ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បករ​ចាប៉ី​ជួបជុំ​គ្នា​អបអរខួប​ចូល​បេតិកភណ្ឌ​ពិភពលោក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​មហោស្រព​ចាប៉ី​ដង​វែង នឹង​ធ្វើ​ឡើង​នៅ​ទីតាំង​មជ្ឈមណ្ឌល​បេតិក​ភណ្ឌ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ក្នុង​បរិវេណ​វត្ត​រាជ​បូព៌ ក្រុង​សៀមរាប រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៨​។…

រាជធានី​ភ្នំពេញ​៖​មហោស្រព​ចាប៉ី​ដង​វែង នឹង​ធ្វើ​ឡើង​នៅ​ទីតាំង​មជ្ឈមណ្ឌល​បេតិក​ភណ្ឌ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ក្នុង​បរិវេណ​វត្ត​រាជ​បូព៌ ក្រុង​សៀមរាប រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៨​។ កម្មវិធី​នេះ​មានការ​ចូលរួម​សម្ដែង​ជា​កិត្តិយស​ពី​ព្រឹទ្ធាចារ្យ​ចាប៉ី ល្បី​ៗ សិល្បករ​ចាប៉ី​វ័យក្មេង និង​សិល្បករ​ជា​ច្រើន​រូប​ផ្សេង​ទៀត រួម​ទាំង​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ​គង់ ណៃ ។

ស្ថិត​ក្រោម​គម្រោង​មូលនិធិ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​តាម​រយៈ​ផ្នែក​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​អង្គការ​យូ​ណេ​ស្កូ និង​សហការ​រៀបចំ​ដោយ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ សហគមន៍​ចាប៉ី​អមតៈ និង​បណ្ដា​ដៃគូ សិល្បករ​ក្នុងស្រុក កម្មវិធី​រយៈពេល​៣​ថ្ងៃនេះ​នឹង​នាំ​មក​ជូន​នូវ​ផ្ទាំង​ទស្សនី​យ​ចម្រៀង និង​តន្ត្រី ក្នុង​ទម្រង់​សិល្បៈ​ចាប៉ី​ដង​វែង និង​ការ​សម្ដែង​នានា ជា​ពិសេស​គឺ​ការ​សម្ដែង​ចម្រៀង​ចាប៉ី​៥​នាក់ ដោយ​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​តំណាង​ឲ្យ​ខេត្ត នីមួយ​ៗ និង​ការ​សម្ដែង​ចាប៉ី​ទាំង​២​ជំនាន់​ផង​ដែរ។

មហោស្រព​នេះ​ធ្វើ​ឡើង​ដើម្បី​អបអរសាទរ​ការ​ដាក់​បញ្ចូល​ចាប៉ី​ដង​វែង​ជា​បេតិកភណ្ឌ​អរូបី​របស់​មនុស្សជាតិ​ដោយ​អង្គការ​យូ​ណេ​ស្កូ កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦ ក៏​ដូច​​ជា​ការ​ផ្ដល់​ឱកាស​ដល់​សិល្បករ​ចាប៉ី និង​សិល្បករ​នានា​អាច​ភ្ជាប់​ការ​ទាក់ទង​ជាមួយ​ទស្សនិកជន ក៏​ដូច​ជា​ក្នុង​ចំណោម​អ្នក​អាជីព​ដូច​គ្នា​បាន​កាន់តែ​ច្រើន ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ មហាជន​ដែល​ជា​អ្នកចូលរួម​ក៏​នឹង​អាច​ទទួល​បាន​ចំណេះដឹង​បន្ថែម​អំពី​សិល្បៈ​​ចាប៉ី​ដង​វែង និង​ទម្រង់​សិល្បៈ​ដទៃ​ទៀត ព្រមទាំង​ទទួល​បា​នប​នួ​វ​បទ​ពិសោធន៍​ដោយ​ផ្ទាល់​ជាមួយ​សិល្បករ​ក្នុង​ការ​ហាត់រៀន និង​អនុវត្ត​ផ្ទាល់​ទៀត​ផង រួម​មាន​សិក្ខា​សាលា​និទានរឿង សិក្ខាសាលា​ចាប៉ី​ដង​វែង ភ្លេង​ការ និង​អារក្ស បទ​បង្ហាញ​ចម្លាក់​ស្បែក គំនូរ និង​ពិព័រណ៍​រូបថត ព្រមទាំង​បាឋកថា និង​វេទិកា​ពិភាក្សា​នានា ។

គ្រប់​កម្មវិធី​ទាំង​៣​ថ្ងៃនេះ​បើក​ជូន​សាធារណជន​ចូលរួម និង​ទស្សន​កា​ដោយ​ឥត​គិតថ្លៃ។

លោក​សុង សេង នាយក​មជ្ឈមណ្ឌល​បេតិកភណ្ឌ​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បាន​ថ្លែង​ឲ្យ​ដឹង​ថា​៖«​មហោស្រព​ចាប៉ី​ដង​វែង​នេះ គឺជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា និង​ពិភពលោក​ដោយ​យើង​ទទួល​បាន​មូលនិធិ និង​សហការ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ផ្នែក​បេតិកភណ្ឌ​អរូបី​នៃ​អង្គការ​យូ​ណេ​ស្កូ សហគមន៍​សិល្បៈ សិល្បករ និង​ដៃគូ​នានា ។ យើង​ពិត​ចង់​ឲ្យ​មាន​ទស្សនិកជន​កាន់តែ​ច្រើន មក​ចូលរួម និង​បាន​ឈ្វេងយល់​អំពី​តម្លៃ​ទម្រង់​សិល្បៈ​ចាប៉ី​ដង​វែង »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ