ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​កូន​រលាក​សម្ល​ក្តៅ​… គ្រូពេទ្យ​អាក្រក់​មែនឬ?

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​ពី​បុរស​ម្នាក់​បានឱ្យ​ដឹង​កាលពី​ម៉ោង​៨​និង​៥៣​នាទី​យប់​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៨​នេះ​ថា ក្រោយ​ពី​កូនស្រី​តូច​របស់​ខ្លួន​ទទួល​រង​គ្រោះ​ដោយ​រលាក​ទឹក​ក្តៅ គាត់​និង​ប្រពន្ធ ប្រញាប់​ដឹក​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ដើម្បី​ឱ្យ​គ្រូពេទ្យ​ជួយ​សង្គ្រោះ និង​រុំ​របួស​ទាន់​ពេលវេលា…

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​ពី​បុរស​ម្នាក់​បានឱ្យ​ដឹង​កាលពី​ម៉ោង​៨​និង​៥៣​នាទី​យប់​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៨​នេះ​ថា ក្រោយ​ពី​កូនស្រី​តូច​របស់​ខ្លួន​ទទួល​រង​គ្រោះ​ដោយ​រលាក​ទឹក​ក្តៅ គាត់​និង​ប្រពន្ធ ប្រញាប់​ដឹក​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ដើម្បី​ឱ្យ​គ្រូពេទ្យ​ជួយ​សង្គ្រោះ និង​រុំ​របួស​ទាន់​ពេលវេលា ។ តែ​គួរ​ឱ្យ​ស្តាយ បែរជា​គ្រូពេទ្យ​ឱ្យ​ដើរ​រក​ទិញ​បង់​រុំ​របួស និង​ស្បៃ​នៅ​ខាងក្រៅ​ទៅ​វិញ លុះ​ឃើញ​សភាព​មិន​ស្រួល ក៏​នាំ​កូន​ទៅ​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន ។

បញ្ហា​នេះ បណ្តាល​ឱ្យ​គ្រួសារ​ជន​រង​គ្រោះ អន់ចិត្ត​យ៉ាង​ខ្លាំង ខណៈ​មន្ទីរពេទ្យ​បង្អែក​ទាំងមូល​អត់​មាន​បង់​រុំ​របួស ។ ហើយ​ហេតុការណ៍​ក្មេង​ស្រី​តូច​រលាក​ទឹក​ក្តៅ​ឆ្នាំងសម្ល​នេះ គឺ​កើតឡើង​កាលពី​ម៉ោង​៤ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៣ វិច្ឆិកា ស្ថិត​ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ហើយ​យក​ទៅ​ដល់​មន្ទីរ​ពេទ្យ​នៅ​ម៉ោង​៤ និង​៤៥​នាទី​រសៀល​ថ្ងៃ​ដដែល ។

ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ឆុំ រចនា ភេទ​ស្រី អាយុ​១​ឆ្នាំ រង​របួស​រលាក​ទឹក​ក្តៅ​ឆ្នាំងសម្ល​ស្ទើរ​ពេញ​ដងខ្លួន​ប្រាណ មាន​ឪពុក​ឈ្មោះ ជុំ សាន អាយុ​៥០​ឆ្នាំ ជា​មន្ត្រី​នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត និង​ម្តាយ​ឈ្មោះ លី​ម ស្រី​ម៉ៅ អាយុ​៤០​ឆ្នាំ ។

ប្រភព​ពី​បុរស​ជា​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា ពេល​កូនច្បង​គាត់​ចេញពី​សាលារៀន​នា​ថ្ងៃរសៀល ត្រូវ​បាន​ម្តាយ​ប្រើ​ឱ្យ​យក​ប្អូន​ដើរ​លេង លុះ​ឆ្នាំងសម្ល​ពុះ​ជិត​ឆ្អិត​ទៅ​ហើយ​ក៏​ត្រឡប់​មក​វិញ រួច​ដាក់​ប្អូន​លើ​ម៉ូតូ​ក្បែរ​ចង្ក្រាន​សម្ល​ដែល​ជិត​លើក​ចេញ​ទៅ​ហើយ​នោះ ស្រាប់តែ​ជ​ន្ទ​ល់​ម៉ូតូ​អត់​ជាប់​ល្អ បណ្តាល​ឱ្យ​ដួល​ទៅ​លើ​ចង្ក្រាន​សម្ល​រលាក​ពេញ​ខ្លួន​តែ​ម្តង ។

គាត់​បន្ត​ទៀត​ថា ពេល​ទៅ​ដល់​មន្ទីរពេទ្យ ឃើញ​គ្រូពេទ្យ​ស្រី​ក្មេង​ម្នាក់​ប្រចាំការ​ក៏​បាន​ជួប​ហើយ ប្រពន្ធ​គាត់​ប្រាប់​ថា កូន​របស់​ខ្លួន​បាន​រលាក​ទឹក​ក្តៅ ពេល​នោះ​គ្រូពេទ្យ​ក៏​ងើប​មក​មើល​ដែរ ។ បន្ទាប់​មក​អ្នកគ្រូ​ពេទ្យ​គោះ​បន្ទប់​មួយទៀត​ជួប​ជាមួយនឹង​គ្រូពេទ្យ​ប្រុស ដោយ​និយាយ​គ្នា​មួយសន្ទុះ ខណៈ​គាត់​ស្តាប់​គេ​មិនដឹង​និយាយ​ពី​រឿង​អ្វី​នោះ​ទេ ព្រោះ​កូនស្រី​របស់​ខ្លួន​ស្រែកយំ​ខ្លាំង​ពេក ។

គាត់​បន្ត​ថា ស្រប​ពេល​នោះ ស្រាប់តែ​គ្រូពេទ្យ​ប្រាប់​ឱ្យ​គាត់​ដើរ​រក​ទិញ​បង់​រុំ​របួស​ខាងក្រៅ ព្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​អត់​មាន​ទេ ហើយ​គាត់​នឹក​អន់ចិត្ត​យ៉ាង​ខ្លាំង សូ​ម្បី​តែ​បង់​រុំ​របួស​អត់​មាន​ផង បើ​កូន​គាត់​ដេក​ពេទ្យ តើ​ទៅ​ពឹង​អ្វី​ទៀត ហើយ​រក​ថ្នាំ​ឯណា​មក​ព្យាបាល ។ ក្រោយមក​គាត់​ក៏​សុខចិត្ត​យក​កូន​ទៅ​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន (​ពេទ្យ​រ៉ា​) តែ​គេ​ឱ្យទៅ​មន្ទីរពេទ្យ​បង្អែក​ដដែល ហើយ​គាត់​ប្រាប់​ថា ទើបតែ​ចេញ​មក​អម្បាញ់មិញ​នេះ​ដែរ រួច​ទើប​យក​ទៅ​គ្លីនិក​ឯកជន​ផ្សេង​ទៀត ក៏​មានការ​រុំ​របួស និង​បាញ់​ស្ព្រា​យ៍​ធ្វើ​ឱ្យ​ត្រជាក់​ខ្លួន​លែង​សូវ​យំ​បន្ត​ទៀត ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត អាង នាង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ចំពោះ​បង់​រុំ​របួស និង​បង់​កំ​ប្រេស​មិន​ខ្វះ​នោះ​ទេ នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ដោយ​គ្រូពេទ្យ​ប្រាប់​ឱ្យ​ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ​នោះ​ដើរ​រក​ទិញ​តែ​ស្ព្រា​យ៍​បាញ់​ឱ្យ​ត្រជាក់​សាច់​ប៉ុណ្ណោះ ដោយសារ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​អត់​មាន​ទេ ព្រោះ​ស្ព្រា​យ៍​បាញ់​ឱ្យ​ត្រជាក់​មិនមែន​ជា​ថ្នាំពេទ្យ​ឡើយ គេ​ដាក់​លក់​នៅ​តាម​ហាង​សម្រាប់​យក​ទៅ​បាញ់​ធ្វើ​កម្មវិធី​ខួបកំណើត​ជាដើម ។

លោក​បន្ត​ទៀត​ថា ប្រហែលជា​គាត់​ស្តាប់​មិន​ច្បាស់​ច្រឡំ ថា គ្រូពេទ្យ​ឱ្យ​ដើរ​រក​ទិញ​បង់​រុំ​របួស និង​កំ​ប្រេស​ទៅ​វិញ ហើយ​ថែម​ទាំង​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ទៀត​ផង ។ ដូច្នេះ​ខាង​ក្រុម​គ្រូពេទ្យ​របស់​លោក​ក៏​បាន​ឆ្លើយ​តប​បកស្រាយ​វិញ​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ