ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋម្នាក់បានទៅអុំទូកដាក់ម៉ង ស្រាប់តែប្រទះឃើញទូកមួយគ្រឿងទុកចោល ហើយឃើញតែស្បែកជើងអណ្តែតក្បែរទូកនោះសង្ស័យមានមនុស្សធ្លាក់ទឹកស្លាប់ក៏ទៅរាយការណ៍ប្រាប់សមត្ថកិច្ច ករណីនេះកើតឡើងកាលពីម៉ោង២១និង៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចអូរតាឡះ ភូមិឆាយលូក ឃុំអូរសោម។
ប្រជាពលរដ្ឋដែលប្រទះឃើញខាងលើឈ្មោះ សន ចាន់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ចំណែកជនរងគ្រោះឈ្មោះ ទៀង ទឿន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឆាយលូក ឃុំអូរសោម។
ប្រជាពលរដ្ឋខាងលើឱ្យដឹងថា ខណៈពេលដែលគាត់អុំទូកទៅពាក់មងនៅចំណុចអូរតាឡះ ភូមិឆាយលូក ឃុំអូរសោម (ក្នុងបរិវេណអាងវារីអគ្គិសនីស្ទឹអាតៃ) ស្រាប់តែប្រទះឃើញទូកមួយគ្រឿងទុកចោល ហើយមានស្បែកជើងមួយគូរអណ្ដែតក្បែរទូកនោះ ដោយសង្ស័យមានមនុស្សធ្លាក់ទឹកលង់ស្លាប់ ក៏រាយការណ៍ទៅសមត្ថកិច្ចតែម្តង។
បន្ទាប់ពីទទួលព័ត៌មាននេះភ្លាម នាយនគរបាលប៉ុស្តិ៍រដ្ឋបាលអូរសោម ដឹកនាំកម្លាំងក្រោមឱវាទ និងប្រជាការពារចុះទៅកន្លែងកើតហេតុទាំងយប់ ពេលទៅដល់សមត្ថកិច្ចនាំគ្នាចុះមុជទឹករាវរកនៅជុំវិញបរិវេណកើតហេតុនោះ ប៉ុន្តែរាវមិនឃើញទាល់តែសោះក៏ត្រឡប់មកវិញ។ លុះស្អែកឡើងថ្ងៃទី១៤ វិច្ឆិកា ម៉ោង៧ព្រឹកក៏ចុះរាវរកម្ដងទៀត ទើបប្រទះឃើញសពរុំជាប់នឹងសារ៉ាយនៅបាតអាងវារីអគ្គិសនីស្ទឹងអាតៃ មានជម្រៅប្រមាណ៤ម៉ែត្រ។ ពេលស្រង់យកមកដាក់លើគោកទើបដឹងថា ជនរងគ្រោះឈ្មោះ ទៀង ទឿន រស់នៅភូមិឆាយលូក ឃុំអូរសោមនេះដែរ។
ក្រោយមកសមត្ថកិច្ចធ្វើកោសលវិច័យឃើញថា នៅលើដងខ្លួនសពមានស្នាមដាច់រលាត់លើថ្ងាស លើចិញ្ចើមស្ដាំ លើថ្ពាល់ខាងឆ្វេង ខាំអណ្ដាត និងមានឈាមហូរតាមមាត់ និងច្រមុះទៀតផង។ ទើបសមត្ថកិច្ចសន្និដ្ឋានថា ស្លាកស្នាមនៅលើដងខ្លួនជនរងគ្រោះបន្តិចបន្តួចនេះមិនមែនជាករណីឃាតកម្មអ្វីឡើយ គឺជនរងគ្រោះអាចមានជំងឺស្កន់ជ្រូកប្រកាច់ ឬក៏ផឹកស្រាស្រវឹងចុះទឹកត្រជាក់ទៅជាខ្យល់គធ្លាក់ទឹកជាដើម បណ្ដាលឲ្យលង់ស្លាប់។
ទោះយ៉ាងណានេះគ្រាន់តែជាការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ចតែប៉ុណ្ណោះ រឿងពិតយ៉ាងណានោះ គឺស្ថិតនៅលើការស្រាវជ្រាវបន្តទៀត៕
ចែករំលែកព័តមាននេះ