ខេត្តកណាល ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្ករដោយរថយន្ត ម៉ាក MITSUBISHI បើកវ៉ាម៉ូតូមិនស្គាល់ម៉ាករួចជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យស្លាប់ម្នាក់ រងរបួសម្នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅ ថ្ងៃអាទិត្យ ១១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៧ និង៥០នាទី នៅលើផ្លូវខេត្ត៣៨០ ចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
នគរបាលបានឲ្យដឹងថា កាលពីថ្ងៃ និងវេលាកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក MITSUBISHI ពណ៌ទឹកប៊ិច ប្រភេទទេសចរ ពាក់ស្លាកលេខ ភ្នំពេញ 2C-0072 បើកបរដោយឈ្មោះ ធៀម អូលីដា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល បើកបរក្នុងទិសដៅ ពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើ បានវ៉ាម៉ូតូមួយគ្រឿងទៀត មិនស្គាល់ម៉ាក ហើយបានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក SMAHS C110 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1J-4774 បើកបរដោយឈ្មោះ ពៅ លាងអេង អាយុ២៨ឆ្នាំ នៅភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ)។
បើកបរនៅក្នុង ទិសដៅពីជើងទៅត្បូង ដោយមានអ្នករួមដំណើរម្នាក់់ឈ្មោះ អេងលាង អ៊ី ភេទស្រី អាយុ២ឆ្នាំ នៅភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(ស្លាប់នៅកន្លែងកើតហេតុ)។ ករណីខាងលើនេះបណ្តាលមកពីអ្នកបើកបររថយន្តខាងលើបើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។ ចំពោះអ្នកបើកបររថយន្ត រួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកនៅអធិការនគរបាលស្រុក។ ចំណែកសពត្រូវបានត្រូវបានសមត្ថកិច្ចប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ