ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​លេង​ភ្នំ​ស​ន្ទុ​ក ស្មាន​មិន​ដល់​ថា​មានរឿង​និទាន​ដ៏អាថ៌​កំបាំងបែបនេះ (មាន​វីដេអូ)

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ភ្នំ​ស​ន្ទុ​ក​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ក្នុងភូមិ​ស្វាយ​កាល់ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។ បើ​យើង​ធ្វើ​ដំណើរ​មក​ពី​រាជធានី​ភ្នំពេញ​ដោយ​រថយន្ត​ចម្ងាយ​ប្រហែល​១៥០​គីឡូម៉ែត្រ នៅ​ខាងស្តាំ​ដៃ​យើង​នឹង​ឃើញ​ខ្លោងទ្វារវត្ត​មួយ​ដាក់​ឈ្មោះ​ថា​វត្ត​«​ចោម​ចុង​គិរី​»…

ខេត្តកំពង់ធំ ៖ ភ្នំ​ស​ន្ទុ​ក​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ក្នុងភូមិ​ស្វាយ​កាល់ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។ បើ​យើង​ធ្វើ​ដំណើរ​មក​ពី​រាជធានី​ភ្នំពេញ​ដោយ​រថយន្ត​ចម្ងាយ​ប្រហែល​១៥០​គីឡូម៉ែត្រ នៅ​ខាងស្តាំ​ដៃ​យើង​នឹង​ឃើញ​ខ្លោងទ្វារវត្ត​មួយ​ដាក់​ឈ្មោះ​ថា​វត្ត​«​ចោម​ចុង​គិរី​» គួរ​ឱ្យ​គយគន់ ។ នៅ​ជិត​ខ្លោងទ្វារវត្ត​ចោម​ចុង​គិរី​នេះ ក៏​មាន​ប៉ាណូ​ដ៏​ធំ​មួយ​សរសេរ​ដាក់​ថា «​រមណីយដ្ឋាន​ភ្នំ​ស​ន្ទុ​ក​»​។ យើង​បត់​រថយន្ត​ចូល​ទៅ​ប្រហែល​ជាង​២​គីឡូម៉ែត្រ​នឹង​ទៅ​ដល់​ជើងភ្នំ​ស​ន្ទុ​ក​ហើយ ។

ភ្នំ​ស​ន្ទុ​ក​មាន​កម្ពស់​១៨០​ម៉ែត្រ បណ្តោយ​១៥៥២​ម៉ែត្រ ទទឹង​ប្រហែល​១០០០​ម៉ែត្រ និង​ខ្នងភ្នំ​ប្រវែង​៥០០​ម៉ែត្រ ។ បើ​យើង​ធ្វើ​ដំណើរ​ឡើង​ទៅ​លើ​កំពូលភ្នំ​ដោយ​ថ្មើរជើង​តាម​កាំជណ្តើរ​ដ៏​ស្អាត​ត្រ​កុំ​ត្រកាល​មាន​ចំនួន​៨០៩​កាំ ។ នៅ​ពេល​ដែល​ប្រិ​យ​មិត្ត​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ឡើង​តាម​កាំជណ្តើរ ដែល​អម​សងខាង​ពោរពេញ​ទៅ​ដោយ​ដើមឈើ​តូច​ធំ ផ្តល់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ ធ្វើ​ឲ្យ​ក្នុង​អារម្មណ៍​របស់​យើង ពិត​មែន​មានការ​ហត់នឿយ​បន្តិច​មែន តែ​ហាក់បីដូចជា​បំភ្លេច​ចោល​អស់​នូវ​ទុក្ខ​កង្វល់ និង​ជំងឺ​តម្កាត់​ដែល​មាន​ក្នុង​ខ្លួន ។ មួយសន្ទុះ​ឬ​មួយ​ហត់​ធំ​យើង​នឹង​មក​ដល់​កន្លែង​មានឈ្មោះ «​ចាន់​ចែ​រ៉ែ​» ដែល​ជា​កន្លែង​ទម្លាក់​កាក់​បួងសួង​សុំ​សេចក្តីសុខ​ជា​ទំនៀមទម្លាប់​ដែល​អ្នក​នៅ​ទីនោះ​តែងតែ​ប្រារព្ធ ។

បន្ទាប់​មក​យើង​ធ្វើ​ដំណើរ​ឡើង​បន្ត​ទៅ​ដល់​លើ​កំពូលភ្នំ ដោយ​ទឹកមុខ​រីករាយ​ស្រស់ថ្លា ព្រោះ​ពេញ​ទៅ​ដោយ​ទីតាំង​សក្ការៈ​គោរព ។ យើង​ធ្វើ​ដំណើរ​តាម​គៀន​ព្រះ​វិហារ​ទៅ​មុខ​បន្តិច​នឹង​ឃើញ​នូវ​ស្នាម​ព្រះបាទ​ជាន់​ទុក ជា​ស្នាម​បាតជើង​ដ៏​ធំ​មួយ​ជាន់​ទ្រុត​លើ​ផ្ទាំង​ថ្ម ត្រូវ​បាន​គេ​រៀប​ឥដ្ឋ​ព័ទ្ធ​ជុំវិញ​យ៉ាង​ស្អាត ។ ឡើង​ទៅ​មុខ​បន្តិចទៀត គេ​ឃើញ​មាន​ថ្ម​ពីរ​ដុំ​ដែល​មាន​រាង​ដូច​សុដន់ មួយ​តូច មួយ​ធំ ដែល​ចាស់​ៗ​តែង​និយាយ​ដំណាល​ត​ៗ​គ្នា​ថា ថ្ម​មួយគូរ​នេះ «​ថ្ម​រាង​តូច​តំណាង​ឲ្យ​ដោះ​ក្រមុំ​» រីឯ​«​ថ្ម​ធំ​តំណាង​ឲ្យ​ដោះសណ្តាយ​» ។

ប្រិ​យ​មិត្ត​គួរ​កត់សម្គាល់​និង​គួរ​ចាប់អារម្មណ៍​ផង​ដែរ​ថា នៅ​ជិត​ថ្ម​តំណាង​ឲ្យ​សុដន់​នេះ ក៏​មាន​រូង​មួយ ដែល​ចាស់​ៗ​បុរាណ​លោក​តែងតែ​និយាយ​ថា រូង​នេះ​មាន​ជម្រៅ​ជ្រៅ​ណាស់ ដែល​កាលពី​សម័យ​មុន ក៏​គ្មាន​អ្នក​ណា​ដឹង​ថា​រូង​នេះ​មាន​ជម្រៅ​ដល់​ណា​នោះ​ដែរ ក៏​គ្មាន​អ្នក​ណា​បានដឹង​ឬ​ក៏​បាន​ដើរ​ចូល​ទៅ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​នោះ​ទេ ។

​ប៉ុន្តែ​ដើម្បី​ចង់​ដឹង​ឲ្យ​ច្បាស់ ចាស់​ៗ​ពី​សម័យ​បុរាណ​លោក​បាន​នាំ​គ្នា​ទម្លាក់​ដូងទុំ ដែល​គេ​ធ្វើ​ជា​ស្លាធម៌ ចូល​ទៅ​ក្នុង​រូង​អា​ថ៍កំ​បាំង​ពីលើ​កំពូលភ្នំ​ស​ន្ទុ​ក​នេះ ស្រាប់តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ពួក​គាត់​បានឃើញ​ដូង​ស្លាធម៌​នេះ ទៅ​ផុស​អណ្តែត​ទឹក​នៅ​ទន្លេសាប ឯណោះ ។ តែ​រហូត​មក​ដល់​បច្ចុប្បន្ន រូង​ដ៏​អា​ថ៍កំ​បាំង​នេះ នៅ​តែ​ស្ថិត​ក្នុង​ភាព​អា​ថ៍កំ​បាំង​ដដែល ដោយសារ​រូងភ្នំ​នោះ ត្រូវ​បាន​បិទ​ជិត ដោយ​គេ​យក​បង្គោល​បេតុង​វែង​ៗ​ទៅ​ដំរៀប​គ្នា​ពីលើ​មាត់​រូង​នេះ​បិទ​សន្ធប់ ហើយ​ក៏​គ្មាន​អ្នក​ណា​ម្នាក់​បានដឹង​ច្បាស់​ថា រូង​ខាងលើ​នេះ ត្រូវ​បាន​គេ​បិត​សន្ធប់​ផ្ចឹ​តតាំង​ពី​ពេល​ណា​នោះ​ដែរ ។

ពាក់ព័ន្ធ​នឹង​រូងភ្នំ​អា​ថ៍កំ​បាំង​ខាងលើ​នេះ មន្ត្រី​នៃ​មន្ទីរ​វប្បធម៌​ខេត្តកំពង់ធំ ប្រាប់​ថា នេះ​គ្រាន់តែ​ជា​រឿង​ដែល​ចាស់​និយាយ​ត​ៗ​គ្នា​តែ​ប៉ុណ្ណោះ តែ​ការ​ពិត​ទៅ​រូង​នេះ​ត្រូវ​បាន​ជិត ដោយសារ​គេ​បិត ឬ​ក៏​យូរ​ទៅ​ដី​ហូរ​លប់​ជិត​ក៏​ថា​បាន ហើយ​ក៏​មិន​ដែល​ឮ​ថា មាន​អ្នក​ណា​ដើរ​ចូល​ទៅ​ធ្វើការ​ស្រាវជ្រាវ​នៅ​ក្នុង​រូង​នោះ​ដែរ ។ គឺ​គ្មាន​ការ​សិក្សា​ស្រាវជ្រាវ​អ្វី​ទេ ។

ចំណែក​លោកពូ​ឈ្មោះ ន​ង ហោ អាយុ​៥៦​ឆ្នាំ មានកំណើត​និង​រស់នៅ​ភូមិ​ស​ន្ទុ​ក​ក្នុង ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ជា​អ្នក​ប្រកប​របរ​កូតទ្រ​សុំ​ប្រាក់​ចិញ្ចឹមជីវិត​នៅ​លើ​ភ្នំ​ស​ន្ទុ​ក​ប្រាប់​ថា គាត់​រស់នៅ​ស្រុក​នេះ​ច្រើន​ឆ្នាំ​មក​ហើយ តាំងពី​កើតមក ។ គាត់​និយាយ​ថា រឿង​រូងភ្នំ​ខាងលើ​នេះ លោក​ក៏​មិន​បានដឹង​ថា គេ​បិត​តាំងពី​ពេល​ណា​នោះ​ទេ ឮ​តែ​ចាស់​ៗ​និយាយ ។ តែ​បច្ចុប្បន្ន​នេះ​ក៏​មាន​ប្រជាពលរដ្ឋ​ជឿ​ថា ជា​រូង​ស័ក្តិសិទ្ធិ ។ អ្នកខ្លះ​នាំ​គ្នា​ទម្លាក់​ប្រាក់​រៀល​ចូល​ទៅ​ក្នុង​រូង​នោះ បន់ស្រន់​សុំ​សេចក្តីសុខ នៅ​ពេល​ដែល​លុយ​នៅ​ក្នុង​នោះ​បាន​ច្រើន​បន្តិច ទើប​ខាង​គណៈកម្មការ​វត្ត​ឲ្យ​មនុស្ស​ចុះ​ទៅ​ប្រមូល​យក​មក​ម្តង ។

លោកពូ​បន្ត​ទៀត​ថា គាត់​គ្រាន់តែ​ធ្លាប់​ដឹង​ថា នៅ​លើ​កំពូលភ្នំ​ស​ន្ទុ​ក​នេះ កាលពី​សម័យ​រំដោះ ក្នុង​ឆ្នាំ​១៩៧៩ ពួក​ទាហាន​យួន​បាន​មក​ឈរជើង​រស់នៅ​លើ​ភ្នំ​នេះ ។ ចៃដន្យ​មាន​ថ្ងៃមួយ​មាន​ពស់​ដ៏​ធំ​មួយ​ក្បាល​លូន​មក​បង្ហាញខ្លួន​នៅ​លើ​កំពូលភ្នំ​នេះ ហើយ​ក៏​ត្រូវ​ពួក​ទាហាន​យួន​នាំ​គ្នា​បាញ់​សម្លាប់​ពស់​នោះ រួច​ហើយ​កាប់​យក​សាច់​មក​ធ្វើ​ម្ហូប​ចែក​គ្នា​ស៊ី ។

គាត់​រៀបរាប់​ទៀត​ថា ក្រោយ​ពី​បាន​ស៊ីសាច់​ពស់​នោះ​ហើយ មិនយូរ​ប៉ុន្មាន ទាហាន​យួន​ទាំងនោះ​ក៏​បាន​ឈឺ​ស្លាប់​ជា​បន្តបន្ទាប់ ហើយ​ពួក​គេ​ក៏​បាន​យក​សព​ទៅ​កប់​នៅ​ខាងលិច​ជើងភ្នំ​ស​ន្ទុ​ក ហើយ​រឿង​នេះ​ត្រូវ​បាន​លាក់​ការណ៍​សម្ងាត់ មិន​ឱ្យ​និយាយ​មិន​ឲ្យ​ឮ​ខ្ចរខ្ចាយ​នោះ​ឡើយ គឺ​លាក់​ជិតឈឹង ។

លុះ​ក្រោយមក នៅ​ពេល​ថ្មី​កន្លង​មកនេះ ឆ្អឹង​ទាហាន​វៀតណាម​ដែល​ស្លាប់​ដោយសារ​ស៊ីសាច់​ពស់​នោះ ត្រូវ​បាន​ពួក​គេ​មក​ធ្វើការ​ស្រាវជ្រាវ និង​គាស់​យក​ធាតុ​ទៅ​ស្រុក​វិញ​អស់​ទៅ ហើយ​លោក​មិនដឹង​ថា រូងភ្នំ​នៅ​លើ​ភ្នំ​ស​ន្ទុ​ក​នេះ​ត្រូវ​គេ​បិត​នៅ​ជំនាន់​ពួក​វៀតណាម​នៅ​លើ​នោះ ឬ​ក៏​តាំងពី​ពេល​ណា​នោះ​ទេ ។ ជា​រឿង​អាថ៌​កំបាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ