ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរ​ឡើងត្នោត​ប្រឈម​នឹង​ការ​បាត់បង់​នា​ពេល​អនាគត

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កសិករ​ជា​ច្រើន​នៅ​ខេត្តព្រៃវែង បាន​បោះបង់​មុខរបរ​ឡើងត្នោត​ជា​បន្ដបន្ទាប់ ដោយសារ​តែ​មុខរបរ​មួយ​នេះ រក​កម្រៃ​បាន​តិច ហើយ​ប្រថុយ​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត ។ បច្ចុប្បន្ន មុខរបរ​នេះ​ត្រូវ​បាន​ប្រជា​កសិករ​នៅ​ខេត្តព្រៃវែង…

ខេត្តព្រៃវែង ៖ កសិករ​ជា​ច្រើន​នៅ​ខេត្តព្រៃវែង បាន​បោះបង់​មុខរបរ​ឡើងត្នោត​ជា​បន្ដបន្ទាប់ ដោយសារ​តែ​មុខរបរ​មួយ​នេះ រក​កម្រៃ​បាន​តិច ហើយ​ប្រថុយ​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

បច្ចុប្បន្ន មុខរបរ​នេះ​ត្រូវ​បាន​ប្រជា​កសិករ​នៅ​ខេត្តព្រៃវែង ជា​ខេត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​២​ដែល​សម្បូរ​ដើម​ត្នោត​នោះ បាន​នាំ​គ្នា​បោះបង់​ចោល​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ ដោយ​ភាគច្រើន​គេ​នាំ​គ្នា​ងាក​ទៅ​ធ្វើ​ការងារ​សំណង់​, រោងចក្រ​, កសិកម្ម ឬ​ធ្វើ​ជំនួញ​តាម​ផ្សារ​វិញ ព្រោះ​វា​បាន​ចំណូល​ច្រើន​ជាង ហើយ​ក៏​មាន​សុវត្ថិភាព​ផង​ដែរ ។

ប្រជា​កសិករ​នៅ​ភូមិក​គោ និង​ភូមិ​សំរាប ក្នុង​ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង បាន​បញ្ជាក់​ថា អ្នក​ភូមិ​របស់​គាត់​ភាគច្រើន​បាន​ប្រកប​មុខរបរ​ឡើងត្នោត​យក​ទឹក​លក់ និង​រម្ងាស់​ធ្វើ​ជា​ស្ករ​លក់​ស្ទើរតែ​គ្រប់​គ្នា តែ​មក​ដល់​បច្ចុប្បន្ន អ្នក​នៅ​ប្រកប​មុខរបរ​នេះ​សល់​តែ​៤​ទៅ​៥​នាក់​ប៉ុណ្ណោះ ដោយ​អ្នកខ្លះ​កាន់តែ​ចាស់ ឡើង​ដើម​ត្នោត​លែង​រួច និង​ខ្លះ​ទៀត​រវល់​មើល​ចៅ​តូច​ៗ ព្រោះ​ម្ដាយ​ឪពុក​គេ​ទៅ​ធ្វើការ​នៅ​តាម​រោងចក្រ ឬ​ចំណាកស្រុក​ជាដើម ។ ចំណែក​យុវជន​ជំនាន់​នេះ​វិញ គេ​មិន​ធ្វើ​តែ​ម្តង ដោយ​យល់​ឃើញ​ថា វា​ប្រើ​កម្លាំង​ច្រើន ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង ហើយ​ទទួល​បាន​កម្រៃ​តិច​ទៀត ។ ពួក​គាត់​លើក​ឡើង​ថា ៖« ទម្រាំ​តែ​ផលិត​បានជា​ស្ករត្នោត​១០​ទៅ​១២​គីឡូក្រាម ត្រូវ​ចំណាយពេល​ពី​៣​ទៅ​៤​ម៉ោង​ក្នុង​ការ​ដុត​ភ្លើង​រម្ងាស់ ដល់​ពេល​លក់​ចេញ​បាន​ត្រឹមតែ​៥​ទៅ​៦​ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​នេះ មាន​ស្ករត្នោត​ឈ្មួញ​យក​មក​ពី​ភ្នំពេញ លក់​ប្រជែង​តម្លៃ​ទៀត ធ្វើ​ឲ្យ​តម្លៃ​កាន់តែ​ថោក ទើប​ម្នាក់​ៗ​នាំ​គ្នា​បោះបង់​មុខរបរ​នេះ​ទៅ »​។

លោក វា រិ​ទ្ធី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា ៖« មក​ដល់​ពេល​នេះ យើង​មិន​ទាន់​បាន​បង្កើត​សមាគម​ផលិត​ស្ករត្នោត​នៅឡើយ​ទេ បើ​ទោះបីជា​ខេត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​២​ទូ​ទាំង​ប្រទេស​ខាង​សម្បូរ​ដើម​ត្នោត​ក៏​ដោយ »​។ លោក​បាន​បញ្ជាក់​ថា ៖« ការ​បោះបង់​មុខរបរ​នេះ ដោយសារ​តែ​មាន​ឈ្មួញ​នាំ​យក​ស្ករត្នោត​ពី​ផ្សារ​អូរ​ឫស្សី មក​បោះ​លក់​នៅ​ផ្សារ​អ្នក​លឿង និង​ចែកចាយ​បន្ត​ទៅ​ស្ទើរ​គ្រប់​បណ្តារ​ទីផ្សារ​ក្នុង​ខេត្ត ធ្វើ​ឲ្យ​តម្លៃ​ស្ករត្នោត​ចុះថោក ទើប​កសិករ​ក្នុងស្រុក​នាំ​គ្នា​លែង​ធ្វើ​តែ​ម្ដង ហើយ​បញ្ហា​នេះ​លោក​កំពុង​រិះរក​វិធីសាស្ត្រ ដោះស្រាយ​ដែរ » ។

ការ​ប្រឈម​នឹង​ការ​បាត់បង់​មុខរបរ​ឡើងត្នោត​នេះ មិនមែន​តែ​នៅ​ខេត្តព្រៃវែង​នោះ​ទេ សូ​ម្បី​តែ​ខេត្តកំពង់ស្ពឺ​ដែល​ល្បីល្បាញ​ខាង​ផលិត​ស្ករត្នោត​សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ក៏​កំពុង​ប្រឈម​ដូច​គ្នា ដោយសារ​តែ​យុវជន​សម័យ​ឥឡូវ​មិន​ចាប់អារម្មណ៍​នឹង​របរ​បែប​នេះ​ឡើយ ព្រោះ​ការងារ​នៅ​តាម​រោងចក្រ​សម្បូរ ហើយ​ទទួល​បាន​ប្រាក់ខែ​សមរម្យ​ទៀត ។

បើ​តាម​ប្រធាន​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ត្នោត ស្ថិត​ក្នុង​ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ឆ្នាំ​នេះ ការ​ផលិត​ស្ករត្នោត​បាន​ធ្លាក់​ចុះ ហើយ​បើ​តាម​ការ​ស្ទាបស្ទង់​មតិ ទិន្នផល​ស្ករត្នោត​អាច​នឹង​បន្ត​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ទៀត ព្រោះ​បច្ចុប្បន្ន សមាជិក​សហគមន៍​អ្នក​ឡើងត្នោត មាន​វ័យ​កាន់តែ​ចាស់​ទៅ​ហើយ ។ ចំណែក​សមាជិក​វ័យក្មេង​បាន​បោះបង់​មុខរបរ​នេះ ដោយ​ពួក​គាត់​បាន​ងាក​ទៅ​ធ្វើការ​នៅ​តាម​បណ្តា​រោងចក្រ សហគ្រាស​នានា ខណៈ​ដែល​វិស័យ​ទាំងនោះ​កំពុង​រីក​ចម្រើន ។

លោក ហុង ហឿ​ន ប្រធាន​សហគមន៍​រូប​នេះ បាន​អំពាវនាវ​ដល់​សមាជិក​សហគមន៍ ក៏​ដូច​ជា​នៅ​តាម​បណ្តា សហគមន៍​ដែល​មាន​ដើម​ត្នោត គួរ​បន្ត​នូវ​មុខរបរ​នេះ ព្រោះ​ស្ករត្នោត​គឺជា​ស្ករ​ធម្មជាតិ ហើយ​មាន​តែ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ ដែល​មាន​ស្ករ​ប្រភេទ​នេះ ខណៈ​ពេល​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ដៃគូ​នាំ​ចេញ​ជា​ច្រើន​មាន​បំណង​សហការ ជួយ​ផ្តល់​ជា​បទ​ពិសោធន៍ ឬ​ដំឡើង​ថ្លៃ​ឲ្យ​បាន​សមរម្យ​ដល់​សហគមន៍ ដើម្បី​ជំរុញ​លើកទឹកចិត្ត​ដល់​សហគមន៍​អ្នក​ផលិត​ស្ករត្នោត ក្នុង​ការ​បន្ត​អនុវត្ត​កិច្ចការ​នេះ​ឲ្យ​រីក​ចម្រើន និង​ការ​បន្ត​ប្រកួតប្រជែង​ស្ករ​ធម្មជាតិ​ឲ្យ​មាន​ទីផ្សារ​ល្អ​ដាច់​គេ​ទាំង​នៅ​ក្នុង​តំបន់ ក៏​ដូច​ទីផ្សារ​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ