ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ក្តឹប និង​អ្នកស្រីគង់ ណា​រី ធ្លាក់ខ្លួន​ឈឺ​ធ្ងន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​តារា​កំប្លែង​នាយ ក្តឹប បាន​ឈាន​ដល់​ដំណាក់កាល​ស្លាប់​មួយ​ចំហៀង​ខ្លួន ដោយសារ​ជំងឺលើសឈាម​ក្នុង​ដំណាក់កាល​ធ្ងន់ ។ បើ​ទោះបីជា​នាយ​ក្តឹប ត្រូវ​ក្រុម​គ្រូពេទ្យ​សង្គ្រោះ​ក្នុង​ដំណាក់កាល​ដំបូង​ក៏​ដោយ ប៉ុន្តែ​នៅ​តែ​មិន​អាច​គេច​ផុត​ពី​ការ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ទេ បន្ទាប់​ពី​ដៃជើង​ខាងឆ្វេង​របស់​លោក​មិន​អាច​កម្រើក​បាន ។…

រាជធានី​ភ្នំពេញ​៖​តារា​កំប្លែង​នាយ ក្តឹប បាន​ឈាន​ដល់​ដំណាក់កាល​ស្លាប់​មួយ​ចំហៀង​ខ្លួន ដោយសារ​ជំងឺលើសឈាម​ក្នុង​ដំណាក់កាល​ធ្ងន់ ។

បើ​ទោះបីជា​នាយ​ក្តឹប ត្រូវ​ក្រុម​គ្រូពេទ្យ​សង្គ្រោះ​ក្នុង​ដំណាក់កាល​ដំបូង​ក៏​ដោយ ប៉ុន្តែ​នៅ​តែ​មិន​អាច​គេច​ផុត​ពី​ការ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ទេ បន្ទាប់​ពី​ដៃជើង​ខាងឆ្វេង​របស់​លោក​មិន​អាច​កម្រើក​បាន ។ ថ្មី​ៗ​កន្លង​មក​លោក អ៊ឹ​ម ជីវ៉ា ដែល​បាន​ទៅ​សួរសុខទុក្ខ​នាយ​ក្តឹប​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាង​មួ​យស​ប្តា​ហ៍​មក នាយ​ក្តឹប ឈាន​ដល់​ដំណាក់កាល​ស្លាប់​មួយ​ចំហៀង​ខ្លួន ។ ដោយសារ​ជំងឺលើសឈាម​ធ្ងន់​ធ្វើ​ឲ្យ​នាយ​ក្តឹប ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ភ្លាម​ៗ ដើម្បី​សង្គ្រោះ​បន្ទាន់ ។ ការ​ព្យាបាល​ធ្វើ​ឲ្យ​ជំងឺ​របស់​នាយ​បាន​ធូរ​បន្តិច តែ​ដៃជើង​ខាងឆ្វេង​មិន​អាច​កម្រើក​បាន​ឡើយ​។

បើ​តាម​លោក​អ៊ឹ​ម ជីវ៉ា ថា​នាយ​ក្តឹប អាច​បើកភ្នែក និង​និយាយ មួយ​ៗ ។ ចំពោះ​ការ​ហូប​ចាក់​គឺ​សាច់ញាតិ​ជា​អ្នក​បញ្ចុក ព្រោះ​លោក​មាន​សភាព​ខ្សោយ អស់កម្លាំង ។ នាយ​ក្តឹប កំពុង​សម្រាក​ព្យាបាល​នៅ​បន្ទប់​លេខ​០៣៦ នៃ​អគារ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

នាយ​ក្តឹប តែងតែ​ចូលរួម​សម្តែង​ក្នុង​ក្រុម​នាយ​ក្រឹម នៅ​ស្ថានីយទូរទស្សន៍​បាយ័ន ក្នុង​កម្មវិធី​តន្ត្រី​ស្រុកស្រែ និង​សំណើច​ចុង​ស​ប្តា​ហ៍​ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ត្រូវ​ខកខាន​ដោយ​ជំងឺ ។ ស្ថិត​ក្នុង​វ័យ​៥៨​ឆ្នាំ​ជំងឺ​រ៉ាំរ៉ៃ​បាន​កើត​មាន​លើ​តារា​កំប្លែង​នាយ​ក្តឹប ជា​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ព្រោះ​ត្រូវ​រ៉ាប់រង​លើ​ជីវភាព​ក្រុម​គ្រួសារ នាយសុខ​ចិត្ត​ចេញ​ទៅ​សម្តែង​លើ​ឆាក​ទាំងឈឺទាំងជា​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកស្រី​ហួ​ន ផាត ថា ស្វាមី​អ្នកស្រី​មាន​ជំងឺ​បេះដូង ហើយ​រយៈពេល​១០​ថ្ងៃ ឬ​កន្លះ​ខែ​ត្រូវ​ជួប​ពេទ្យ​ម្ដង ។ តារា​កំប្លែង​នាយ​ក្តឹប បាន​ប្រឡូក​នឹង​ការងារ​សិល្បៈ​ជិត​៣០​ឆ្នាំ​មក​ហើយ ។ នាយ​មានកូន​៥​នាក់ ស្រី​៣ និង​ចៅ​៦​នាក់ ។ ចំណែក​អ្នកស្រី​គង់ ណា​រី វិញ ត្រូវ​គ្រូពេទ្យ​ជំនាញ​អះអាង​ថា សភាព​ជំងឺ​របស់​គាត់​បាន​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ និង​អស់សង្ឃឹម​ហើយ ។ អ្នកស្រី​ណា​រី​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុ​សម​: ។​ប្រភព​ជិត​ស្និទ្ធ​បាន​សម្ដែង​ការ​បារម្ភ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ពេទ្យ​ជំនាញ​ប្រាប់​ថា​អស់សង្ឃឹម ។ អ្នកគ្រូ​គង់ ណា​រី មាន​ជំងឺ​ក្រិន​ថ្លើម និង​ទាច​ទឹក ។

ខណៈ​លោក​សុះ ម៉ាច និង​សិល្បករ​មួយ​ចំនួន​ទៅ​សួរសុខទុក្ខ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អ្នកគ្រូ​គង់ ណា​រី បាន​ថ្លែង​ថា​«​បើ​ទោះជា​ខ្ញុំ​មិនដឹង​បន្តជីវិត​បាន​ដល់​ថ្ងៃ​ណា ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​ឃើញ គឺ​សិល្ប​:​ជំនាន់​ក្រោយ​រីក​ចម្រើន និង​ចេះ​ការពារ​គ្នា ដើម្បី​កុំ​ឲ្យ​ប្រទេស​ជិតខាង​មាក់ងាយ និង​ដើម្បី​កុំ​ឲ្យ​វិស័យ​សិល្ប​:​របស់​យើង​ចុះ​ខ្សោយ ។

ជា​រឿង​សង្វេគ​ណាស់​ដែល​អ្នកសិល្ប​:​ត្រូវ​គេ​បែងចែក​គ្នា​រវាង​អ្នក​បុរាណ និង​សម័យ រវាង​អ្នក​ជើង​ចាស់ និង​ជើង​ថ្មី ដែល​ធ្វើ​ឲ្យ​ក្នុង​ពេល​ខ្លះ​អ្នក​ជើង​ចាស់​ក្លាយជា​ក្រុម​ឯកោ ស្របគ្នា​ដែល​ទីផ្សារ​ធ្លាក់​ចុះ ។

អ្នកមាន​ឥទ្ធិពល​ក្នុង​ការ​លើក​ស្ទួយ​សិល្បៈ​គួរ​ជួយ​បណ្ដុះ​គំនិត ជំរុញ​ដល់​អ្នកសិល្បៈ ក្មេង​ៗ​។ បើ​អ្នក​ជំនាន់​ក្រោយ​មិន​ទទួល​បានការ​យកចិត្តទុកដាក់ និង​បណ្ដុះ​ជំនាញ​ឲ្យ​ច្បាស់លាស់ នោះ​វិស័យ​សិល្បៈ​នឹង​មិន​អាច​ទៅ​មុខ​បាន​ទេ​»​។

អ្នកគ្រូ​គង់ ណា​រី មាន​សភាព​ស្គម ស្លេកស្លាំង ក្បាល​ពោះធំ​ព្រោះតែ​ទាច​ទឹក និង​ក្រិន​ថ្លើម ។ គាត់​បាន​ទទួលស្គាល់​ថា​គាត់​ពិតជា​មាន​ជំងឺ​ធ្ងន់ តែ​មិន​តក់ស្លុត​ទេ ។ ទោះជា​ជីវិត​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ តែ​អ្នកស្រី​គង់ ណា​រី បាន​បង្ហាញ​អារម្មណ៍​រីករាយ​ចំពោះ​អ្នកសិល្បៈ​ដែល​ទៅ​សួរសុខទុក្ខ និង​ជូនពរ​គាត់ ។
ក្នុង​ខណៈ​ទៅ​សួរសុខទុក្ខ​អ្នកគ្រូ​គង់ ណា​រី លោក​សុះ ម៉ាច និង​ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​បាន​ជូន​ប្រាក់​ជាង​១​លាន​៥​សែន​រៀល​ដល់​គាត់ ។

ចំណែក​លោក​អ៊ឹ​ម ជីវ៉ា ខណៈ​ទៅ​សួរសុខទុក្ខ​អ្នកគ្រូ​គង់ ណា​រី ដែរ​នោះ​បាន​នាំ​យក​ប្រាក់​របស់​សមាគម​សិល្បករ​ខ្មែរ​ចំនួន​១​លាន​រៀល និង​ប្រាក់​របស់​អ្នកឧកញ៉ា​អ៊ូ ឆាយ និង​លោក​ជំទាវ​សុខ វាសនា ចំនួន​២០០​ដុល្លារ​ជូន​ដល់​គាត់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ