ខេត្តកំពង់ឆ្នាំង ៖ កសិករគំរូដែលធ្លាប់ទទួលជ័យលាភីលេខ១ទូទាំងប្រទេសកាលពីឆ្នាំ២០១៥ លើការដាំដុះដំណាំស្រូវទទួលបានទិន្នផលខ្ពស់ បានបញ្ជាក់ថា ការស្ទូងស្រូវតែ១ដើម នឹងទទួលបានទិន្នផលខ្ពស់ជាងការស្ទូងស្រូវតាមទម្លាប់ ហេតុនេះលោកសូមអំពាវនាវដល់ប្រជាកសិករគួរផ្លាស់ប្តូរទម្លាប់ចាស់ មកធ្វើស្រូវតាមបែបសម័យ គឺប្រពលវប្បកម្ម តាមគោលការធម្មជាតិវិញ ព្រោះចំណាយពូជតិច ពលកម្មតិច តែបានទិន្នផលខ្ពស់ ។
រស់នៅភូមិត្រពាំងត្រាច ឃុំរលាប្អៀរ ស្រុករលាប្អៀរ លោក ឃួន ណូត កសិករគំរូរូបនេះ បាននិយាយថា ការធ្វើស្រែបែបប្រពលវប្បកម្ម គឺបានផលចំណេញច្រើនណាស់ តាំងពីកម្លាំងពលកម្ម និងថវិកាចំណាយលើពូជជាដើម ហើយទទួលបានទិន្នផលខ្ពស់ទៀត អាចពី៧ទៅ៨តោនក្នុងមួយហិកតាសម្រាប់ស្រូវធ្ងន់ ។
លោកបញ្ជាក់ថា ការធ្វើស្រូវបែបប្រពលវប្បកម្ម គឺទាមទារឲ្យមានការធ្វើដីឱ្យបានរាបស្មើ ការដាក់ជីធម្មជាតិ លាមក៍គោក្របី ឬជីកំប៉ុស្ដ ដែលបានពីកាកសំណល់ផ្ទះបាយ លាយជាមួយលាមកសត្វជាដើម ។ ចំណែកការស្ទូងគឺត្រូវស្ទូងជាជួរ និងស្ទូងស្រូវតែ១ដើមប៉ុណ្ណោះ ដោយឡែកសំណាប គឺត្រូវប្រើសំណាបនៅខ្ចី ទើបមានកម្លាំងលូតលាស់ល្អ ។
លោកបញ្ជាក់ថា ៖« តាមទម្លាប់ប្រជាពលរដ្ឋជាកសិករយើង គឺធ្វើទៅតាមទម្លាប់តគ្នាពីចាស់បុរាណមកដោយស្ទូងស្រូវច្រើនដើមក្នុង១គុម្ព ហើយសំណាបច្រើនទុកដល់ចាស់ដើម ទើបដកយកទៅស្ទូង »។ លោកថា ៖« ការស្ទូងស្រូវប្រពលវប្បកម្ម គឺបានទិន្នផលខ្ពស់ខ្លាំងណាស់ ជាក់ស្តែងស្រូវផ្ការំដួលរបស់ខ្ញុំដែលស្ទូងនៅស្រែលើគឺបានពី៣ទៅ៤តោន ក្នុងមួយហិកតា ។ ចំណែកប្រភេទស្រូវធ្ងន់ឈ្មោះ KHA 5 គឺបានផលពី៧ ទៅ៨តោន ក្នុងមួយហិកតាឯណោះ »។ លោក ឃួន ណូត បន្ថែមថា លោកធ្លាប់ទទួលបានជ័យលាភីលេខ១ទូទាំងប្រទេស កាលពីឆ្នាំ២០១៥ ជាកសិករគំរូ ដោយទទួលបានអំណោយពីសម្ដេចតេជោហ៊ុន សែន នូវគោយន្ត១គ្រឿង និងគោញី២ក្បាលពីអង្គការសេដាក ។
ក្នុងនាមលោកជាកសិករគំរូ ដែលទទួលជោគជ័យក្នុងការធ្វើស្រែ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកែប្រែទម្លាប់ចាស់ មកធ្វើស្រូវតាមបែបសម័យ ប្រពលវប្បកម្ម ដោយស្ទូងស្រូវមួយដើមវិញ ព្រោះចំណេញថវិកាក្នុងការចំណាយពូជច្រើន តែបានទិន្នផលខ្ពស់ ។
សូមរំឭកថា លោក ឃួន ណូត ធ្លាប់ទទួលបានការបណ្តុះបណ្តាលពីអង្គការសេដាកដែលបង្ហាញឲ្យធ្វើស្រូវប្រពលវប្បកម្ម តាមគោលការធម្មជាតិ និងធ្លាប់ទទួលបានការណែនាំពីប្រធានការិយាល័យកសិកម្មស្រុក និងប្រធានមន្ទីរកសិកម្មខេត្ត ។ កសិករគំរូរូបនេះ ក្រៅពីជំនាញធ្វើស្រូវហើយ នៅមានជំនាញចិញ្ចឹមមាន់ ចិញ្ចឹមត្រី និងដាំបន្លែផ្សេងៗទៀត ដែលផ្ដល់ប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារឲ្យមានជីវភាពធូរធារបានមួយកម្រិត ៕
ចែករំលែកព័តមាននេះ