រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យកម្រិតស្រាលសហការជាមួយ និងកម្លាំងនគរបាលការិយាល័យកម្រិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងនគរបាលខណ្ឌចំការមន និងកម្លាំងនគនរបាលស្រុកអូរាំងឪបានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យជាចោរឆក់ចំនួន២នាក់ ដែលធ្វើសកម្មភាពឆក់កាបូប ហើយធាក់ម៉ូតូរបស់ជនរងគ្រោះផ្តួល បណ្តាលឱ្យបុរសជាប្តីបោកក្បាលស្លាប់បាត់បង់ជីវិតចោលប្រពន្ធ និងកូន ហេតុការណ៍នេះកើតកាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ២៩៤ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
កន្លងមកនេះ និងឈានទៅដល់ការចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់អស់ហើយ នៅថ្ងៃទី០៩ ខែ វិឆ្ឆិកា ឆ្នាំ២០១៨នេះ ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលកម្លាំងមានសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ទាំង២នាក់នេះ មានទី១-ឈ្មោះ ខៀវ ផល្លា ហៅអាខ្លា ភេទប្រុស អាយុ២១ឆ្នាំ ឃាត់ខ្លួនបាននៅត្រង់ចំណុចវត្តថ្មី ឃុំប្រធាតុ ស្រុកអររាំងឪ ខេត្តត្បូងឃ្មុំ ដោយឃាត់ខ្លួនបាន កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ និងជនសង្ស័យទី២-ឈ្មោះ ម៉ឹង ប៊ុនវាសនា ហៅអាបូ ភេទប្រុស អាយុ២១ឆ្នាំ (ជាជនដៃដល់) ឃាត់ខ្លួនបាននៅវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងទីក្រុងកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
មុនពេលកើតហេតុកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងមកនេះ ។ តាមប្រភពដដែលបានប្រាប់បន្តទៀតថា មុនពេលកើតហេតុក្រុមជនសង្ស័យទាំង ២នាក់បានជិះម៉ូតូម៉ាក Beat ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ ១HD-១៦៦២ មួយគ្រឿងរួមទាំងបក្សពួកចំនួន២នាក់ទៀត (សរុប៤នាក់) ជិះម៉ូតូមិនស្គាល់ម៉ាកមួយគ្រឿងទៀត ។ បន្ទាប់មកបាននាំគ្នាទៅធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ២នាក់ ប្តីប្រពន្ធដែលកំពុងតែជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១BF-៤៨៥៩ មួយគ្រឿង នៅតាមផ្លូវដោយក្នុងកាបូបនោះមានលុយប្រមាណជា៣០០ដុល្លារ ។ ភ្លាមនោះទាំង២នាក់ប្តីប្រពន្ធក៏បាននាំគ្នាជិះម៉ូតូដេញតាមពីក្រោយ លុះទៅដល់ចំណុចខាងលើក្រុមជនសង្ស័យជាអ្នកបើកបិទគូទចំនួន២នាក់ ជិះម៉ូតូមកក្បែរម៉ូតូរបស់ជនរងគ្រោះ និងធាក់ផ្តួលបណ្តាលឱ្យដួលបុរសជាប្តីមានឈ្មោះ ចយ អាង អាយុ៣៦ឆ្នាំទៅបោកក្បាលជាមួយនឹងផើងផ្កាស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម៌ភ្លាមៗ ចំណែកឯស្ត្រីជាប្រពន្ធរងរបួសស្រាល ។
គួរបញ្ជាក់ថា ក្រុមជនសង្ស័យទាំង២នាក់ដែលកម្លាំងមានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួននេះ ពួកគេ គឺសុទ្ធសឹងជាមុខសញ្ញាចាស់ និងមនុស្សប្រើប្រាស់គ្រឿងញៀន ហើយពួកគេក៏ទើបតែចេញពីពន្ធនាគារថ្មីៗនេះក៏បានបង្កឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតចោលប្រពន្ធ និងកូន២នាក់អោយនៅកំព្រាថែមទៀតនេះ ។
ក្រោយពីក្រុមជនសង្ស័យទាំង៤នាក់ជិះម៉ូតូចំនួន២គ្រឿងនាំគ្នាធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រីជាប្រពន្ធ និងធាក់ម៉ូតូផ្តួលបណ្តាលឲ្យបុរសជាប្តីបោកក្បាលស្លាប់បាត់បង់ជីវិតនោះ ពួកគេក៏បាននាំគ្នាគេចខ្លួនបាត់ស្រមោលអស់លុះរហូតមកដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។ ទើបកម្លាំងមានសមត្ថកិច្ចធ្វើការសហការជាមួយគ្នា និងឈានទៅដល់ការចាប់ឃាត់ខ្លួនបានក្រុមជនសង្ស័យចំនួន២នាក់ខាងលើ និងកំពុងតែធ្វើការស្រាវជ្រាវរកចាប់ខ្លួនបក្សពួកក្រុមជនសង្ស័យចំនួន២នាក់ទៀត ដែលនៅសេសសល់យកមកធ្វើការផ្តន្ទាទោសទៅតាមច្បាប់ជាបន្តទៅទៀតផងដែរ ៕
ចែករំលែកព័តមាននេះ