រាជធានីភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ចំនួនយានយន្ត បានកើនឡើងឥតឈប់ឈរពីមួយខែទៅមួយខែ។ នេះក៏ដោយសារតែប្រទេសជាតិមានសេដ្ឋកិច្ចរីកចម្រើន មានសុខសន្តិភាព ដែលផ្តល់ឱកាសដល់ប្រជាជនគ្រប់ស្រទាប់មានពេលវេលាក្នុងការប្រកបមុខរបររកស៊ី និងបំពេញការងារ ជាពិសេសផ្ដល់ឱកាសដល់រាជរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងអភិវឌ្ឍន៍លើគ្រប់វិស័យនៅទៅទូទាំងប្រទេស ។
ដោយសារប្រព័ន្ធគមនាគមន៍ត្រូវបានជួសជុលកែលម្អ និងស្ថាបនាថ្មីប្រទាក់ក្រឡាគ្នាពីតំបន់ជនបទទៅតំបន់ទីប្រជុំជន និងរហូតដល់រាជធានី-ខេត្តបានយ៉ាងល្អស្អាតជាបន្តបន្ទាប់ ធ្វើឲ្យតម្រូវការប្រើប្រាស់យានយន្ដកើនឡើងយ៉ាងខ្លាំង ។ ជាក់ស្ដែងគ្រាន់តែក្នុងរយៈពេល១ខែ យានយន្ដនៅទូទាំងប្រទេសកើនឡើងជិត៤ម៉ឺនគ្រឿង។ នេះបើតាមរបាយការណ៍របស់ក្រសួង ។
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅទូទាំងប្រទេស មធ្យោបាយយានយន្តបានបន្តកើនឡើងចន្លោះពីជិត៤ម៉ឺនទៅជាង៤ម៉ឺនគ្រឿង។ ជាក់ស្តែង នៅខែកញ្ញា ឆ្នាំ២០១៨ ចំនួនយានយន្តបានកើន៤០.៦៩៥គ្រឿង ក្នុងនោះម៉ូតូចំនួន៣៤.៥៣៧គ្រឿង រថយន្តធុនស្រាល និងធុនធ្ងន់ចំនួន៦.១៥៨គ្រឿង ។ រីឯនៅខែតុលាឆ្នាំ២០១៨ វិញ បានកើនឡើងចំនួន ៣៩.៦១២គ្រឿង ក្នុងនោះម៉ូតូចំនួន៣៣.៨៥០គ្រឿងរថយន្តធុនស្រាលនិងធុនធ្ងន់ចំនួន៥.៧៦២គ្រឿង ។
របាយការណ៍ដដែលឲ្យដឹងទៀតថា បើគិតចាប់ពីឆ្នាំ១៩៩០រហូតមកដល់ខែតុលា ឆ្នាំ២០១៨ ចំនួនមធ្យោបាយយានយន្តបានកើនដល់ចំនួន៤.៦៤៣.១១៩គ្រឿង ដែលបានចុះបញ្ជីត្រឹមត្រូវ និងកំពុងធ្វើចរាចរណ៍ ក្នុងនោះម៉ូតូមានចំនួន៣.៩៦៨.៤២១គ្រឿង និងរថយន្តធុនស្រាល និងធុនធ្ងន់ចំនួន៦៧៤.៦៩៨ គ្រឿង។ នេះមិនទាន់គិតពីយានយន្តដែលមិនបានចុះបញ្ជីទេ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់រាជធានីភ្នំពេញ គិតត្រឹមខែកក្កដា ឆ្នាំ២០១៨ ចំនួនយានយន្តបានកើនឡើងរហូតដល់ជាង២លាន១៩ម៉ឺនគ្រឿង ក្នុងនោះរថយន្តមានចំនួន៤៨ម៉ឺនគ្រឿង ម៉ូតូមានចំនួន១,៧លានគ្រឿង និងរ៉ឺម៉កកង់បីមានចំនួន១១ពាន់គ្រឿង ដែលបានចុះបញ្ជីត្រឹមត្រូវ ។
មន្ត្រីដដែលបញ្ជាក់ថា ៖« កំណើនយានយន្តនៅក្នុងរាជធានីភ្នំពេញក្នុងរយៈពេលខ្លីកន្លងមកនេះ វាបានបង្ហាញពីកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា និងកំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាពលរដ្ឋមានលទ្ធភាពទិញយានយន្តប្រើប្រាស់ផ្ទាល់ខ្លួន ។ ជាក់ស្ដែង ក្នុង១គ្រួសារ អាចមានម៉ូតូម្នាក់១គ្រឿងបាត់ទៅហើយ »។
« ដោយសារចំនួនយានយន្តមានការកើនឡើង រួមទាំងការបើកបរមិនសូវគោរពច្បាប់ចរាចរណ៍ និងការរំលោភចិញ្ចើមផ្លូវទៀតនោះ ធ្វើឱ្យផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញមានការកកស្ទះចរាចរណ៍ ដែលជាបញ្ហាប្រឈមបានកើតឡើងជារៀងរាល់ថ្ងៃ » ។ នេះបើតាមការបញ្ជាក់បន្ថែមពីមន្ត្រីរដ្ឋបាលរូបនេះ ។
ទីផ្សារយានយន្តនៅកម្ពុជាកំពុងមានកំណើនគួរឲ្យកត់សម្គាល់ និងជាប្រទេសមានការរីកចម្រើនល្អជាង បើធៀបនឹងបណ្តាប្រទេសនៅក្នុងអាស៊ាន ក្នុងការប្រើប្រាស់យានយន្តជាលក្ខណៈឯកជន ដែលជាផ្នែកមួយចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិ ។
អនុប្រធានអចិន្ត្រៃយ៍សមាគមខ្មែរ-ចិនលោកឧកញ៉ា ជា សឿន បានឲ្យដឹងកាលពីដើមខែនេះថា ទីផ្សារយានយន្តនៅកម្ពុជាបច្ចុប្បន្នត្រូវបានរំពឹងថា នឹងស្ថិតនៅក្នុងចំណាត់ថ្នាក់ល្អបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយការលក់យានយន្តបានកើនឡើងប្រមាណជាង២០% ដែលកំណើននេះកំពុងមានការរីកលូតលាស់ប្រសើរ ជាងប្រទេសដ៏ទៃទៀតនៅក្នុងអាស៊ានផងដែរ ។
លោកឧកញ៉ាបន្តថា ៖« ទីផ្សារយានយន្តកំពុងមានការរីកលូតលាស់យ៉ាងឆាប់រហ័ស ខណៈកម្ពុជាកំពុងបានងាកចេញជាបណ្តើរៗពីការផ្លាស់ប្តូរនៃការប្រើប្រាស់គ្រឿងបរិក្ខារថែទាំយានយន្តជជុះមកប្រើប្រាស់ផលិតផលថ្មីៗ ដែលមានគុណភាពល្អ ក្នុងការថែទាំម៉ាស៊ីន និងគ្រឿងបន្លាស់ផ្សេងៗ ជាពិសេសការផ្តល់សុវត្ថិភាពក្នុងការបើកបរដល់យើងទាំងអស់គ្នា » ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ