុងទឹកមករស់នៅលើគោក ជាដីពួកគាត់ដែលអាស្រ័យផលធ្វើស្រូវប្រាំងទៅវិញ ។ មិនត្រឹមតែប៉ុណ្ណឹង អាជ្ញាធរឃុំបានដកបង្គោលរបងដីស្រែរបស់ពួកគាត់ និងបានចាប់គោយន្ត១គ្រឿងយកទៅដាក់សាលាឃុំទៀតផងខណៈពួកគាត់កំពុងរាស់ដី ។ ហេតុនេះ ពួកគាត់សំណូមពរដល់លោកអភិបាលខេត្ត និងជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមមេត្តាជួយអគ្គមនាគមន៍ដល់ពួកគាត់ផង ៕
ចែករំលែកព័តមាននេះ