រាជធានីភ្នំពេញ ៖ បុរសដែលគេស្គាល់ថា ជាប៉ូលិសជាន់ខ្ពស់មួយរូប ខណៈស្រវឹងស្រាបានបើករថយន្តរបស់អង្គភាពជ្រុលទៅបុកនឹងក្បាលនាគពុះចែកផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតរថយន្ត និងធ្វើឲ្យអ្នកបើកបររងរបួសផងដែរ ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៨ ទុលមុខនឹងក្រសួងមហាផ្ទៃ ផ្លូវព្រះនរោតម្ត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ ដែលស្គាល់ថា ជាប៉ូលិសជាន់ខ្ពស់មួយសូមមិនបញ្ចេញឈ្មោះ និងអង្គភាពមិនដឹងថា ចេញពី ផឹកស៊ីវិញនៅកន្លែងណានោះ គឺបានបើករថយន្តស៊ីរ៉ែនម៉ាក HILUX VIGO ពណ៌ស របស់អង្គភាពបានធ្វើដំណើរតាមផ្លូវព្រះនរោត្តមក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុដោយសារតែអ្នកបើកបរស្រវឹងផងនោះទើបបណ្ដាលឲ្យរថយន្តរេចង្កូតជ្រុលទៅបុកនឹងក្បាលនាគពុះចែកផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតវៀចទ្រង់ទ្រាយដើមអស់ចំនួន១កង់ ព្រមទាំងធ្វើឲ្យរថយន្តរងការខូចខាតខ្ទេចផ្នែកខាងមុខជាប់និងទ្រូងផ្លូវ ហើយភ្លាមៗនោះដែរ អ្នកបើកបររថយន្តរងរបួសតិចតួចត្រូវបានកូនចៅបើករថយន្តមួយគ្រឿងទៀតមកកន្លែងកើតហេតុ រួចហើយបានមកដោះយកស្លាកលេខរថយន្តចេញ ហើយក៏ដឹកយកអ្នករបួសទៅព្យាបាលរបួសនៅមន្ទីរពេទ្យបាត់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានមានការលាក់លាមមិនឲ្យអ្នកព័ត៌មានថត និងផ្សព្វផ្សាយរឿងនេះ រួចហើយក៏បានឲ្យរថយន្តស្ទូចមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិ យាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញបាត់ទៅ ៕
ចែករំលែកព័តមាននេះ