ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ពលកម្ម​ក្នុង​វិស័យ​សំណង់​កើនឡើង​យ៉ាង​គំហុក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​របាយ​កាណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បង្ហាញ​ថា ក្នុង​រយៈ​ពេល​៩​ខែ​ដើមឆ្នាំ​២០១៨​នេះ វិស័យ​សំណង់​បាន​បង្កើត​ការងារ​ជា​ច្រើន​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស គិត​ជា​មធ្យម​ប្រមាណ​ពី​២០​ម៉ឺន​នាក់​ទៅ​២២​ម៉ឺន​នាក់​ក្នុង​១​ថ្ងៃ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៧ គិត​ជា​មធ្យម​មាន​ប្រមាណ​តែ​៩,៥​ម៉ឺន​ទៅ​១០​ម៉ឺន​នាក់​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ…

រាជធានី​ភ្នំពេញ ៖ តាម​របាយ​កាណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បង្ហាញ​ថា ក្នុង​រយៈ​ពេល​៩​ខែ​ដើមឆ្នាំ​២០១៨​នេះ វិស័យ​សំណង់​បាន​បង្កើត​ការងារ​ជា​ច្រើន​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស គិត​ជា​មធ្យម​ប្រមាណ​ពី​២០​ម៉ឺន​នាក់​ទៅ​២២​ម៉ឺន​នាក់​ក្នុង​១​ថ្ងៃ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៧ គិត​ជា​មធ្យម​មាន​ប្រមាណ​តែ​៩,៥​ម៉ឺន​ទៅ​១០​ម៉ឺន​នាក់​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ ។

របាយការណ៍​បាន​រំលេច​ថា ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​នេះ​ដែរ នៅ​រាជធានី​ភ្នំពេញ វិស័យ​នេះ​បាន​ផ្ដល់​ការងារ​ជូន​កម្មករ​ប្រមាណ​ពី​៩​ម៉ឺន​ទៅ​១០​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​កម្មករ​ប្រមាណ​ពី​៦.៥០០​នាក់​ទៅ​៧.០០០​នាក់​ប៉ុណ្ណោះ ក្នុង​១​ថ្ងៃ ពោល​គឺ​កើនឡើង​ចំនួន​១២០% ។

របាយការណ៍​បញ្ជាក់​ថា ៖« តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៨​នេះ តម្លៃ​ពលកម្ម​សម្រាប់​កម្មករ​គ្មាន​ជំនាញ​ក្នុង​១​ថ្ងៃ អាច​ទទួល​បាន​ពី​៣,៥​ម៉ឺន​ទៅ​៤​ម៉ឺន​រៀល និង​កម្មករ​មាន​ជំនាញ​និង​មេជាង​ក្នុង​១​ថ្ងៃ​អាច​ទទួល​បាន​ពី​៥​ម៉ឺន​ទៅ​៧,៥​ម៉ឺន​រៀល ។ ចំពោះ​វិស្វករ ស្ថាបត្យករ​និង​អ្នកជំនាញ​ផ្សេង​ទៀត​ក្នុង​១​ខែ​ទទួល​បាន​ប្រាក់បៀវត្ស​ចន្លោះ​ពី​៤០០​ដុល្លារ​ទៅ​២.៥០០​ដុល្លារ »​។

អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​វិស័យ​សំណង់​កម្ពុជា បាន​និង​កំពុង​ដើរតួ​នាទី​សំខាន់​មួយ​ក្នុង​ការ​ផ្តល់​អត្រា​ការងារ​ធ្វើ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អ្នកមាន​ជំនាញ និង​គ្មាន​ជំនាញ ។

លោក វ៉ា វី​រៈ នាយក​ក្រុម Century 21 Fortuna Investment មាន​ប្រសាសន៍​ថា​វិស័យ​សំណង់​បាន​ចូលរួម​ចំណែក​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​បាន​មួយ​ភាគ​ធំ បើ​ធៀប​នឹង​វិស័យ​ផ្សេង​ទៀត​ដូច​ជា ឧស្សាហ​កម្ម​,​កសិកម្ម និង​ទេសចរណ៍​នា​ពេល​សព្វ​ថ្ងៃនេះ ។

លោក​បញ្ជាក់​ថា ៖« វិស័យ​សំណង់​មានការ​កើនឡើង​ច្រើន ធ្វើ​ឱ្យ​តម្រូវការ​បុគ្គលិក​សម្រាប់​ធ្វើការ​ក្រៅពី​ការិយាល័យ​រហូត​ដល់​ថ្នាក់​ប្រធាន​និង​កម្មករ​ក៏​ច្រើន​ដែរ ។ លើស​ពី​នេះ​ក្រុមហ៊ុន ឬ​ភ្នាក់ងារ​អចលនវត្ថុ ក៏​មានការ​កើនឡើង អីចឹង​វិស័យ​នេះ​បាន​បង្កើន​ការងារ​ធ្វើ​ថែម​ទៀត​នៅ​រយៈពេល​មួយ​ឬ​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ»​។

លោក​បន្ត​ថា ៖« ចំពោះ​ប្រាក់​ចំណូល​វិញ ក៏​មានការ​កើនឡើង ។ កម្មករ​ខ្លះ​គាត់​ធ្វើការ​មួយ​ថ្ងៃ​អាច​ទទួល​បាន​ពី​១០​ទៅ​១៥​ដុល្លារ​។ ចំណូល​គាត់​បើ​ធៀប​នឹង​ពី​មុន​មានការ​កើនឡើង ហើយ​អ្នកខ្លះ​គាត់​អត់​មាន​ជំនាញ ពេល​គាត់​មក​ធ្វើការ​នៅ​ក្នុង​វិស័យ​សំណង់​អាច​រក​ចំណូល​បាន​ប្រមាណ​៣០០​ដុល្លារ​ក្នុង​១​ខែ​ដែរ»។

លោក​លើក​ឡើង​ថា ៖« បើ​វិស័យ​សំណង់​អត់​មានការ​រីក​ចម្រើន​ដូច​សព្វ​ថ្ងៃនេះ សម្រាប់​អត្រា​អត់​ការងារ​ធ្វើ​អាច​មាន​រាប់​សែន​នាក់ ដូច​យើង​ដឹង​ស្រាប់​ហើយ វិស័យ​សំណង់​នៅ​តាម​កន្លែង​ខ្លះ​គឺ​ប្រើ​កម្លាំង​ពលកម្ម​អត់​មាន​ជំនាញ​សុទ្ធ ដូច​ជា​អ្នក​សែង​ឥដ្ឋ ឬ​រែង​ខ្សាច់ គឺ​មាន​ច្រើន​ជាងគេ​បំផុត »​។

រដ្ឋលេខាធិការ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ឡៅ ទិព្វ​សីហា បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ស្ថានភាព​ទីផ្សារ​វិស័យ​សំណង់ គឺ​មាន​ភាពល្អ​ប្រសើរ​ពិសេស​ទីផ្សារ​ដីធ្លី និង​អគារ​ខ្ពស់​ៗ​។ វិស័យ​នេះ​នៅ​តែ​រីក​ចម្រើន​យ៉ាង​ខ្លាំង និង​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋ​កិច្ចជាតិ ពិសេស​ជួយ​លើកកម្ពស់​កម្រិតជីវភាព​របស់​ពលរដ្ឋ​កម្ពុជា ។ លោក​បញ្ជាក់​ថា ៖« វិស័យ​នេះ​បាន​និង​កំពុង​ផ្តល់​ការងារ និង​បទ​ពិសោធន៍ ព្រមទាំង​ចូលរួម​បណ្តុះបណ្តាល​ការងារ​បច្ចេកទេស​ដល់​អ្នក​ជំនាញ​​នៅ​កម្ពុជា​បាន​មួយ​កម្រិត​ធំ »​។

យោង​តាម​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បង្ហាញ​ថា គិត​ត្រឹម​រយៈ​ពេល​៩​ខែ​ឆ្នាំ​២០១៨​នេះ ក្រសួង​បាន​ផ្តល់​លិខិតអនុញ្ញាត​សាងសង់​សរុប​២.៥៤១​គម្រោង លើ​ផ្ទៃក្រឡា​សំណង់​សរុប​១០,៧៩​លាន​ម៉ែត្រការ៉េ និង​មាន​តម្លៃ​ប៉ានស្មាន​ជាង​៤.៨២០​លាន​ដុល្លារ ធ្លាក់​ចុះ​ជាង​១៤% បើ​ធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៧ ការ​ផ្ដល់​លិខិតអនុញ្ញាត​គម្រោង​សាងសង់​មាន​ចំនួន​២.៥២២​គម្រោង លើ​ផ្ទៃក្រឡា​សំណង់​សរុប​៩,១៤​លាន​ម៉ែត្រការ៉េ និង​មាន​ទុន​វិនិយោគ​ជាង​៥.៦៣៦​លាន​ដុល្លារ ។

បើ​ទោះបីជា​ទំហំ​ទឹកប្រាក់​វិនិយោគ​ធ្លាក់​ចុះ​បន្ដិច​ក្ដី ប៉ុន្ដែ​បើ​ពិនិត្យ​មើល​ការ​ស្នើ​សុំ​គម្រោង​សាងសង់ និង​ទំហំ​ផ្ទៃក្រឡា​សំណង់​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​នេះ គឺ​មានការ​កើនឡើង ដែល​ឆ្លុះ​បញ្ចាំង​ថា​វិស័យ​នេះ​នៅ​តែ​រឹង​មាំ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ