ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួតប្រជែង​នាំ​ចេញ​អង្ករ​កាន់តែ​តានតឹង​ឡើង

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ អ្នក​នាំ​ចេញ​អង្ករ​ក្នុង​ប្រទេស​ថៃ​អាច​នឹង​ជួប​ប្រទះ​ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ឡើង​នៅ​ឆ្នាំ​ក្រោយ ខណៈ​ដែល​ប្រទេស​ទិញ​អង្ករ​ធំ​ៗ​កាត់​បន្ថយ​ការ​នាំ​ចូល និង​ប្រទេស​នាំ​ចេញ​អង្ករ​បង្កើន​ការ​នាំ​ចេញ ។ លោក Charoen Laothammatas ប្រធាន​សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ…

ទីក្រុង​បាងកក ៖ អ្នក​នាំ​ចេញ​អង្ករ​ក្នុង​ប្រទេស​ថៃ​អាច​នឹង​ជួប​ប្រទះ​ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ឡើង​នៅ​ឆ្នាំ​ក្រោយ ខណៈ​ដែល​ប្រទេស​ទិញ​អង្ករ​ធំ​ៗ​កាត់​បន្ថយ​ការ​នាំ​ចូល និង​ប្រទេស​នាំ​ចេញ​អង្ករ​បង្កើន​ការ​នាំ​ចេញ ។

លោក Charoen Laothammatas ប្រធាន​សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ បាន​និយាយ​ថា ប្រទេស​ឥណ្ឌា​នឹង​រក្សា​តំណែង​លេខ​មួយ​ក្នុង​ការ​នាំ​ចេញ​អង្ករ​ប្រចាំឆ្នាំ​២០១៩ បន្ទាប់​ពី​នោះ​គឺ​ប្រទេស​ថៃ វៀតណាម ប៉ា​គី​ស្ថាន មី​យ៉ា​ន់​ម៉ា និង​សហរដ្ឋអាមេរិក ។

លោក​បាន​បន្ត​ថា ប្រទេស​ចិន​ក៏​អាច​នឹង​ក្លាយជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ទីផ្សារ​អង្ករ​ពិភពលោក​ដែរ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ព្រោះ​ប្រទេស​នេះ​មាន​អង្ករ​ស្តុក​ទុកជា​ច្រើន ។

លោក Charoen បាន​និយាយ​ថា ៖« ក្នុងឆ្នាំនេះ ប្រទេស​ហ្វី​លី​ពី​ន​និង​ឥណ្ឌូ​ណេ​ស៊ី​បាន​នាំ​ចូល​ជា​ច្រើន​ដើម្បី​ផ្គត់ផ្គង់​តាម​តម្រូវការ​និង​បញ្ឈប់​កំណើន​តម្លៃ​អង្ករ ។ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ត្រូវ​បាន​ព្យាករណ៍​ថា នឹង​នាំ​ចូល​អង្ករ​មិន​តិច​ជាង​៣​លាន​តោន​ទេ​ក្នុងឆ្នាំនេះ ខណៈ​ដែល​ហ្វី​លី​ពី​ន​នឹង​នាំ​ចូល​ច្រើន​ជាង ២.៥​លាន​តោន ព្រោះតែ​អាកាសធាតុ​មិនល្អ ។ ពួក​យើង​គិត​ថា​ប្រទេស​ទាំង​ពីរ នឹង​កាត់​បន្ថយ​ការ​ទិញ​អង្ករ​នៅ​ឆ្នាំ​ក្រោយ »​។

យោង​តាម​លោក Charoen ប្រទេស​ចិន​នឹង​គ្រប់គ្រង​អង្ករ​ស្តុក​ទុក​ដល់​ទៅ​៩៦​លាន​តោន​ក្នុងឆ្នាំនេះ ឬ​ច្រើន​ជាង​ឆ្នាំ​មុន​១,៦% ដែល​ស្មើ ៩៤,៥​លាន​តោន ។ ជាមួយ​គ្នា​នេះ​ដែរ ប្រទេស​ចិន​បាន​នាំ​ចេញ​អង្ក​រស និង​អង្ករ​ស្ងោរ​ជា​ច្រើន​ទៅ​កាន់​អាហ្វ្រិក​កាលពី​៩​ខែ​ដំបូង​នា​ឆ្នាំ​នេះ ក្នុង​តម្លៃ​៣២៥​ដុល្លារ​ក្នុង​១​តោន ឬ​ទាប​ជាង​តម្លៃ​ង​ង្ករ​ស្ងោរ​ថៃ​ដែល​មាន​តម្លៃ ៣២៩​ដុល្លារ​ក្នុង​១​តោន ។ កាលពី​៩​ខែ​ដំបូង​នា​ឆ្នាំ​នេះ ការ​នាំ​ចេញ​អង្ករ​ស្ងោរ​របស់​ប្រទេស​ថៃ​បាន​ធ្លាក់​ចុះ ១០,៩% បើ​ធៀប​នឹង​ឆ្នាំ​មុន​មក​ស្មើ ១,៩៥​លាន​តោន ។
លោក​Charoen បាន​និយាយ​ថា ៖« ប្រសិនបើ​ប្រទេស​ចិន​បង្កើន​ការ​នាំ​ចេញ​ក្នុង​ឆ្នាំ​២០១៩ នោះ​ប្រទេស​នេះ​នឹង​ក្លាយជា​ដៃគូ​ប្រកួតប្រជែង​ដ៏​សំខាន់​សម្រាប់​ប្រទេស​ថៃ »​។

យោង​តាម​នាយកដ្ឋាន​កសិកម្ម​របស់​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា ប្រទេស​ឥណ្ឌា​នឹង​នាំ​ចេញ​អង្ករ​ប្រមាណ​១៣​លាន​តោន​នៅ​ឆ្នាំ​២០១៩ បន្ទាប់​ពី​នោះ​គឺ​ប្រទេស​ថៃ​ដែល​នឹង​នាំ​ចេញ​១១​លាន​តោន វៀតណាម​៧​លាន​តោន ប៉ា​គី​ស្ថាន​៤,៣​លាន​តោន មី​យ៉ា​ន់​ម៉ា​៣​លាន​តោន សហរដ្ឋអាមេរិក​៣,២​លាន​តោន ចិន​១,៩​លាន​តោន និង​កម្ពុជា​១,៣​លាន​តោន ។

ប៉ុន្តែ​សមាគម​ខាងលើ​ព្យាករណ៍​ថា ប្រទេស​ថៃ នឹង​នាំ​ចេញ​អង្ករ​ប្រមាណ​១០​លាន​តោន បន្ទាប់​ពី​នាំ​ចេញ​បាន​១១​លាន​តោន​ក្នុងឆ្នាំនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ