ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណាចក្រ​មណ្ឌលគិរី​ក្រាល​ទៅ​ដោយ​ភ្នំ ម្ចាស់​ស្រុក​អត់​ដឹង​មាន​ភ្នំ​ប៉ុន្មាន? (មានវីដេអូ)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​៖ ខេត្តមណ្ឌលគិរី​គឺជា​ឈ្មោះ​ខេត្ត​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ នៃ​សង្គមរាស្ត្រនិយម​ដោយ​យកឈ្មោះ​ស្រប​ទៅ​នឹង​ស្ថានភាព​ភូមិសាស្ត្រ​ជាក់ស្តែង ដ្បិត​នៅ​ទឹកដី​ឦសាន​មួយ​នេះ​មាន​ភ្នំ​ច្រើន​ឥត​គណនា មាន​ធំ​មាន​តូច​ពាសពេញ​ផ្ទៃ​ខេត្ត និង​ពាសពេញ​ទៅ​ព្រៃឈើ ។ ភ្នំ​មួយ​ចំនួន​ត្រូវ​គេ​អភិវឌ្ឍន៍​ទៅ​ជា រមណីយដ្ឋាន​ឬ​ផ្ទះសំណាក់​ជាដើម…

ខេត្តមណ្ឌលគិរី​៖ ខេត្តមណ្ឌលគិរី​គឺជា​ឈ្មោះ​ខេត្ត​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ នៃ​សង្គមរាស្ត្រនិយម​ដោយ​យកឈ្មោះ​ស្រប​ទៅ​នឹង​ស្ថានភាព​ភូមិសាស្ត្រ​ជាក់ស្តែង ដ្បិត​នៅ​ទឹកដី​ឦសាន​មួយ​នេះ​មាន​ភ្នំ​ច្រើន​ឥត​គណនា មាន​ធំ​មាន​តូច​ពាសពេញ​ផ្ទៃ​ខេត្ត និង​ពាសពេញ​ទៅ​ព្រៃឈើ ។ ភ្នំ​មួយ​ចំនួន​ត្រូវ​គេ​អភិវឌ្ឍន៍​ទៅ​ជា រមណីយដ្ឋាន​ឬ​ផ្ទះសំណាក់​ជាដើម ។

សូម​បញ្ជាក់​ថា ខេត្តមណ្ឌលគិរី​ជា​ខេត្ត​មួយ​ដែល​សិ្ថ​ត​នៅ​ភូមិភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា ដែល​មាន​ព្រំ​ប្រទល់​ខាងកើត​ជាប់​នឹង​ប្រទេស វៀតណាម ខាងជើង​ជាប់​នឹង​ខេត្តរតនគិរី ខាងជើង​ឈាង​ខាងលិច​ជាប់​នឹង​ខេត្តស្ទឹងត្រែង ខាងលិច​ជាប់​នឹង​ខេត្តក្រចេះ ហើយ​មាន​ចម្ងាយ​៣៨០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៨ លេខ​៧ និង​៧៦ ដោយ​ឆ្លងកាត់​តាម​ខេត្តកណ្ដាល ព្រៃវែង ត្បូងឃ្មុំ កំពង់ចាម និង​ខេត្តក្រចេះ ។ ផ្លូវ​ដែល​អាច​ធ្វើ​ដំណើរ ទៅ​ដល់​ខេត្តមណ្ឌលគិរី​បាន​មាន​ផ្លូវគោក និង​ផ្លូវ​អាកាស ។ បើ​យើង​ធ្វើ​ដំណើរ​តាម​ផ្លូវគោក យើង​នឹង​ឃើញ​ថា​កំណាត់​ផ្លូវ​ពី​ភ្នំពេញ​ទៅ​មណ្ឌលគិរី ជា​ផ្លូវ​កៅស៊ូ​ដែល​ផ្តល់​នូវ​លក្ខ​ណះ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ។

ខេត្ត​នេះ​មាន​អាកាសធាតុ​ខុស​ពី​ខេត្ត​ផ្សេង​ៗ​ទៀត​នៅ​កម្ពុជា ដោយនៅ​ក្នុង​រដូវក្តៅ សីតុណ្ហភាព​ចាប់ពី​២៧°C ទៅ​៣១°C ដែល​អាច​ចុះ​ត្រជាក់​នៅ​ពេល​យប់ ។ ខេត្តមណ្ឌលគិរី​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ធំ​មួយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​តំបន់​ទេសចរណ៍ធម្មជាតិ​ជា​ច្រើន​ដូច​ជា ទឹកជ្រោះ​ប្រកបដោយ​ហ្វូង​មច្ឆា ជា​ច្រើន​ប្រភេទ ព្រមទាំង​រុក្ខជាតិ សត្វព្រៃ និង​ភ្នំ​តូច​-​ធំ​ជា​ច្រើន ។

ខេត្តមណ្ឌលគិរី​មាន​ផៃ្ទ​ដី​សរុប​ទាំងអស់ ១៤.២៨៨​គីឡូ​ម៉ែត្រការ៉េ​ពោល​គឺ​មាន​ផ្ទៃដី​ធំ​ជាងគេ​នៅ​ប្រទេស​កម្ពុជា ចែក​ជា​៤​ស្រុក​-​ក្រុង​១ ជា​តំបន់​ភ្នំ​ដែល​ប្រជាពលរដ្ឋ​ភាគច្រើន ជា​ជនជាតិ​ដើម​ភាគតិច ។

ខេត្ត​ដែល​ពោរពេញ​ទៅ​ដោយ​ភ្នំ​បែប​នេះ​កោះសន្តិភាព​បាន​ព្យាយាម​សាកសួរ​ទៅ​រដ្ឋបាល​ខេត្ត មន្ទីរ​ពាក់​ព័ន្ធ​នឹង​អភិបាលក្រុង​ស្រុក​ទាំង​៥​ក្នុង​ខេត្ត ពី​ចំនួន​ភ្នំ​ដែល​មាននៅ​ក្នុង​ខេត្តមណ្ឌលគិរី ប៉ុន្តែ​មិន​មាន​ប្រភព​ព័ត៌មាន​ណាមួយ​អាច​ផ្តល់​ជា​ផ្លូវការ​បាន​នោះ​ទេ គឺ​ម្ចាស់​ស្រុក​អត់​ដឹង​ថា ភ្នំ​ដែល​អស់លោក​គ្រប់គ្រង​មាន​ប៉ុន្មាន​ផង គឺ​ចប់​តែ​ម្រ៉​ង ។ ដូច្នេះ​ការ​រៀបរាប់​ឈ្មោះ​ភ្នំ​នឹង​ចំនួន​ភ្នំ​ខាងក្រោម គ្រាន់​ជា​ព័ត៌មាន​តូច​មួយ​ដែល​យើង​ព្យាយាម​ប្រមូល​បាន​ពី​អ្នក​ភូមិ​ប៉ុណ្ណោះ ។

ទីរួមខេត្ត​មានឈ្មោះ​ថា ក្រុង​សែន​មនោ​រម្យ គឺជា​ក្រុង​មួយ​ស្ទើរ​គ្មាន​ដី​រាបស្មើរ​នោះ​ទេ សូ​ម្បី​អគារ​រដ្ឋបាល ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​សាងសង់​ខ្លះ​ខ្ពស់ ខ្លះ​ទាប ខ្លះ​ចំតិត​នៅ​តាម​ជម្រាលភ្នំ និង​លើ​ភ្នំ​តែ​ម្តង ។ ភ្នំ​ដែល​មានឈ្មោះ​ល្បី​ជាងគេ​នៅ​ក្រុង​សែន​មនោ​រម្យ គឺ​ភ្នំ​ដោះ​ក្រមុំ ដែល​ជា​បូជនីយដ្ឋាន​សម្រាប់​អ្នកស្រុក​និង​ភ្ញៀវ​ទេសចរ​ទៅ​គោរព​បូជា​បែរបន់​តាម​ជំនឿ ។

ចំណែក​ចំនួន​ភ្នំ​ស្ថិត​នៅ​ក្រុង​សែន​មនោ​រម្យ​ដែល​កោះសន្តិភាព​ទទួល​បាន​ក្រៅផ្លូវការ​មានឈ្មោះ ១-​ភ្នំ​សមុទ្រ​ឈើ ។ ២-​ភ្នំ​យាយ​អាត ។ ៣-​ភ្នំ​បង​ប្រយុទ្ធ ។ ៤-​ភ្នំ​សម្រាម ។ ៥-​ភ្នំ​ហ៊ុន​តូ ។ ៦-​ភ្នំ​ពូ​តាំង ។ ៧-​ភ្នំ​វ៉ៃ​ថ្ម ។ ៨-​ភ្នំ​បាយ​ឆៅ ។ ៩-​ភ្នំ​ដំណាក់​ស្តេច (​ឈ្មោះ​ភ្នំ​ខ្លះ​ត្រូវ​បាន​គេ​ហៅ​តាម​ម្ចាស់​ដី​ដែល​ទិញ​ភ្នំ​ទាំងនោះ​ជា​កម្មសិទ្ធិ​) ។​ល​។

ចំណែក​នៅ​ស្រុក​កែវ​សីមា​ដែល​មាន​ដែនជម្រកសត្វព្រៃ​ជាង​៣០​ម៉ឺន​ហិ​កតា គឺជា​ស្រុក​ដែល​មាន​ភ្នំ​មើល​ដាច់​កន្ទុយភ្នែក មាន​ជួរ​ភ្នំ​តូច​-​ធំ​វែង​អន្លាយ គ្មាន​ឃើញ​វាលទំនាប​ទេ ។ លោក នួន សា​រ៉​ន អភិបាលស្រុក​ប្រាប់​យ៉ាង​ខ្លី​ថា​«​តាម​ខ្ញុំ​ដឹង​មាន​ភ្នំ​កែវ​សីមា​ស្ថិត​ក្នុងភូមិ​ស្រែ​អំពិល ឃុំ​ស្រែ​ខ្ទុ​ម ដែល​ជាទី​កន្លែង​គោរព​បូជា​របស់​ប្រជាពលរដ្ឋ​ពិសេស​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ជា​យូរយារ​មក​ហើយ ។ ម្យ៉ាងវិញទៀត​មាន​ភ្នំ​ជា​ច្រើន​ទៀត ពេញ​ទឹកដី​គ្មាន​អ្នក​ណា​ស្គាល់​អស់​ទេ ។ ចំពោះ​អាជ្ញាធរ​ម្ចាស់​ទឹកដី​ខេត្ត​-​ស្រុក កុំ​សង្ឃឹមថា ស្រាវជ្រាវ​ឬ​ស្គាល់ ។

ស្រុក​អូរ​រាំង​ដែល​ជា​ស្រុក​ប្រជុំ​ទៅ​ដោយ​ភ្នំ​រាប់រយ ត្រូវ​បាន​លោក ន​ង ទុ​ណ្ណា​រី អភិបាលស្រុក​ប្រាប់​យ៉ាង​ខ្លី​ថា «​អធ្យាស្រ័យ​ដោយ​ខ្ញុំ​រវល់​មិន​ទាន់​អាច​តប​ទាន់​ពេល ដែល​ចង់បាន​ទេ​» ។ បើ​តាម​កោះសន្តិភាព​ទទួល​បាន​ព័ត៌មាន​ដ៏​តិចតួច​ពី​អ្នក​ភូមិ ស្រុក​អូរ​រាំង​មានឈ្មោះ​ភ្នំ​ល្បី​ៗ​ផង​ដែរ​គឺ ១-​ភ្នំ​អណ្តូង​ស្នេហ៍ ។ ដែល​កំពុង​ល្បី​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ ២-​ភ្នំ​ដាក់​ដាំ ។ ៣-​ភ្នំ​អូរ​ងើយ ។ ៤-​ភ្នំ​ពូ​ឡា ។ ៥-​ភ្នំ​ស្រឡៅ ។ ៦-​ភ្នំ​សេវា ព្រមទាំង​ភ្នំ​ដែល​មាន​កំពូល​ជាប់​គ្នា​រដឹក​ស្ទើរ​ដូច​ក្បាល​ឈើគូស ។ បើ​អាជ្ញាធរ​គ្មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​ទេ ក៏​មិន​អាច​ដឹង​ពី​ចំនួន​ភ្នំ​បាន​ដែរ សុទ្ធតែ​ភ្នំ​ជាប់​ៗ​គ្នា ។

ស្រុក​ពេ​ជ្រា​ដា ដែល​មាន​ទឹកជ្រោះ​ប៊ូ​ស្រា​ដ៏​ល្បីល្បាញ​ទូ​ទាំង​ប្រទេស ក៏​មាន​ភ្នំ​ច្រើន​មិន​អាច​ស្គាល់​អស់​ដូច​គ្នា ហើយ​លោក មើល សឿ​ន អភិបាលស្រុក​នេះ​ផ្ទាល់​ក៏​មិន​បាន​ផ្តល់​ព័ត៌មាន​ដល់​កោះសន្តិភាព​ដែរ តែ​យើង​បាន​សាកសួរ​ទៅ​ប្រជា​សហគមន៍​ក៏​បានដឹង​ឈ្មោះ​ខ្លះ​ៗ ដូច​ជា ១-​ភ្នំ​ណាំ​លៀរ ។ ២-​ភ្នំ​លុ​ប្រាណ ។ ៣-​ភ្នំ​យាយ ។​ល​។ ចំណែក​មន្ត្រី​ដែល​ធ្វើ​រដ្ឋអំណាច​ដេក​ជុះ​ស៊ី​លើ​ភ្នំ តែ​អត់​ដឹង​ថា​អាណាចក្រ​ខ្លួនឯង មាន​ភ្នំ​ប៉ុន្មាន​សោះ​ម្ចាស់​ថ្លៃ ។

ស្រុក​កោះ​ញែក​ដែល​ជា​ស្រុក​មួយ​គត់​ក្នុង​ខេត្តមណ្ឌលគិរី មាន​ផ្ទៃដី​សម្រាប់​ធ្វើ​កសិកម្ម​ដំណាំ​ស្រូវ​ធំ​ជាងគេ ហើយ​សម្បូ​ព្រៃឈើ និង​គិរី​បុព្វ​តា​នោះ ត្រូវ​បាន​លោក ស៊ិ​ន វណ្ណ​វុ​ឌ្ឍ​ន៍ ជា​អភិបាលស្រុក​ប្រាប់​ខ្លី​ថា​«​ខ្ញុំ​ទើប​មក​កាន់​ការងារ​…​ក្តាប់​មិន​បាន​…​ហើយ​ក៏​មិន​ទាន់​ស្គាល់ និង​ដឹង​នៅឡើយ​ទេ​» ។ បើ​តាម​កោះសន្តិភាព​ដឹង​ឈ្មោះ​ភ្នំ​មួយ ក្នុង​ចំណោម​ភ្នំ​រាប់រយ​នៅ​ស្រុក​កោះ​ញែក គឺ​ភ្នំ​ក្រោល​ដែល​មាន​ប្រវត្តិ​យូរលង់ ជាមួយ​ជនជាតិ​ដើម​ភាគតិច និង​ជាទី​កន្លែង​សម្រាប់​ប្រារព្ធ​ពិធី បែប​ប្រពៃណី​របស់​ជនជាតិ​ដើម​ផង​ដែរ ។

ការ​រៀបរាប់​ខាងលើ​គ្រាន់តែ​ជា​ព័ត៌មាន​មួយ​ជ្រុង​តូច​បំផុត​ដែល​កោះសន្តិភាព​ទទួល​បាន​ពី​មហាជន ខណៈ​ការ​ពិត​ជាក់ស្តែង​ចំនួន​ភ្នំ​នៅ​ខេត្តមណ្ឌលគិរី មាន​ច្រើន​ខ្លាំង​ណាស់ ខ្លះ​ថា​រាប់​ពាន់​ភ្នំ​រហូត​ដល់​រដ្ឋបាល​ខេត្ត​និង​មូលដ្ឋាន​ក៏​មិន​អាច​កំណត់​ពី​ចំនួន​ច្បាស់លាស់​ដែរ គឺ​គ្មាន​ការ​កត់ត្រា ស្រាវជ្រាវ ទុកជា​ឯកសារ​ទេ​…​ស្រួលខ្លួន​ណាស់ ។

មណ្ឌលគិរី​ជា​ខេត្ត​ដែល​ពេញ​ទៅ​ដោយ​គិរី​បុព្វ​តា ។ រដ្ឋអំណាច​ខេត្ត គ្មាន​ដី​ទំនាប​គ្រប់គ្រង​ទេ បើ​មាន​គឺ​ចំនួន​តិច​ណាស់ ព្រោះ​ជា​ខេត្ត​ពេញ​ទៅ​ដោយ​ភ្នំ ។ ទីណា​ក៏​មាន​ភ្នំ​តូច​-​ធំ ជួរ​ភ្នំ​វែង​អន្លាយ ជ្រោះ​ជ្រង​ជ្រលង​​ដងអូរ ។​ល​។ ទឹកដី​អាណាចក្រ​ខេត្ត មាន​សុទ្ធតែ​ភ្នំ​បែប​នេះ សម​ណាស់​អ្នកដឹកនាំ​គ្រប់គ្រង​ខេត្ត គួរ​ស្គាល់​អស់​ចំនួន​ភ្នំ គួរ​ធ្វើ​ស្ថិតិ សិក្សា​ស្រាវជ្រាវ អភិរក្ស​ហើយ ប៉ុន្តែ​បើ​សួរ​ពី​ភ្នំ គឺ​សូន្យ​តា​ផ្លា​ក​តែ​ម្តង ដូច​គោ​ស្រាំងទិច​គួរ​ឱ្យ​ខ្មាស់​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ