ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​ដឹង​ទូក​.​ង​ខ្មែរ​អាច​ផ្ទុក​មនុស្ស និង​មាន​ប្រវែង​ប៉ុន្មាន​ទើប​អាច​បំបែក​ឯតទគ្គ​កម្ម​បាន

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា នៅ​អតីត​កំពង់ចម្លង​អ្នក​លឿង​ត្រើយ​ខាងកើតស្ថិត​ក្នុង​ឃុំ​ព្រែក​ខ្សាយ​«​ក​» ស្រុក​ពាម​រក៍ ពិធី​បំបែក​កំណត់​ត្រា​ពិភពលោក​ត្រូវ​បាន​ចាត់​ធ្វើ​ឡើង​យ៉ាង​អធិកអធម ។ នេះ​គឺជា​ពេលវេលា​ដ៏​វិសេសវិសាល​បំផុត​សម្រាប់់​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង ក៏​ដូច​ជា​ប្រជាជាតិ​កម្ពុជា​ទាំងមូល​ដែលមាន​មន្ត្រី​អ្នក​វិនិច្ឆ័យ​កំណត់​ត្រា​ពិភពលោក (World …

ខេត្តព្រៃវែង ៖ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា នៅ​អតីត​កំពង់ចម្លង​អ្នក​លឿង​ត្រើយ​ខាងកើតស្ថិត​ក្នុង​ឃុំ​ព្រែក​ខ្សាយ​«​ក​» ស្រុក​ពាម​រក៍ ពិធី​បំបែក​កំណត់​ត្រា​ពិភពលោក​ត្រូវ​បាន​ចាត់​ធ្វើ​ឡើង​យ៉ាង​អធិកអធម ។

នេះ​គឺជា​ពេលវេលា​ដ៏​វិសេសវិសាល​បំផុត​សម្រាប់់​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង ក៏​ដូច​ជា​ប្រជាជាតិ​កម្ពុជា​ទាំងមូល​ដែលមាន​មន្ត្រី​អ្នក​វិនិច្ឆ័យ​កំណត់​ត្រា​ពិភពលោក (World  Guinness Record ) ចុះ​មក​វាយតម្លៃ​លើ​ទូកង​ឈ្មោះ​«​កម្ពោជិក​បុត្តា​ខេមរា​តរី​» ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សហការ​ជាមួយ​អាជ្ញាធរ​ខេត្តព្រៃវែង បាន​កសាង​ឡើង​ក្នុង​គោលបំណង​ដើម្បី​បំបែក​កំណត់​ត្រា​ទូក​វែង​ជាងគេ​លើ​ពិភពលោក ។

តាម​ការ​ប្រកាស​បានឱ្យ​ដឹង​ថា ក្រោយ​ពីទទួល​ការ​វិនិច្ឆ័យ​ពី​តំណាង​ស្ថាប័ន World Guinness Record ដែល​ធ្វើការ​ត្រួតពិនិត្យ​វាស់វែង​ និង​វាយតម្លៃ​រួច​មក ក៏​បាន​សម្រេច​ទទួលស្គាល់​ទូក​.​ង​ឈ្មោះ​«​កម្ពោជិក​បុត្តា​ខេមរា​តរី​» ពិតជា​បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ថ្មី ដោយ​ជោគជ័យ ដោយ​ជាប់​ជា​ទូក​.​ង​ដែល​វែង​ជាងគេ​បំផុត​ក្នុង​លោក គឺ​មាន​ប្រវែង​៨៧,៤៧​ម៉ែត្រ ឈ្នះ​ទូក​នាគ​របស់​ប្រទេស​ចិន ម្ចាស់​ជ័យ​លា​ភី​មុន ដែល​មាន​ប្រវែង​៧៧,៨០​ម៉ែត្រ ។

ក្នុង​ពិធី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​នេះ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ដែល​បាន​អញ្ជើញ​ជា​អធិបតី បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ដល់​យុវជន​ខ្មែរ​គ្រប់​ស្រទាប់​ទាំងអស់ ដែល​បាន​ចូលរួម​ផ្ដួចផ្ដើម​គំនិត និង​កសាង​ទូក​.​ង​វែង​ជាងគេ​លើ​នៅ​ពិភពលោក រហូត​ឈាន​ដល់​ការ​បំបែក​បាន​នូវ​ឯតទគ្គ​កម្ម World Guinness Record ។

សម្ដេច​ក្រឡាហោម ស ខេ​ង បាន​ចាត់​ទុក​ថា ការ​ធ្វើ​ទូក​.​ង​ដែល​វែង​ជាងគេ​រហូត​បំបែក​ឯតទគ្គ​កម្ម​បាន​នេះ មិនមែន​ជា​រឿង​សាមញ្ញ​នោះ​ទេ ព្រោះ​បើ​គ្មាន​ការ​ផ្ដួចផ្ដើម​គំនិត គ្មាន​ឆន្ទៈ គ្មាន​ការ​រួបរួម​គ្នា គ្មាន​ការ​តស៊ូ អត់ទ្រាំ​ចំពោះ​ការ​លំបាក ហើយ​គ្មាន​បុព្វហេតុ​ច្បាស់លាស់​ទេ​នោះ គឺ​មិន​អាច​ធ្វើ​ទូក​នេះ​បាន​ទេ ។

បើ​តាម​ការ​គ្រោងទុក ទូក​.​ង​ដែល​វែង​ជាងគេ​លើ​ពិភពលោក​នេះ នឹង​ត្រូវ​យក​ទៅ​ដាក់​បង្ហាញ​នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​មុខ​ព្រះ​បរមរាជវាំង ដើម្បី​ឱ្យ​ជនរួមជាតិ​ខ្មែរ​ទាំងអស់ ដែល​មក​កម្សាន្ដ​បាន​ទស្សនា​ដោយ​ផ្ទាល់ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​បានឃើញ ។ នេះ​ក៏​ជា​ការ​បង្ហាញ​មួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ ។

គួរ​បញ្ជាក់​ថា ទូក​.​ង​ឈ្មោះ​«​កម្ពោជិក​បុត្តា​ខេមរា​តរី​» ត្រូវ​បាន​ផ្តួចផ្តើម​គំនិត​កសាង​ឡើង​ដោយ​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង ដោយ​ចាប់ផ្តើម​ស្ថាបនា​ឡើង​កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៨ និង​រួចរាល់​ជា​ស្ថាពរ​នៅ​ចុងខែ​តុលា ឆ្នាំ​ដដែល គឺ​មាន​រយៈពេល​១៩២​ថ្ងៃ ដោយ​ប្រើប្រាស់​ឈើ​គគីរ​ម្សៅ​ប្រភេទ​លេខ​១ ជា​ប្រភេទ​ឈើ​ធន់​នឹង​ទឹក គ្រប់​អាយុ​ចំនួន​៥​ដើម រួម​ទាំង​កំណាត់ឈើ​មួយ​ចំនួន​ទៀត ។

ទូក​.​ង​«​កម្ពោជិក​បុត្តា​ខេមរា​តរី​» មាន​ន័យ​ថា «​ទូក​.​ង​របស់​កូន​ខ្មែរ​រស់នៅ​ក្នុង​ដែនដី​កម្ពុជា​» មាន​បណ្តោយ​ប្រវែង​៨៧,៤៧​ម៉ែត្រ ទទឹង​ប្រមាណ​ជិត​២​ម៉ែត្រ ជម្រៅ​០,៨០​ម៉ែត្រ និង​ផ្ទុក​ចំណុះ​មនុស្ស​បាន​ចំនួន​១៧៩​នាក់ ។

បើ​តាម​ការ​អះអាង​របស់​គណៈកម្មការ​ធ្វើ​ទូក.​ង​នេះ​បានឱ្យ​ដឹង​ថា ទូក​.​ង​«​កម្ពោជិក​បុត្តា​ខេ​ម
រាតរី​» ត្រូវ​បាន​កសាង​ឡើង​ក្នុង​គោលបំណង​ចំនួន​៣​គឺ ៖ ទី​១-​ដើម្បី​រំឭក​ឡើង​វិញ​នូវ​ប្រវត្តិ​ដ៏​យូរលង់​នៃ​ការ​ផលិត និង​ប្រើប្រាស់​ទូក​.​ង​របស់​ខ្មែរ តាំងពី​សម័យ​បុរាណ ជា​ពិសេស​រំឭក​ឡើង​វិញ​នូវ​ស្នា​ព្រះ​ហស្ត​របស់​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ជំនាន់ ក្នុង​ការ​ប្រើប្រាស់​ទូក​.​ង​ជា​មធ្យោបាយ​ក្នុង​ការ​ការពារ​ទឹកដី ។ ទី​២-​ដើម្បី​ជួយ​លើកតម្កើង​កិត្យានុភាព​ជាតិ ដោយ​បង្ហាញ​ពិភពលោក​ទាំង​មូល​​ឱ្យ​បានដឹង​កាន់តែ​ច្បាស់​ថា កម្ពុជា​អាច​បង្កើត​ស្នាដៃ​ដ៏​អស្ចារ្យ​មួយ ។ ទី​៣-​គឺ​ជំរុញ​ស្មារតី​ស្នេហា​ជាតិ និង​សាមគ្គីភាព​នៃ​យុវជន​ជា​កូនចៅ​ជំនាន់​ក្រោយ ក្នុង​ការ​ថែរក្សា និង​អភិរក្ស​កេរដំណែល​ពី​ដូនតា​ជំនាន់​មុន ។

សូម​ជម្រាប​ថា ទូក​.​ង​របស់​កម្ពុជា​ដែល​ជាប់កំណត់​ត្រា​ពិភពលោក World Guinness Record នេះ ត្រូវ​បាន​រចនា​ឡើង​ដោយ​ផ្នែក​ខាង​ក្បាលទូក​ធ្វើ​ជា​ក្បាល​នាគ និង​កន្ទុយ​ហង្ស ប្រកបដោយ​ក្បូរ​ក្បាច់រចនា​ល្អ​ប្រណីត ។ យ៉ាងណា​ក៏​ដោយ សម្រាប់​ក្រុម​អ្នក​រៀបចំ​កម្មវិធី​នេះ បាន​ចាត់​ទុក​ថា នេះ​គឺជា​មោទនភាព​ជាតិ​ថ្មី​មួយទៀត​របស់​កម្ពុជា បន្ទាប់​ពី​ការ​បំបែក​កំណត់​ត្រា​ក្រមា​វែង​ជាងគេ​នៅ​លើ​ពិភពលោក កាលពី​ពេល​ថ្មី​ៗ​នេះ​កន្លង​មក ។

សម្រាប់​ពិធី​ដែល​ជា​មោទនភាព​ថ្មី​របស់​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​នេះ ក៏​មានការ​ចូលរួម​ពី លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ស សុខា អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្ម​ការ​ផលិត​ទូក​.​ង​វែង​ជាងគេ​នៅ​លើ​ពិភពលោក ព្រមទាំង​លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ និង​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត ។ ចំណុះ​ទូកនៅ​ក្នុង​ពិធី​ដ៏​អធិកអធម​នេះ​ទាំង​១៧៩​នាក់ គឺ​១០០​នាក់​មក​ពី​កងទ័ពជើងទឹក និង​៧៩​នាក់ មកពី​នគរបាល​ជើង​ទឹក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ