ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឃឹម សុ​ជាតិ និយាយ​ថា ​ម៉េច​ខ្លះ​ពាក់ព័ន្ធ​នឹង​ការ​ដើរ​ចេញពី​ការងារ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឃឹម សុ​ជាតិ ក្រោយ​ពី​មានរឿង​ចម្រូងចម្រាស​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ក្នុងស្រុក​មួយ​រហូត​ឈាន​ដល់​សម្រេច​ចិត្ត​លាឈប់​ពី​ការងារ​ជា​ចៅក្រម​និង​អាជ្ញា​កណ្ដាល​ប្រដាល់​អស់​រយៈពេល​ជា​ច្រើន​ខែ​មកនេះ ថ្មី​ៗ​នេះ​លោក​បាន​ចេញ​វី​ដេ​ឃ្លី​ប​រិះគន់​លោក​ឧត្តមសេនីយ៍ឯក​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​លោក​​វេជ្ជបណ្ឌិត…

រាជធានី​ភ្នំពេញ ៖ លោក ឃឹម សុ​ជាតិ ក្រោយ​ពី​មានរឿង​ចម្រូងចម្រាស​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ក្នុងស្រុក​មួយ​រហូត​ឈាន​ដល់​សម្រេច​ចិត្ត​លាឈប់​ពី​ការងារ​ជា​ចៅក្រម​និង​អាជ្ញា​កណ្ដាល​ប្រដាល់​អស់​រយៈពេល​ជា​ច្រើន​ខែ​មកនេះ ថ្មី​ៗ​នេះ​លោក​បាន​ចេញ​វី​ដេ​ឃ្លី​ប​រិះគន់​លោក​ឧត្តមសេនីយ៍ឯក​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​លោក​​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា ថា​គ្មាន​សមត្ថភាព​ដឹកនាំ​កីឡា​ប្រដាល់​ឱ្យ​រីក​ចម្រើន​បាន​ទេ ។

លោក​បាន​ព្យាករ​ទុក​មុន​ថា កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​សម្រាប់​​កីឡា​ប្រដាល់​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធាន​សហព័ន្ធ​ទាំង​ពីរ​សូ​ម្បី​តែ​មេដាយ​សំរឹទ្ធ​ក៏​មិន​អាច​ដណ្ដើម​បាន​ដែរ ។ បានជា​លោក​ហ៊ាន​អះអាង​បែប​នេះ​ដោយ​សារ​ប្រធាន​សហព័ន្ធ​ទាំង​ពីរ​ហាក់​មើល​រំលង​មនុស្ស​មាន​សមត្ថភាព​ពិតប្រាកដ​មួយ​គំនរ​មិន​យក​ទៅ​ប្រើ​ការ​ទេ​បែរជា​ជ្រើស​យក​មនុស្ស​អត់​បានការ​ទៅ​វិញ ដូច្នេះ​កុំ​សង្ឃឹម​ថា អាច​ដណ្ដើម​បាន​មេដាយ​ពី​ការ​ប្រកួត​កីឡា​ស៊ីហ្គេ​ម​ឱ្យ​សោះ ។ ដោយសារ​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​ទាំង​ពីរ​នេះ​ហើយ​ទើប​លោក​សុខ​ចិត្ត​លាឈប់​ពី​ការងារ​ជា​ចៅក្រម និង​អាជ្ញាកណ្ដាល​ប្រដាល់​តែ​ម្ដង​ទៅ​។

លោក ឃឹម សុ​ជាតិ បន្ត​ថា លោក​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​វិស័យ​កីឡា​ប្រដាល់​ខ្លាំង​ណាស់ និង​បាន​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​វិស័យ​មួយ​នេះ​តាំងពី​ឆ្នាំ​២០០២​មក​ម៉្លេះ​ដែល​គិត​រហូត​មក​ទល់​ពេល​នេះ​មាន​រយៈពេល​១៦​ឆ្នាំ​ហើយ ។ លោក​ចាប់ផ្ដើម​បម្រើ​ការ​ងារ​ជា​ចៅក្រម និង​អាជ្ញាកណ្ដាល​ប្រដាល់​នៅ​ពេល​ស្ថានីយទូរទស្សន៍​បាន​យ័ន​បើក​សម្ពោធ​សង្វៀន​ប្រដាល់​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០០៨ ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧកញ៉ា អ៊ុំ យូ​រ៉ា​ន់ ជា​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់ ។ ជាមួយ​គ្នា​នេះ​លោក​បាន​កោត​សរសើរ​លោក​ឧកញ៉ា អ៊ុំ យូ​រ៉ា​ន់ ថា​ធ្វើការ​ងារ​បាន​ល្អ​ធ្វើ​ឱ្យ​វិស័យ​កីឡាប្រដាល់មាន​​ការ​រីក​ចម្រើន​ជា​លំដាប់ ។

ផ្ទុយ​ទៅ​វិញ​លោក​បាន​រិះគន់​ប្រធាន​សហព័ន្ធ​បច្ចុប្បន្ន​ថា​គ្មាន​ធ្វើ​អ្វី​ឱ្យ​ពិតប្រាកដ​ទេ លំ​ៗ​យក​តែ​លុយ ការ​គ្រប់គ្រង​មាន​ភាព​មិន​ច្បាស់លាស់ ។ អ្វី​ដែល​ធ្វើ​ឱ្យ​លោក​កាន់តែ​បាត់​បង់​ជំនឿ​ថែម​ទៀត​នោះ​គឺ​ពេល​សហព័ន្ធ​បំបែក​ខ្លួន​ជា​ពីរ​ដោយ​បង្កើត​ជា​សហព័ន្ធ​កីឡា​ប្រដាល់​សាកល​កម្ពុ​ជាមួយ​ផ្សេង​ទៀត និង​បាន​ជ្រើសរើស​លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន ធ្វើ​ជា​ប្រធាន​សហព័ន្ធ​ថែម​ទៀត​។​ដូច្នេះ​លោក​គិត​ថា ពិតជា​មិន​អាច​ទៅ​រួច​ឡើយ​ជា​ពិសេស​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ លោក​ហ៊ាន​ធានា​ថា សូ​ម្បី​មេដាយ​សំរឹទ្ធ​ក៏​មិន​អាច​ដណ្ដើម​បាន​ផង​។

លោក​ថា សហព័ន្ធ​កីឡាប្រដាល់​សព្វថ្ងៃ សូ​ម្បី តែ​អាវ​ពាក់​សម្រាប់​បម្រើ​ការ​ក៏​ត្រូវ​ចំណាយ​​លុយ​ទិញ​ដែរ រីឯ​ឡូ​ហ្គោ​សហព័ន្ធ​និង​ឡូ​ហ្គោ​ប៉ុស្តិ៍​បា​យ័ន្ត​ក៏​ត្រូវ​គេ​លក់​ក្នុង​តម្លៃ​១​ដុល្លារ​ថែម​ទៀត​។ អ្វី​ដែល​ធ្វើ​ឱ្យ​លោក​ហួសចិត្ត​បំផុត​នោះ គឺ​ស្ថានីយ​ទូរទស្សន៍​ដែល​លោក​បម្រើ​ការងារ​ឱ្យ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​បានឱ្យ​តម្លៃ​ខ្លួន​លោក​តិច​ជាង​អ្នក​ចូល​ថ្មី ។ មុន​ពេល​លោក​ឆ្អែតចិត្ត​លោក​ធ្លាប់​សំណូម​ដល់​ប្រធាន​សហព័ន្ធ​ឱ្យ​គិតគូរ​ឡើង​វិញ
ពី​កញ្ចប់​ថវិកា​ដាច់​ដោយឡែក​ពី​គ្នា​សម្រាប់​អ្នក​ដែល​បម្រើ​ការ​យូរ​និង​អ្នក​ថ្មី តែ​គេ​ធ្វើ​ជា
មិនដឹងមិនឮ​ទៅ​វិញ ។

មូលហេតុ​នេះ​ហើយ​ទើប​លោក​រិះគន់​ស្ថានីយទូរទស្សន៍​ក៏​ដូច​ប្រធាន​សហព័ន្ធ​ថា មិន​ចេះ​​ធ្វើការ ពុក​រលួយ ចាប់​គូ​យក​តែ​គ្នា​ឯង ទើប​ក្លិប​ប្រដាល់​មួយ​ចំនួន​ត្រូវ​បង្ខំចិត្ត​បិទទ្វារ​ជា​បណ្ដើរ​ៗ​ដោយសារ​កីឡាករ​ហ្វឹកហាត់​ហើយ​មិន​ទទួល​បាន​ឱកាស​ឡើង​ប្រកួត​។

ជា​ការ​ឆ្លើយ​តប​លោក ម៉ិ​ល កាដូ អគ្គ​លេខា​ធិ​ការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​លើក​ឡើង​អំពី​តម្លៃ​ខ្លួន​បម្រើ​ការងារ​របស់​មន្ត្រី​ចៅក្រម​និង​អាជ្ញាកណ្ដាល​ប្រដាល់​ថា គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​សម្រេច​នោះ​ទេ វា​អាស្រ័យ​ទៅ​លើ​ការ​ចរចា​គ្នា​ជាមួយ​អ្នក​ឧបត្ថម្ភ​​កម្មវិធី​ប៉ុណ្ណោះ​។

ចំណែក​លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន​ធ្លាប់​បាន​លើក​ឡើងជា​ច្រើន​ដង​មក​ហើយ​អំពី​បញ្ហា​បើក​ក្លិប​ប្រដាល់​នោះ​ថា បើ​ទៅ​រួច​ចាំ​ធ្វើកុំ​សង្ឃឹមលើ​ចំណូល​តម្លៃ​ខ្លួន​កីឡាករ​ប្រដាល់​​យក​មក​ដោះស្រាយ​ឱ្យ​សោះ ។ ប៉ុន្តែ​រាល់​សំណើសុំ​បើក​ក្លិប ម្នាក់​ៗ​សុទ្ធតែ​បាន​អះ​អាង​ចំពោះ​មុខ​លោក​ថា មិន​អី​ទេ​មេ ឱ្យ​តែ​អនុញ្ញាត​គេ​អាច​ដោះស្រាយ​បាន​ហើយ ។​ ទីបំផុត​បែរជា​នាំ​គ្នា​ប្រាប់​អ្នកកាសែត​ចុះ​ព្រោងព្រាត​ថា ប្រធាន​សហព័ន្ធ​មិន​ចេះ​មើល​កូនចៅ​ទៅ​វិញ ។ លោក​ថា មនុស្ស​មួយ​ចំនួន​បើក​ក្លិប​គឺ​សម្លឹង​ឃើញ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ច្រើន​ជាង​ចង់​ជួយ​វិស័យ​កីឡាប្រដាល់​ឱ្យ​រីក​ចម្រើន លុះ​មិន​បាន​ដូច​ចិត្ត​ក៏​ផ្ទុះ​ប្រតិកម្ម ។ ចំណែក​ក្លិប​មួយ​ចំនួន​ទៀត​ដូច​ជា​ក្លិប​សាល​វ័​ន្ត ក្លិប​ពុទ្ធ​សេរី​វង្ស ក្លិប​តា​ព្រហ្ម​មាន​ជ័យ​ជាដើម​សុទ្ធតែ​មាន​សមត្ថភាព​ស្វែងរក​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​ទើប​ធ្វើ​ឱ្យ​ក្លិប​របស់​គេ​ដំណើ​ការ​ល្អ​រហូត​ដល់​សព្វថ្ងៃ​។

លោក​បញ្ជាក់​ថា សហព័ន្ធ​មាន​ផែនការ​ច្បាស់​លាស់ និង​គិតគូរ​ខ្លាំង​ណាស់​ពី​បញ្ហា​បណ្ដុះ​បណ្ដាល​កីឡាករ​ថ្នាល​ទាំង​សាកល​និង​គុន​ខ្មែរ សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ខាង​មុខ ។ ជាក់ស្ដែង សហព័ន្ធ​បាន​ចំណាយ​ថវិកា​ជា​ច្រើន​ម៉ឺន​ដុល្លារ​កសាង​​ក្លិប​ប្រដាល់​ធំ​មួយ​(​ក្លិប​អា​រុណ​រះ​) នៅ​ខេត្តកណ្ដាល​ដើម្បី​ហ្វឹកហាត់​កីឡាករ​ថ្នាល។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​លោក ឃឹម សុ​ជាតិ ដូច​រៀបរាប់​ខាងលើ តំណាង​​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​ដែល​មាន​សង្វៀន​ប្រដាល់​និយាយ​ថា ពួក​គេ​ត្រូវការ​ណាស់​កីឡាករ​ល្អ​ៗ មាន​វិន័យ មិន​បង្កើត​បញ្ហា​នាំ​ឱ្យ​ខូច​ដល់​កម្មវិធី​ប្រកួត ។ ចំពោះ​កីឡាករ​ដែល​មិន​បាន​ហ្វឹកហាត់​ត្រឹមត្រូវ​ប្រកួត​មិនល្អ​មើល ធ្វើ​ឱ្យ​មានការ​រិះគន់​ពី​មហាជន​ពួក​គេ​មិន​ត្រូវការ​នោះ​ទេ​ដូច្នេះ​គ្រប់​ក្លិប​ប្រដាល់​ទាំងអស់​បើ​ចង់ឱ្យ​សិស្ស​របស់​ខ្លួន​ទទួល​ការ​ផ្គូផ្គង​ត្រូវ​បង្កើន​ការ​ហ្វឹក​ហាត់​ឱ្យ​ពួក​គេ​មាន​សមត្ថភាព​គ្រប់គ្រាន់​ទៅ​បាន​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ