ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងអត់​​! រាជិនី​កីឡា​ប៉េតង់​កម្ពុជាឡើង​តំណែង​ផ្កាយ​1 ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​រឿង​ភ្ញាក់ផ្អើល និង​គួរ​ឱ្យ​ចាប់អារម្មណ៍​មិន​តិច​ទេ ដោយ​សារ​​តែ​មាន​ដំណឹង​ថា អ្នកស្រី​កែ ឡេ​ង រាជិនី​កីឡា​ប៉េ​តុង​កម្ពុជា និង​ជា​ម្ចាស់​មេដាយ​ពិភពលោក​ក្នុង​មុខ​ជំនាញ​កីឡា​មួយ​នេះ​បាន​ឡើង​តំណែង​ផ្កាយ​១ ប្រចាំ​ក្រសួង​ការ​ពារ​ជាតិ…

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​រឿង​ភ្ញាក់ផ្អើល និង​គួរ​ឱ្យ​ចាប់អារម្មណ៍​មិន​តិច​ទេ ដោយ​សារ​​តែ​មាន​ដំណឹង​ថា អ្នកស្រី​កែ ឡេ​ង រាជិនី​កីឡា​ប៉េ​តុង​កម្ពុជា និង​ជា​ម្ចាស់​មេដាយ​ពិភពលោក​ក្នុង​មុខ​ជំនាញ​កីឡា​មួយ​នេះ​បាន​ឡើង​តំណែង​ផ្កាយ​១ ប្រចាំ​ក្រសួង​ការ​ពារ​ជាតិ បន្ទាប់​ពី​អ្នកស្រី​បាន​តស៊ូ​នៅ​ក្នុង​ស្ថាប័ន​មួយ​នេះ​តាំងពី​ឆ្នាំ​១៩៩៨ ។ អ្នកស្រី​បាន​ទទួលស្គាល់​ការ​ទម្លាយ​នេះ តែ​អ្នកស្រី​បញ្ជាក់​ថា​មិន​ទាន់​ចេញ​សេចក្ដី​ប្រកាស​ផ្លូវការ​ដោយ​ក្រសួង​នៅឡើយ​ទេ គ្រាន់តែ​មេ​ៗ​ថ្នាក់លើ​បានដឹង​បានឮ​ប៉ុណ្ណោះ​។

អ្នកស្រី កែ ឡេ​ង បាន​ថ្លែង​បញ្ជាក់​ថា​អ្នកស្រី​ពិតជា​បាន​ឡើង​តំណែង​ពី​ស័ក្ដិ​៥​មក​ផ្កាយ​១​មែន ដោយ​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​គ្រូបង្វឹក​ផ្នែក​ប៉េតង់​ទទួលខុសត្រូវ​លើ​ការងារ​បណ្ដុះ​បណ្ដាល​ផ្នែក​នេះ​នៅ​ក្រសួង​មែន ។ អ្នកស្រី​ថា តំណែង​របស់​ខ្លួន​គ្រោង​ប្រកាស​ក្នុង​ពេល​ដ៏​ខ្លី ខណៈ​ដែល​ក្នុង​ក្រសួង​បាន​ទទួលស្គាល់​ថា​អ្នកស្រី​គឺជា​មន្ត្រី​ផ្កាយ​១​ជា​ផ្លូវ​ការ​ហើយ បន្ទាប់​ពី​មាន​ថ្នាក់លើ​ដាក់​សំណើ​ឱ្យ​ឡើង​ផ្កាយ​១​។

អ្នកស្រី​សម្ដែង​អារម្មណ៍​សប្បាយចិត្ត​យ៉ាង​ខ្លាំង ដែល​បាន​តំណែង​ផ្កាយ​១ តែ​អ្នកស្រី​ថា​នឹង​នៅ​តែ​ធ្វើ​ជា​កីឡា​ការិនី​ដដែល បើ​ទោះជា​តំណែង​របស់​ខ្លួន​ឡើង​ខ្ពស់​ជាង​មុន​ដែល​ធ្វើ​ឱ្យ​អ្នកស្រី​កាន់តែ​មាន​កិត្តិយស​ក្នុង​ក្រសួងការពារជាតិ​ក្ដី ។ អ្នកស្រី​ថា ពិធី​ប្រកាស​ឡើង​តំណែង​របស់​ខ្លួន​មិនដឹង​ថា​ធ្វើ​ឡើង​ដោយ​ធំដុំ​ឬ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​អ្នកស្រី​នឹង​នៅ​តែ​សកម្ម​ក្នុង​វិស័យ​កីឡា ដោយ​មិន​បាន​តំណែង​ផ្កាយ​១​ក្នុង​ក្រសួងការពារជាតិ ហើយ​​ធ្វើខ្លួន​ភ្លេច​កីឡា និង​រយាល​ពី​ការ​ហ្វឹក​ហាត់ ឬ​បង្វឹក​សិស្ស​ដើម្បី​ជំរុញ​កីឡា​ប៉េតង់​នោះ​ទេ ។

អ្នកស្រី​ក៏​បាន​ប្រកាស​ថា នឹង​ប្រើ​តំណែង​ដែល​ទើប​តែងតាំង​មិន​ទាន់​ប្រកាស​នេះ ដើម្បី​ជំរុញ​ឱ្យ​កីឡា​ប៉េតង់​កាន់តែ​មានការ​រីក​ចម្រើន​និង​ឈាន​ឡើង​ឱ្យ​ខាង​តែ​បាន ជា​ពិសេស​នៅ​ក្នុង​កាលៈទេសៈ ដែល​អ្នកស្រី​យល់​ថា កីឡា​មួយ​នេះ​កាន់តែ​មាន​ប្រជាប្រិយភាព​លើ​ឆាក​អន្តរជាតិ ។ ជាមួយនឹង​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​ការ​ឡើង​តំណែង ធ្វើ​ឱ្យ​គេ​មើលឃើញ​ភ្លាម​ថា អ្នកស្រី​ក្រៅពី​ជា​កីឡាការិនី​ល្បីឈ្មោះ ក៏​បាន​ក្លាយជា​មន្ត្រី​ផ្កាយ​១​ឡើង​កាលី​ប​ដែល​ធ្វើ​ឱ្យ​ម្នាក់​ៗ​មិន​កោតសរសើរ​ចំពោះ​អ្នកស្រី​មិន​បាន​នោះ​ដែរ​។

គួរ​បញ្ជាក់​ដែរ​ថា អ្នកស្រី កែ ឡេ​ង កើត​នៅ​ថ្ងៃ​ទី ១៥ ខែតុលា ឆ្នាំ​១៩៧០ នៅ​ភូមិ​ក្រាំង​លាវ ឃុំ​ក្រាំង​លាវ ខេត្តកំពង់ឆ្នាំង ដោយ​អ្នកស្រី​កើត​បាន​តែ​រង្វង់​២​ឆ្នាំ​ប៉ុណ្ណោះ ឪពុក​ដែល​ជា​កសិករ​នៅ​ក្នុង​សម័យ​នោះ ក៏​ទទួលមរណភាព ទាំង​អ្នកស្រី​មិន​ស្គាល់​មុខ​ច្បាស់​នៅឡើយ​។

អ្នកស្រី​ជា​កូនពៅ​ក្នុង​ចំណោម​បងប្អូន​៩​នាក់ (​ប្រុស​៤​ស្រី​៥) ដោយ​មាន​ឪពុក​ឈ្មោះ កែ ភ​ន និង​ម្ដាយ​ឈ្មោះ ចូ សន ដែល​ទទួលមរណភាព​ដូច​គ្នា​កាលពី​ឆ្នាំ​១៩៨៣ ។ អ្នកស្រី​បាន​ចាក​ចេញពី​ស្រុក​កំណើត​ក្នុង​ឆ្នាំ​១៩៨៣ ក្រោយ​ពេល​ម្ដាយ​ទទួលមរណភាព ដោយ​មក​រស់នៅ​ជាមួយ​បងស្រី​ៗ ហើយ​ក្នុង​ពេល​នោះ​បង​របស់​អ្នកស្រី ក៏​បាន​ជំរុញ​ឱ្យ​អ្នកស្រី​ចូល​ហ្វឹកហាត់​ផ្នែក​អត្តពលកម្ម​(​រត់ប្រណាំង​) តែ​មិន​បាន​ធ្វើ​ជា​កីឡាការិនី​នោះ​ទេ ដោយ​សារ​តែ​អ្នកស្រី​គ្រាន់តែ​ហ្វឹកហាត់​លេង​ៗ ដើម្បី​សុខភាព​ច្រើន​ជាង ។ រហូត​ដល់​ឆ្នាំ​១៩៩៣ ក្រសួងការពារជាតិ​ក៏​ធ្វើការ​ជ្រើសរើស​កីឡាការិនី​បាល់ទះ​នារី ដោយ​តម្រូវ​ឱ្យ​ប្រឡង​ចូល​ដើម្បី​បង្កើត​ជា​ក្រុម​បាល់ទះ​នារី ហើយ​អ្នកស្រី ក៏​ត្រូវ​បង​ៗ​ជំរុញ​ឱ្យ​ដាក់​ពាក្យ​ប្រឡង ហើយ​ជា​ភ័ព្វសំណាង​ក៏​បាន​ជាប់​។

តាំងពី​ពេល​នោះ​មក អ្នកស្រី ក៏​បាន​ក្លាយជា​មន្ត្រី​ក្រសួងការពារជាតិ​នៅ​ក្នុង​ក្របខ័ណ្ឌ​កីឡាការិនី និង​ជា​គ្រូបង្វឹក ដោយ​ក្នុង​ពេល​នេះ អ្នកស្រី​ក៏​ជា​មន្ត្រី​ដែល​មាន​តំណែង​មួយ​ប្រចាំ​ក្រសួង​ក្រៅពី​ជា​កីឡាការិនី​ជម្រើសជាតិ​ផ្នែក​ប៉េតង់​ផង​ដែរ​។ ក្រោយ​ប្រឡង​ជាប់​ក្នុង​ក្រុមកីឡា​ការិនី​បាល់ទះ របស់​ក្រសួងការពារជាតិ ហើយ​ចំ​ពេល​ក្រសួង​នេះ​រំសាយ​ក្រុម​បាល់ទះ អ្នកស្រី​ក៏​ត្រូវ​ក្រសួង​ជ្រើសរើស​ឱ្យ​ចូល​ក្រុម​ប៉េតង់​ក្នុង​ឆ្នាំ​១៩៩៣​ដោយ​អ្នកស្រី​ចាប់ផ្ដើម​ប្រឹងប្រែង​ហ្វឹកហាត់ ហើយដោយ​សារភាព​ប៉ិន​ប្រសប់​អ្នកស្រី​ក៏​ត្រូវ​ក្រសួង​បញ្ជូន​ឱ្យ​ចេញ​ប្រកួត​នៅ​សិង្ហ​បុរី​ក្នុង​ឆ្នាំ​១៩៩៩​ដោយ​ទទួល​បាន​មេដាយមាស​ជា​លើក​ដំបូង​នោះ​តែ​ម្ដង ជាមួយនឹង​អ្នកស្រី អ៊ុ​ក ស្រី​មុំ ដែល​ជា​ដៃគូ​បច្ចុប្បន្ន ។

បន្តបន្ទាប់​មក​អ្នកស្រី​ក៏​ត្រូវ​បាន​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ជា​ប្រចាំ ទាំង​ការ​ប្រកួត​កម្រិត​អាស៊ាន កម្រិត​អន្តរជាតិ និង​កម្រិត​ពិភពលោក ដោយ​ការ​ប្រកួត​នា​ពេល​កន្លង​មក ស្ទើរ​មិន​មានការ​ចេញ​ប្រកួត​ណាមួយ​មិន​ទទួល​បាន​មេដាយ​ត្រឡប់​មក​ជូន​ជាតិ​វិញ​ឡើយ ។ មក​ទល់​ពេល​នេះ អ្នកស្រី​ទទួល​បាន​មេ​ដាយ​មា​ស​៤៧​គ្រឿង មេដាយ​ប្រាក់​១៧​គ្រឿង និង​មេដាយ​សំរឹទ្ធិ​១៣​គ្រឿង ដោយ​មិន​ទាន់​រាប់​បញ្ចូល​មេដាយ​ក្នុងស្រុក​ដែល​អ្នកស្រី​ទទួល​បាន​ពី​ការ​ប្រកួត​នោះ​ផង ។

អ្វី​ដែល​អ្នកស្រី​ទទួល​បាន​មោទនភាព​បំផុត​នៅ​ក្នុង​ពេល​នេះ គឺ​ការ​ទទួល​បាន​មេដាយ​ដល់​ទៅ​៣​លើ​វិញ្ញាសា​មួយ​ទល់​នឹង​មួយ ២​នាក់​ទល់​នឹង​២​នាក់ និង​៣​នាក់​ទល់​នឹង​៣​នាក់ នៅ​ប្រទេស​បារាំង​ក្នុង​ព្រឹត្តិការណ៍​ប្រជុំ​ដោយ​កីឡាករ​កីឡាការិនី​ជា​ម្ចាស់​មេដាយ​មាស​អន្តរជាតិ​តំណាង​ប្រទេស និង​តំណាង​ទ្វីប​នីមួយ​ៗ​ប៉ះ​គ្នា ។ អ្នកស្រី​ថា ការ​ប្រកួត​មួយ​នេះ គឺ​ធំ​ជាង​បណ្ដា​ការ​ប្រកួត​កន្លង​មក ដោយសារ​តែ​ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​គឺ​តម្រូវ​ឱ្យ​យក​តែ​ម្ចាស់​មេដាយមាស​លើ​ឆាក​អន្តរជាតិ​តំណាង​ឱ្យ​ប្រទេស​នីមួយ​ៗ​មក​ប្រកួត​​តែ​ប៉ុណ្ណោះ ដែល​មាន​ន័យ​ថា មេដាយមាស​ដែល​អ្នកស្រី​ទទួល​បាន​មុន​នេះ គឺជា​មេដាយ​ដែល​ឈ្នះ​លើ​ម្ចាស់​មេដាយមាស​ផ្សេង​ៗ មក​ពី​ជុំវិញ​ពិភពលោក ។

ក្នុង​ឆ្នាំ​១៩៨៦ អ្នកស្រី​បាន​រៀប​ការ​ជាមួយ លោក សួ​ស សំ​អឿ​ន អាយុ​ស្របាល​អ្នកស្រី​ជា​មន្ត្រី​ក្រសួងការពារជាតិ​ខាង​ផ្នែក​កងទ័ពជើងគោក ដោយ​សព្វថ្ងៃ​អ្នកស្រី​ទទួល​បាន​ចំណងដៃ​កូនប្រុស​ស្រី​២​នាក់ គឺ​កូនប្រុស​ច្បង​អាយុ​២៧​ឆ្នាំ និង​កូនស្រី​ពៅ​អាយុ​២១​ឆ្នាំ ដោយ​អ្នក​ទាំង​២​សុទ្ធតែ​ជា​មន្ត្រី​ប្រចាំ​នៅ​ក្រសួងការពារជាតិ ខាង​ផ្នែក​ប៉េតង់​ដូច​គ្នា ដោយ​គ្រាន់តែ​កូនស្រី​អ្នកស្រី​ហាក់​មាន​ជំនាញ​ជាង ហើយ​បាន​ក្លាយជា​កីឡាការិនី​ជម្រើសជាតិ​មុន​នេះ ។

អ្នកស្រី​ថា ខ្លួន​នឹង​បង្វឹក​កូន​ទាំង​២​ឱ្យ​ស្នង​តំណែង ប៉ុន្តែ​ទំនងជា​កូនស្រី​ពៅ​អាច​នឹង​ដើរ​តាម​គន្លង​អ្នកស្រី​បាន​ល្អ​ជាង ដោយសារ​តែ​នាង​ក៏​ធ្លាប់​ចេញ​ប្រកួត​នៅ​ក្នុង​ប្រទេស​វៀតណាម​មុន​នេះ ហើយ​ទទួល​បាន​មេដាយ​ប្រាក់​ជូន​ជាតិ​ម្ដង​ដែរ ។ យ៉ាងណាមិញ អ្នក​ស្រី​ថា កូនប្រុស​ក៏​ល្អ​ផង​ដែរ ប៉ុន្តែ​មក​ពី​លោក​រវល់​នឹង​ការ​សិក្សា​រៀនសូត្រ និង​ការងារ​ផ្ទាល់ខ្លួន​ពេក​ប៉ុណ្ណោះ ទើប​មិនសូវ​បាន​ហ្វឹកហាត់​ដិត​ដល់ ។ ជាមួយនឹង​ការ​រៀបរាប់​ប្រវត្តិ គឺថា​អ្នកស្រី​មិន​ត្រឹមតែ​ជា​កីឡាការិនី​ឆ្នើម​នោះ​ទេ ប៉ុន្តែ​ប្រវត្តិ​ជីវិត និង​ការ​តស៊ូ​ក្នុង​នាម​ជា​កូនកំព្រា​ទាំង​ឪពុក ទាំង​ម្ដាយ​មានចំណេះ​ដឹង​ទាប ហើយ​ប្រឹង​ក្រោយ​ឈរ​ក្នុង​នាម​ជា​កូនពៅ រហូត​បាន​ក្លាយ​ខ្លួន​ជា​កីឡាការិនី​ល្បីឈ្មោះ ក៏​គួរ​ឱ្យ​ស្ងើចសរសើរ​ផង​ដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ