រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយតបតាមការអញ្ជើញរបស់ឯកឧត្តម ខាត់ហ្គា ប្រាសាត សាម៉ា អូលី នាយករដ្ឋមន្ត្រី នៃ សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ ខ្ពស់អញ្ជើញ បំពេញទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ចាប់ពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨ នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់ ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការ របស់នាយកដ្ឋានព័ត៌មាន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា ឥស្សរជនកម្ពុជាដែលនឹងអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី រួមមានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិក ដទៃទៀតនៃរាជរដ្ឋាភិបាល កម្ពុជា និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា នៅក្នុងឱកាសទស្សនកិច្ចផ្លូវការ សម្តេចតេជោ ហ៊ុន សែន នឹងជួបសម្តែងការគួរសមជាមួយលោកជំទាវ ប៊ីធយ៉ា ដេវី បានដាវី ប្រធានាធិបតី នៃសាធារណរដ្ឋ សហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ហើយនឹងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ខាត់ហ្គា ប្រាសាត សាម៉ា អូលី នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់។
បន្ទាប់មកថ្នាក់ដឹកនាំប្រទេស ទាំងពីរ នឹងអញ្ជើញ ធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារនៃកិច្ចសហប្រតិបត្តិការទ្វេភាគី មួយចំនួន។ ដោយឡែក ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨ នៅនេប៉ាល់ សម្តេចតេជោ ហ៊ុន សែននឹងអញ្ជើញថ្លែងសុន្ទរកថា ស្របតាមមូលបទនៃកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក២០១៨-នេប៉ាល់“ការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៃយុគសម័យរបស់យើង ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និងតម្លៃជាសាកល”។ នៅក្នុងឱកាសស្នាក់នៅប្រទេសនេប៉ាល់ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទស្សនាទីប្រជុំជនបុរាណ ប៉ាតាន់ ឌួបា ដែលជារមណីដ្ឋានក្នុងបញ្ជីបេតិភណ្ឌពិភពលោក របស់អង្គការយូណេស្កូ៕
ចែករំលែកព័តមាននេះ