ជូន​ប្អូន​ទៅ​បន្ទប់​ជួល​វិញ ស្រាប់តែ​១​ក្រុម​ប្រដាប់​ដោយ​ដាវ​ដេញ​តាម​ពីក្រោយ


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ឌុ​ប​ប្អូនប្រុស​ទៅ​បន្ទប់​ជួល​វិញ​បាន​ពាក់កណ្ដាល​ផ្លូវ ត្រូវ​ក្រុម​ជនសង្ស័យ​ប្រដាប់​ដេញ​ដាវ​កាប់​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​បាន​សំរេច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ ទំនប់​កប់​ស្រូវ ជិត​ប៉ុស្តិ៍​២៤​ម៉ោង ស្ថិត​នៅ​ភូមិ​ស្រែ​តេជៈ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ សយ វី​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាង​បាញ់ថ្នាំ ស្នាក់​នៅ​ភូមិ​ត្រពាំង​ពោធិ៍​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ មានស្រុក​កំណើត​នៅ​ភូមិ​ទួល ឃុំ​បា​ធា​យ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។

ម៉ូតូ​មួយ​គ្រឿង​ដែល​ជនសង្ស័យ​ប្លន់​យក​ទៅ​បាត់​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ បាត់ដំបង ១AC-១៦១០​។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ឌុ​ប​ប្អូនប្រុស​របស់​គាត់​ពី​បន្ទប់​របស់​គាត់​ទៅ​បន្ទប់​ជួល​របស់​ប្អូន​វិញ ហើយ​បើកបរ​ម៉ូតូ​តាម​ផ្លូវ​ទំនប់​កប់​ស្រូវ ស្រាប់តែ​ឃើញ​ជនសង្ស័យ​មាន​គ្នា​ជិត​១០​នាក់​ជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង​បាន​ឈប់​ផ្តុំ​គ្នា​កន្លែង​ម៉ាត​ជិត​ប៉ុស្តិ៍​២៤​ម៉ោង​នៅ​ម្ដុំ​ផ្លូវ​កប​ស្រូវ ។

ពេល​នោះ​ពួក​គាត់​បាន​បើកបរ​ម៉ូតូ​ចេញពី​កន្លែង​ជនសង្ស័យ​បាន​ចម្ងាយ​ជាង​១០០​ម៉ែត្រ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​ដេញ​ពីក្រោយ​ដក​ដាវ ព្រមទាំង​ខ្សែក្រវាត់​ដេញ​វាយ​ និង​តាមកាប់​ពួក​គាត់ ​ធ្វើ​ឱ្យ​ពួក​គាត់​ភ័យ​ហើយ​បាន​ផ្ដួល​ម៉ូតូ​នៅ​ចិញ្ចើម​ផ្លូវ រួច​ពួក​គាត់​បាន​លោត​ចូល​ទឹក​បឹង​ឈូក​គេច​ពី​ជនសង្ស័យ ភ្លាម​ៗ​នោះ​ក្រុម​ជនសង្ស័យ​ខាងលើ​បាន​លើក​ម៉ូតូ​របស់​គាត់​ជិះ​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​។

ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ទាំង​២​នាក់​បានរ​ត់ទៅ​ប្ដឹង​សមត្ថកិច្ច​ប៉ុស្តិ៍​២៤​ម៉ោង​ដែរ តែ​ដោយ​ពុំ​មាន​សមត្ថកិច្ច​នៅ​គោលដៅ​ខាងលើ​នោះ បន្ទាប់​មក​ពួក​គាត់​បាន​ជិះ​ម៉ូតូឌុប​ទៅ​ប្ដឹង​សមត្ថកិច្ច​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​៣ ប៉ុន្តែ​ដោយសារ​តែ​ទឹកដី​ផ្សេង​គ្នា​ សមត្ថកិច្ច​នគរបាល​ខណ្ឌ​ចោម​ចៅ​៣​បាន​ឲ្យ​ជន​រង​គ្រោះ​ទៅ​ប្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​ក្រោម​វិញ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​មុខ​រកមុខ​សញ្ញា​ខាងលើ​មក​ផ្ដន្ទាទោស​តាម​ច្បាប់​។

បន្ទាប់​ពី​ជន​រង​គ្រោះ​បាន​មក​ប្ដឹង​សមត្ថកិច្ច​ហើយ ភ្លាម​ៗ​នោះ​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​បាន​នាំ​ជន​រង​គ្រោះ​ទៅ​ដល់ទី​តាំង​កើតហេតុ​ដើម្បី​ស៊ើប​សង្កេត​រកមុខ​សញ្ញា​ខាងលើ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ