ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយ​ជីក​ស្រះ​និង​​ផ្តល់​កូន​ត្រីពូជ​ជូន​ប្រជាកសិករ​នៅ​ស្រុក​កណ្តៀង

13 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់ ៖ នៅក្នុងដំណើរចុះពិនិត្យ​ទីតាំងរៀបចំទិវា​មច្ឆ​ជាតិ​ថ្នាក់​ជាតិ​​ ដែល​នឹង​​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី១ ​កក្កដា ​ឆ្នាំ​២០១១​ខាង​មុខ ​លោក​ណៅ ធួក ​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​​ទទួល​បន្ទុក​ជា​​ប្រធានរដ្ឋ​បាល​ជល​ផល​ ​និង​សហ​ការី​​បាន​នាំ​យក​​កូន​ត្រី​ទៅ​ចែក​ជូន​ដល់​កសិករ​នៅ​​ក្នុង​មូល​ដ្ឋាន​ស្រុក​​កណ្តៀង​តាម​សំណើ​សុំ​របស់​​ក្រុម​ការងារ​ថ្នាក់​​កណ្តាល​គណបក្ស​ប្រជាជន​ចុះ​​ជួយ​ស្រុក​​កណ្តៀង ​ខេត្តពោធិ៍សាត់។

ខេត្ត​ពោធិ៍​សាត់ ៖ នៅក្នុងដំណើរចុះពិនិត្យ​ទីតាំងរៀបចំទិវា​មច្ឆ​ជាតិ​ថ្នាក់​ជាតិ​​ ដែល​នឹង​​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី១ ​កក្កដា ​ឆ្នាំ​២០១១​ខាង​មុខ ​លោក​ណៅ ធួក ​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​​ទទួល​បន្ទុក​ជា​​ប្រធានរដ្ឋ​បាល​ជល​ផល​ ​និង​សហ​ការី​​បាន​នាំ​យក​​កូន​ត្រី​ទៅ​ចែក​ជូន​ដល់​កសិករ​នៅ​​ក្នុង​មូល​ដ្ឋាន​ស្រុក​​កណ្តៀង​តាម​សំណើ​សុំ​របស់​​ក្រុម​ការងារ​ថ្នាក់​​កណ្តាល​គណបក្ស​ប្រជាជន​ចុះ​​ជួយ​ស្រុក​​កណ្តៀង ​ខេត្តពោធិ៍សាត់។

នៅក្នុងរបាយការណ៍ស្វាគមន៍របស់លោក សុខ លីមុត អភិបាលស្រុកកណ្តៀងបានឱ្យ​ដឹង​ថា ​សភាពការណ៍បង្កបង្កើនផលរបស់កសិករ​ទូទាំង​ស្រុកបានដំណើរការ​ល្អប្រសើរ ចំណែក​​គោល​​នយោបាយ​ភូមិ-ឃុំមានសុវត្ថិភាពត្រូវ​​បាន​ផ្សព្វ​​ផ្សាយ និងអនុវត្តធ្វើឱ្យសកម្មភាពបង​តូច បងធំ និង​អំពើចោរកម្មនៅក្នុងមូលដ្ឋានត្រូវ​លុបបំបាត់​ជា​បន្តបន្ទាប់ ។ ​ដោយឡែកទាក់ទង​សកម្មភាព​ជីកស្រះជូនកសិករតាមគ្រួសាររបស់​ក្រុមការងារ​​ថ្នាក់កណ្តាលរបស់​គណបក្សប្រជា​ជន​ចុះជួយ​ស្រុកកណ្តៀង​ ​ក្រោមការចង្អុល​បង្ហាញ​ដ៏ខ្ពង់​ខ្ពស់​របស់លោក​ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​ឧស្សា​ហកម្ម​រ៉ែ និងថាមពល និងជាសមា​ជិក​កណ្តាល​គណបក្សប្រជាជនកម្ពុជាចុះជួយ​ខេត្ត​ពោធិ៍សាត់ បានដំណើរការជីកជាបណ្តើរៗ​តាមទំហំដីរបស់​កសិករដែលមានជាក់ស្តែង​ ​គិតរហូតមកដល់​ពេល​នេះ​នៅទូទាំងស្រុកបាន​ចំនួន​ជាង២០០ស្រះ​ហើយ ។

លោកសេង ស៊ុនហ៊ួត នាយខណ្ឌរដ្ឋបាល​ជលផលពោធិ៍សាត់បានរាយការណ៍សង្ខេបនូវ​លទ្ធផលការងារសម្រេចបានក្នុងវិស័យជលផល​ក្នុងខេត្តពោធិ៍សាត់ប្រចាំឆ្នាំ២០១០ថា​ ការ​ប្រមូល​​ផលនេសាទប្រចាំរដូវឆ្នាំ២០០៩-២០១០ សម្រេចបាន២១.៣៥០តោនកើនជាងរដូវ​នេសាទ​ឆ្នាំ២០០៨-២០០៩ចំនួន២៨៥តោន ​​ការ​ងារវារីវប្បកម្មអនុវត្តបានចំនួន ៣.៥៥០​តោន​កើនជាងឆ្នាំ២០០៩ ចំនួន១.៥៣៥តោន ។ រីឯ​ការងារការពារថែរក្សាប្រភពធនធានជលផល​សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលបានសហការ​ជាមួយកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាង​ត្បូងបឹងទន្លេសាប ស្ថាប័នពាក់ព័ន្ធ កងកម្លាំង​ប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់​ថ្នាក់ធ្វើការបង្រ្កាបជាបន្តបន្ទាប់បានចំនួន៤២៦ ករណី​ ក្នុងនោះបំផ្លាញវត្ថុតាងចោលនៅនឹង​កន្លែង​ចំនួន៣៣៥ករណី ពិន័យអន្តរការណ៍ចំនួន ១០ករណីស្មើនឹងទឹកប្រាក់​ស​រុបចំនួន ២៥.១៥០.០០០រៀល និងរឹបអូសវត្ថុតាងចំនួន ៨១ករណី ព្រមទាំងបានបញ្ជូនជនល្មើសទៅ​តុលា​ការចំនួន១២នាក់។

លោកសេង ស៊ុនហ៊ួត បានបញ្ជាក់ថា យោង​តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា​សេនាបតីតេជោហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៅ​ក្នុងឱកាសទិវាមច្ឆជាតិនៅអាងទឹក​វាល​វង់ ភូមិ​ភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្ត​កែប​កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៩ ដែល​សម្តេច​បានមានប្រសាសន៍ថា ត្រូវណែនាំ​កសិករ​ឱ្យ​មាន​ស្រះតូចមួយនៅតាមគ្រួសារ ដើម្បី​មាន​ទឹក​សម្រាប់ប្រើប្រាស់​ ស្រោច​ដំណាំ ចិញ្ចឹម​សត្វ​ពាហនៈ និងចិញ្ចឹមត្រីផង នៅ​គ្រប់ទីកន្លែង ជា​ពិសេសតំបន់ដែលខ្សត់ទឹកខ្វះ​ខាតត្រី ដោយ​លើក​ទឹកចិត្ត និងជម្រុញការ​ចិញ្ចឹម​ត្រីខ្នាតតូច​ជា​លក្ខណៈគ្រួសារឱ្យក្លាយជា​ចលនាចិញ្ចឹម​ទូលំ​ទូលាយទូទាំងប្រទេស។ ផ្អែក​តាម​អនុសាសន៍ដ៏​ថ្លៃថ្លាខាងលើ ក្រុមការងារ​ថ្នាក់កណ្តាលរបស់​គណបក្សប្រជាជនចុះជួយ​តាមភូមិ ឃុំ ស្រុក នៅ​ទូទាំងខេត្តពោធិ៍សាត់​ក្រោមការដឹកនាំបញ្ជា​ផ្ទាល់របស់លោក​ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​ឧស្សា​ហកម្ម រ៉ែ និងថាម​ពល​ បានដំណើរការជីក​ស្រះ មកដល់​បច្ចុប្បន្នបានចំនួនជាង​១.០០០​ស្រះ​ហើយ​នៅទូទាំង​ខេត្ត។ ទន្ទឹមនឹង​សកម្មភាព​ជីក​ស្រះរបស់ក្រុមការ​ងារ លោក​ ណៅ ធួក ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជាទទួល​បន្ទុកជា​ប្រធាន​រដ្ឋបាលជលផល​បានចូលរួម​យ៉ាងសកម្ម​ក្នុងការផ្តល់កូនត្រីពូជ​ដល់កសិករ​ចិញ្ចឹម ដើម្បី​រួមចំណែកបង្កើត​មុខរបរថ្មីមួយ​ជូន​ប្រជាពល​រដ្ឋនៅតាម​មូលដ្ឋានជារបៀបគ្រួសារ​។ គិតត្រឹម​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១១ លោក​ណៅ ធួក ប្រតិភូរាជរដ្ឋា​ភិបាល​កម្ពុជាទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាលជលផល​បានផ្តល់កូន​ត្រី​ពូជ​ចំនួន​៣លើក ស្មើនឹង១៦០គ្រួសារ ដែលមាន​កូន​ត្រី​ពូជ​សរុបចំនួន​៥១.៤៥០ក្បាល និងកូនត្រី​អណ្តែង​ចំនួន៥២គីឡូក្រាម។

នៅក្នុងមតិសំណេះសំណាលជាមួយប្រជា​ពលរដ្ឋ លោក​ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាល​កម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល​បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏​ឈ្លាសវៃប្រកបដោយគតិ​បណ្ឌិតរបស់​សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ប្រទេស​ជាតិ​សុខុមាលភាព និងជីវភាពរស់នៅរបស់​ប្រជា​ពល​រដ្ឋនៅទូទាំងប្រទេស។ ជាក់ស្តែងការ​ជីក​ស្រះ​ជូនប្រជាពលរដ្ឋរបស់ក្រុមការ​ងារថ្នាក់​កណ្តាល​​គណបក្សប្រជាជនចុះជួយខេត្ត​ពោធិ៍​សាត់ ក្រោម​ការដឹកនាំផ្ទាល់របស់លោក​ ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម រ៉ែ និង​ថាមពលនៅ​ពេល​នេះ​ ជាការសមស្របសម្រាប់​ការប្រែប្រួល​បរិយា​កាស និង​ជាការបង្កើតមុខ​របរថ្មីសម្រាប់​ប្រជា​ពលរដ្ឋផងដែរ​ ។ រីឯរដ្ឋបាល​ជលផលនឹង​សហការ​ជាមួយក្រុមការងារផ្តល់នូវ​បច្ចេកទេស​ចិញ្ចឹមត្រី និងកូនត្រីពូជជូនកសិករ​គ្រប់ក្រុម​គ្រួសារដើម្បី​ឱ្យមានត្រី​បរិភោគគ្រប់គ្រាន់ដែល​ជាការរួម​ចំណែក​​ក្នុង​ការកាត់បន្ថយភាពក្រីក្រ​របស់ប្រជា​ពលរដ្ឋ ។ ​ជាមួយគ្នានេះដែរ លោក​បានអំពាវនាវដល់​បង​ប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ស្តីពី​ជល​ផល ចៀសវាងការប្រើប្រាស់នូវឧបករណ៍​នេសាទ​ខុសច្បាប់ ជាពិសេសឧបករណ៍ឆក់ត្រី និង​លូស្បៃមុងជាដើម ដែលជាដើមចមនៃការ​បំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ប្រភពធនធានជល​ផលរបស់យើង ៕