ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​រាយការណ៍​ពី​ជំងឺ​ផ្តាសាយ​ជ្រូក​កំពុង​រាតត្បាត​

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ជំងឺ​ផ្តាសាយ​ជ្រូក​ពិតជា​បាន​រាតត្បាត​នៅ​ខេត្ត Anhui មែន​ក្នុង​ពេល​ថ្មី​ៗ​នេះ ។ គួរ​បញ្ជាក់​ថា ប្រទេស​ចិន​ជា​ប្រទេស​ដែល​ចិញ្ចឹមសត្វ​ជ្រូក​ច្រើន​ជាងគេ​លើ​ពិភពលោក ហើយ​ប្រទេស​នេះ​រាយការណ៍​ពី​ករណី​ជំងឺ​ផ្តាសាយ​ជ្រូក​ច្រើន​ជាង​៥០​ករណី​មក​ហើយ…

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ជំងឺ​ផ្តាសាយ​ជ្រូក​ពិតជា​បាន​រាតត្បាត​នៅ​ខេត្ត Anhui មែន​ក្នុង​ពេល​ថ្មី​ៗ​នេះ ។

គួរ​បញ្ជាក់​ថា ប្រទេស​ចិន​ជា​ប្រទេស​ដែល​ចិញ្ចឹមសត្វ​ជ្រូក​ច្រើន​ជាងគេ​លើ​ពិភពលោក ហើយ​ប្រទេស​នេះ​រាយការណ៍​ពី​ករណី​ជំងឺ​ផ្តាសាយ​ជ្រូក​ច្រើន​ជាង​៥០​ករណី​មក​ហើយ ដែល​មាននៅ​ក្នុង​ខេត្ត Anhui ផង​ដែរ​តាំងពី​ដើមខែ​សីហា កន្លង​មកនេះ ។

ក្រសួងកសិកម្ម និង​កិច្ចការ​ជនបទ​របស់​ប្រទេស​ចិន​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ជំងឺ​នេះ​ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​កសិដ្ឋាន​មួយ​ដែល​ចិញ្ចឹមសត្វ​ជ្រូក​ចំនួន​៨.៣៣៩​ក្បាល​នៅ​តំបន់ Qingyang ប៉ែក​ខាងត្បូង​នៃ​ខេត្ត Anhui ។ ករណី​នេះ​បាន​ចម្លង​ដល់​ជ្រូក​៩៦​ក្បាល និង​បង្ក​ឲ្យ​ងាប់​អស់​៤៧​ក្បាល​ផង​ដែរ ។

ការ​ដឹក​ជញ្ជូន​សត្វ​ជ្រូក​ចេញចូល​តំបន់​ខាងលើ និង​ការ​ដឹក​ជញ្ជូន​សាច់​ជ្រូក​ក្រៅ​តំបន់​នេះ​ត្រូវ​បាន​ហាម​ឃាត់ ។ កាលពី​ខែ​មុន ក្រសួង​ខាងលើ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​នឹង​ដក​រាល់​ការ​ហាមឃាត់​ដែល​ទាក់ទិន​នឹង​ជំងឺ​ផ្តាសាយ​ជ្រូក​ចេញពី​ក្រុង​ចំនួន​៤​ក្នុង​ខេត្ត Anhui ។

ក្រុមហ៊ុន Tangranshen Group ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សាច់​ជ្រូក​ដ៏​ធំ​ក្នុង​ប្រទេស​ចិន​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា ជំងឺ​នេះ​ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​ចំណី​សត្វ​របស់​ក្រុមហ៊ុន Bili Meiyingwei Nutrition Feedstuff ក្នុងអំឡុងពេល​ត្រួតពិនិត្យ​បន្ទាប់​ពី​មានការ​រាតត្បាត​នៅ​តំបន់​Qingyang ។

ក្រុមហ៊ុន Tangrenshen បាន​ឲ្យ​ដឹង​ទៀត​ថា ប្រភព​នៃ​ជំងឺ​នេះ​នៅ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ​ទេ ហើយ​ករណី​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ផង​ដែរ ។ ពួក​គេ​បាន​បន្ត​ថា ករណី​ខាងលើ​ប៉ះពាល់​ដល់​ដំណើរការ​ក្រុមហ៊ុន​តិចតួច​ប៉ុណ្ណោះ ព្រោះ​ក្រុមហ៊ុន Bili Meiyingwei ស្មើ​តែ​២,២៧%​នៃ​ប្រាក់​ចំណេញ​​ប្រចាំឆ្នាំ​របស់​ខ្លួន​ប៉ុណ្ណោះ កាលពី​៩​ខែ​ដំបូង​នា​ឆ្នាំ ២០១៨​នេះ ។

គួរ​កត់​សម្គាល់ថា បន្ទាប់​ពី​ជំងឺ​ផ្ដាសាយ​ជ្រូក​បាន​រាតត្បាត​នៅ​ប្រទេស​ចិន​មក ប្រទេស​ជប៉ុន កូរ៉េ​ខាងត្បូង និង​ប្រទេស​ចិន បាន​ព្រមព្រៀង​គ្នា​ក នឹង​ពង្រឹង​ការ​គ្រប់គ្រង​ព្រំដែន​ដើម្បី​ធានា​ថា ការ​រាតត្បាត​នៃ​ជំងឺ​ផ្តា​សាយ​ជ្រូក​ក្នុង​ប្រទេស​ចិន នឹង​មិន​មក​ដល់​ឧបទ្វីប​កូរ៉េ ដែល​ព្រមព្រៀង​នេះ​ត្រូវ​បាន​សម្រេច​ឡើង​ក្នុង​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​កសិកម្ម​កូរ៉េ Lee Gae-ho និង​ភាគី​ខាង​ប្រទេស​ចិន និង​ជប៉ុន នៅ​រដ្ឋធានី​ប៉េ​កាំ​ង ។

យោង​តាម​អង្គការ​អាហារ និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តា​យ​សាយ​ជ្រូក​នៅឡើយ​ទេ ហើយ​ជំងឺ​នេះ​មិន​គំរាមកំហែង​ដល់​សុខភាព​មនុស្ស​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ