ព្រឹទ្ធាចារ្យ​ល្ខោនបាសាក់​ អ៊ុំ សា​មិត្ត ទទួលមរណភាព​ហើយ


រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធាចារ្យ​នាដ​ភក្តី​និម្មិត អ៊ុំ សា​មិត្ត ដែល​មាន​ជំនាញ​ផ្នែក​ល្ខោន​បាសាក់​​បាន​ទទួលមរណភាព​ហើយ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ក្នុង​ជន្មាយុ​​៨២​ឆ្នាំ បន្ទាប់​ពី​លោក​បាន​តស៊ូ​ជាមួយនឹង​ជំងឺ​សួត និង​បេះដូង​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​។

ពិធី​បុណ្យសព​របស់​លោក​ព្រឹទ្ធាចារ្យ​អ៊ុំ សា​មិត្ត បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​គេហដ្ឋាន​របស់​លោក ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា (​ជិត​សាលា​បាក់​ទូក​) ខណៈ​ពេល​ដែល​សព​របស់​លោក​នឹង​ត្រូវ​បូជា​នៅ​វត្ត​ទឹកថ្លា នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា នេះ​។ ដំណឹង​ស្តី​ពី​មរណភាព​របស់​លោក​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

បើ​តាម​កូនប្រុស​របស់​លោក​ឈ្មោះ អ៊ុំ នី​មល បាន​បង្ហោះ​សារ​ស្តី​ពី​ការ​ទទួលមរណភាព​ឪពុក​របស់​លោក​ថា លោកឪពុក​ដ៏​កម្សត់​របស់​ពួក​ខ្ញុំ​បាន​ទៅ​ចោល​ពួក​ខ្ញុំ​ហើយ លោក​តែង​ប្រដៅ ដាស់តឿន​ឲ្យ​យោបល់ លើកទឹកចិត្ត​ដល់​កូនចៅ​គ្រប់​ៗ​គ្នា តែ​ចាប់ពី​ពេល​នេះ​ទៅ​ពួក​ខ្ញុំ​លែង​បាន​ស្តាប់ បានឮ បានឃើញ​រូប​លោក​ទៀត​ហើយ គឺ​លោក​លា​រហូត​គ្មា​ថ្ងៃ​វិល​វិញ​។ សូម​វិញ្ញាណក្ខន្ធ​លោក​ពុក​ទៅ​កាន់​ឋាន​សុខ ផុត​ទុក្ខ​។

អ្នកសិល្បៈ​ដែល​ស្គាល់​ព្រឹទ្ធាចារ្យ​នាដ​ភក្តី​និម្មិត អ៊ុំ សា​មិត្ត ច្បាស់​បាន​សម្តែង​ការ​សោក​ស្តាយ​ជាទី​បំផុត និង​បាន​ចាត់​ទុក​មរណភាព​របស់​លោក គឺជា​ការ​បាត់បង់​ធន​ធាន​មនុស្ស​​មួយ​យ៉ាង​សំខាន់​។

គួរ​រំលឹក​ថា ព្រឹទ្ធាចារ្យ​នាដ​ភក្តី​និម្មិត អ៊ំ សា​មិ​ត‌ អតីត​តួ «​តេ​ជោ​មាស​» ឯកទេស​ល្ខោន​បាសាក់​​តាំងពី​សម័យ​សង្គមរាស្ត្រនិយម ខណៈ​ពេល​ព្រឹទ្ធាចារ្យ​ក៏​បាន​ទទួល​គោ​រម្យ​ងារ​ប្រទាន​ដោយ​ព្រះមហាក្សត្រ​ផង​ដែរ​។ លោក​ចូល​ប្រឡូក​ក្នុង​វិស័យ​នេះ​តាំងពី​ឆ្នាំ​១៩៤២ កាលដែល​ល្ខោន​នេះ​នៅ​មានឈ្មោះ​ជា «​ល្ខោន​ទ្រើងឃ្លោក​» នៅឡើយ ហើយ​បន្ត​ជាប់​ជា​តួឯក​កាលពី ទ​.​វ​.​ទី​៦០ ជំនាន់​លោកតា សាំង សា​រុន​។ ក្រោយ​ឆ្នាំ​១៩៧៩ លោក​ជា​គ្រូ​ល្ខោនបាសាក់​ដ៏​ល្បី​ជាងគេ​ប្រចាំ​ប្រទេស​។

សូម​បញ្ជាក់​ថា លោកតា អុំ សា​មិត្ត ជា​សិល្បករ​ជើង​ចាស់​មួយ​រូប​ដ៏​ល្បី​តាំងពី​ទស​វត្ស​ទី ៦០ ដែល​ធ្លាប់​បាន​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះ​មហា​ក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះ​រាជទាន​គោរមងារ​ជា នាដ​ភក្តី​និម្មិត អ៊ុំ សា​មិត្ត មរតក​មនុស្ស​រស់​ផ្នែក​ល្ខោនបាសាក់ ក្នុង​ចំណោម​សាស្ត្រាចារ្យ​១៧​រូប​ផ្សេង​ទៀត​។

លោក​មាន​ជំងឺ​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ ទោះបី​យ៉ាងនេះ​ក្តី​លោក​នៅ​តែ​ខិតខំ​ប្រមែ​ប្រមូល​​បទ​ពិសោធន៍​ដែល​ខ្លួន​គាត់​មាន ដើម្បី​ចែករំលែក​ចំណេះដឹង​ដល់​សិស្ស​នៅ​តាម​បណ្តាញ​ស្ថានីយទូរទស្សន៍ ធ្វើ​ជា​គណៈកម្មការ​ផ្តល់​ពិន្ទុ និង​ជា​អ្នក​ណែនាំ​ផ្នែក​ជំនាញ​ល្ខោនបាសាក់​ទៀត​ផង​៕

សិល្បៈ​និងវប្ប​​​ធម៌

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ