វ៉ាង ស្រី​ណូ ទិញ​ឡិច​ស៊ី​សទំនើបរាប់​ម៉ឺន​ដុល្លារ​បំពេញ​ក្តី​ស្រមៃ​ឳ​ពុក​ម្តាយ


រាជធានី​ភ្នំពេញ​ ៖​ កញ្ញា​វ៉ាង ស្រី​ណូ បាន​ទិញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ថ្មី​សន្លាង​មួយ​គ្រឿង​ជូន​អ្នក​មានគុណ​របស់​នាង ។ កាដូ​នេះ​បង្ហាញ​ពី​ភាព​ហ៊ឺហា និង​ទាន់សម័យ​ក្នុង​ជីវិត​ឯកជន​របស់​នាង​ខណៈ​នាង​ស្ងប់​ស្ងាត់បាត់​មុខ​ពី​ពិភព​សិល្បៈ ។

នៅ​ក្រៅ​រង្វង់​សិល្បៈ​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​ជីវិត​ឯកជន​របស់​វ៉ាង ស្រី​ណូ មិន​អន់​ឡើយ ដោយ​នាង​កំពុង​រស់នៅ​ក្នុងផ្ទះ​វីឡា​ដ៏​ប្រណីត ប្រើប្រាស់​រថយន្ត​ទំនើប ជាមួយ​ការ​កាន់កាប់​ហាង​ផ្ទាល់ខ្លួន​នៅ​ក្នុង​ដៃ​ផង​ដែរ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ស្រី​ណូ បាន​ធ្វើ​ឲ្យ​មហា​ជន​ស្ងើចសរសើរ​ចំពោះ​នាង​ដែល​បំពេញ​ក្តី​ស្រមៃ​របស់​ឪពុក​ម្តាយ​នាង​តាម​រយៈ​ការ​ជូន​រថយន្ត​ដ៏​ទំនើប​មួយ​គ្រឿង ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ។

តាម​រយៈ​ហ្វេ​ស​ប៊ុ​ក វ៉ាង ស្រី​ណូ បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​បង្ហាញ​ពី​ការ​ជូន​កាដូ​រថយន្ត​ថ្មី​សន្លាង​ជូន​ឳ​ពុក​ម្តាយ​នៅ​ចំ​ពីមុខ​វីឡា​ដ៏​ធំ​ស្កឹមស្កៃ​របស់​នាង ។ ជាមួយនឹង​រូប​ភាព​ដែល​បង្ហាញ​នោះ​នាង​បាន​ភ្ជាប់​សារ​ថា «​ជូន​កាដូ​ឡាន​ថ្មី​ដល់​អ្នក​មានគុណ ធ្វើ​បុណ្យ​​ទាន់​ខែភ្លឺ អ្នក​មានគុណ​ស្រឡាញ់​អី​បើ​កូន​មាន​សមត្ថភាព​បំពេញ​បំណង​លោក​បានកូន​នឹង​ធ្វើ​វា​ដើម្បី​ឲ្យ​លោក​ទាំង​ពីរ​រីករាយ​ភ្លាម ។ អ្នក​មានគុណ​គាត់​មាន​ប្រសាសន៍​ថា គាត់​ស្រឡាញ់​ឡាន Lexus ហ្នឹង គាត់​មិន​ចង់បាន​ឡាន​អី​ផ្សេង​ទេ ទោះ​ឲ្យ​ថ្លៃ​ជាង​ហ្នឹង​ក៏​គាត់​មិន​យក​ដែរ ។ អ៊ីចឹង​មាន​តែ​តម្រូវ​តាម​ចិត្ត​គាត់ កូន​ស្រឡាញ់​លោក​ទាំង​ពីរ»។

មុន​នេះ​តារា​សម្តែង វ៉ាង ស្រី​ណូ បាន​ប្រកាស​ពិធីជប់លៀង​លា​ភាព​នៅ​លីវ​របស់​ខ្លួន​មុន​ចេញ​ទៅ​អា​មេ​រិ​ក​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល ជាមួយនឹង​ការ​បង្ហាញមុខ​មនុស្ស​ពិសេស​របស់​ខ្លួន​ជា​លើក​ដំបូង ។

កញ្ញា​វ៉ាង ស្រី​ណូ មានការ​ឲ្យ​ដឹង​ថា នាង​បាន​ទិញ​វីឡា​ភ្លោះ​តម្លៃ​ជាង​១​លាន​ដុល្លារ នៅ​ក្នុង​បុរី​ប៉េង​ហួត (​បឹង​ស្នោ​) បន្ទាប់​ពី​នាង​ត្រូវ​គេ​សង្ស័យ​ថា​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​លោក​ថៅកែ​លក់​ពេជ្រ នៅ​សាំង​ហ្គា​ពួរ​ម្នាក់ ។ ទោះជា​យ៉ាងណា​ក្តី​វ៉ាង ស្រី​ណូ មិន​ដែល​ហ៊ាន​ចេញ​មុខ​លាតត្រដាង​រឿង​ស្នេហា​នោះ​ឡើយ​ពី​មុន​មក ។

វ៉ាង ស្រី​ណូ បាន​បាត់​វត្តមាន​ពី​អាជីព​សិល្បៈ​តាំងពី​អំឡុង​ឆ្នាំ​២០១០​មក បន្ទាប់​ពី​ទទួល​រង​ព្យុះ​ព័ត៌មាន​ដ៏​រសើប​ជា​ច្រើន ខណៈ​ពេល​នាង​ហាក់​ប្រកាន់ខ្លួន​មិន​ស្វាគមន៍​កាមេរ៉ា​របស់​អ្នក​សារព័ត៌មាន​ផង​នោះ ៕

សិល្បៈ​និងវប្ប​​​ធម៌

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ