រាជធានីភ្នំពេញ ៖ អតីតតារាចម្រៀងកញ្ញាពៅ បញ្ញាពេជ្រ បានបង្ហាញអារម្មណ៍ធុញថប់ទៅនឹងភាពពិការរបស់ខ្លួនដែលបានអូសបន្លាយពេលកាន់តែយូរ ក្នុងពេលដែលនាងបានព្យាយាមព្យាបាលតាមវេជ្ជបញ្ជាពេទ្យអស់ជាច្រើនឆ្នាំមកនេះក៏ដោយ ។ បើទោះបីជាពេលបច្ចុប្បន្នសុខភាពរបស់ពៅ បញ្ញាពេជ្រ ហាក់មានភាពល្អប្រសើរជាងមុន ប៉ុន្តែជើងទាំងពីររបស់នាងនៅតែមិនអាចកម្រើកបាន និងបានបណ្តាលឲ្យនាងបន្តអង្គុយតែនៅលើរទេះរុញ ពេលទៅណាមកណា ម្តងៗដដែល ។
អតីតារាចម្រៀងពៅ បញ្ញាពេជ្រ នៅតែបន្តការព្យាបាលភាពពិការរបស់នាងយ៉ាងជាប់លាប់ បើទោះបីជាពេលខ្លះនាងធុញទ្រាន់នឹងភាពពិការរបស់ខ្លួនដែលបានអូសបន្លាយពេលយ៉ាងយូរមកនេះក៏ដោយ ។ ជាការកត់សម្គាល់ភាពពិការដែលបានធ្វើឲ្យនាងអង្គុយបានតែនៅលើរទេះរុញអស់ជាច្រើនឆ្នាំនេះ ក៏បានធ្វើឲ្យម្ចាស់បទ«ស្នេហ៍គ្មានលក្ខខណ្ឌ»កញ្ញាពៅ បញ្ហាពេជ្រ បញ្ចេញនូវអារម្មណ៍ធុញថប់យ៉ាងខ្លាំងក្នុងពេលដែលនាងពិតជាចង់គេចឲ្យផុតពីបញ្ហានេះជាខ្លាំង។
ថ្មីៗកន្លងមកពៅ បញ្ញាពេជ្រ បានបញ្ចេញសារមួយដែលស្ទើរតែធ្វើឲ្យបណ្តាអ្នកលេងហ្វេសប៊ុកសង្វេគចិត្តយ៉ាងខ្លាំង ក្នុងពេលដែលនាងបានថ្លែងត្អូញត្អែរពីភាពពិការរបស់នាងនាពេលនេះ ។
ពៅ បញ្ញពេជ្រ បានបង្ហោះសារតាមហ្វេសប៊ុករបស់នាងថា «ឱ ! ភាពពិការអើយអ្នកនៅជាមួយខ្ញុំដល់ពេលណា ខ្ញុំពិតជាចង់គេចចេញឲ្យផុតពីអ្នកណាស់»។ សារនេះបានធ្វើឲ្យប្រិយមិត្តគាំទ្ររូបនាងរំជួលចិត្តយ៉ាងខ្លាំង ។
តាមរយៈការបញ្ចេញអារម្មណ៍ដ៏សោកសៅរបស់ពៅ បញ្ញាពេជ្រ នេះមិត្តភក្តិ និងប្រិយមិត្តដែលធ្លាប់គាំទ្ររូបនាងជាច្រើនបានលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តទៅដល់រូបនាង ឲ្យបន្តការព្យាបាលដោយចិត្តការអត់ធ្មត់បំផុត។ ពៅ បញ្ហាពេជ្រ បានថ្លែងអំណរគុណចំពោះការលើកទឹកចិត្តទាំងនោះ បើទោះបីជាពេលនេះនាងបានចាប់ផ្តើមចាត់ទុកខ្លួនឯងជាមនុស្សទន់ខ្សោយ និងមានសង្ឃឹមតិចតួចក្នុងការឈានជើងដើរជាថ្មីឡើងវិញក្តី ។
រស់នៅក្នុងភាពពិការនេះពៅ បញ្ញាពេជ្រ មិនបានលាក់លៀម និងបិទបាំងដូចជាពេលមុនឡើយ ពោលនាងតែងតែចេញមុខជាសាធារណៈតាមរយះការLive លក់ផលិតផល ផ្សេងៗ ក៏ដូចជាការដើរកម្សាន្តតាមទីសាធារណៈជាបន្តបន្ទាប់ ។
បើគិតរហូតមកដល់បច្ចុប្បន្នអតីតតារាចម្រៀងក្នុងផលិតកម្មហង្សមាស ពៅ បញ្ហាពេជ្រ តស៊ូរស់ក្នុងនាមជាជនពិការអស់រយៈពេលប្រមាណជាង១០ឆ្នាំមកហើយ បន្ទាប់ពីនាងបានទទួលរងនូវការបាញ់ប្រហារពីជនមិនស្គាល់មុខកាលពីអំឡុងឆ្នាំ២០០៧ ។ បន្ទាប់ពីទទួលការបាញ់ប្រហារនោះនាងអាចគេចផុតពីសេចក្តីស្លាប់ តែធ្លាក់ខ្លួនពិការស្លាប់មួយកំណាត់ក្រោម ៕
ចែករំលែកព័តមាននេះ